ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ណាហ្គាវើល បានបរាជ័យទាំងស្រុង ក្នុងការប្រើប្រាស់ទម្រង់លេង ដើម្បីកាត់ផ្តាច់ចំណុចគ្រោះថ្នាក់របស់ក្រុម Tampines Rovers បន្ទាប់ពីក្រុមម្ចាស់ផ្ទះមួយនេះ បានចាញ់ក្រុមភ្ញៀវមកពីសិង្ហបុរី រហូតដល់ ៥-១ ក្នុងការប្រកួតពានរង្វាន់ AFC Cup 2019 នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ នេះ។

​ការរកបានគ្រាប់បាល់នាំមុខរបស់ក្រុម ណាហ្គាវើល ដែលរកបានដោយកីឡាករខ្មែរ-បាររាំង គួច ដានី នៅនាទីទី២៤ បានធ្វើឲ្យអ្នកគាំទ្រមានការរីករាយ ហើយបានគិតថា ចង្វាក់លេងកាត់ផ្តាច់ចំណុចខ្លាំងនៅតំបន់បម្រើប្រយុទ្ធ និងតំបន់ប្រយុទ្ធរបស់ក្រុម Tampines Rovers ពីសំណាក់គ្រូបង្វឹក មាស ចាន់ណា អាចកាន់តែមានប្រសិទ្ធភាព សម្រាប់ការប្រកួតនៅនាទីជាបន្តបន្ទាប់ទៀត។

ប៉ុន្តែការធ្វេសប្រហែសរបស់អ្នកចាំទី ស៊ូ យ៉ាទី និងខ្សែការពារ ញឹម សុវណ្ណារ៉ា ដែលសុទ្ធតែមានភាពស្ទាក់ស្ទើរ ក្នុងការស្ទុះទៅសង្គ្រោះបាល់ ដែលលើកចូលដោយខ្សែប្រយុទ្ធកាណាដា ពាក់លេខ១០ Jordan Webb នោះ គឺបានធ្វើឲ្យបាល់នោះ ធ្លាក់នៅពីមុខរបស់អ្នកទាំង២ នឹងបានលោតចូលទីយ៉ាងស្រួល នៅនាទីទី៤៤។ ការតាមស្មើ ១-១ នៅក្នុងតង់ទី១នេះ បានធ្វើឲ្យក្រុម Tampines Rovers មានទឹកចិត្តប្រកួតកាន់តែខ្លាំង ក្នុងការដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ ណាហ្គាវើល ហើយនៅនាទីទីកីឡាករពាក់លេខ២៣ បានឃើញរកបានគ្រាប់បាល់ទី២ឲ្យក្រុម Tampines Rovers នៅនាទីទី៥៧ មុនពេលខ្សែប្រយុទ្ធឆ្នើម Jordan Webb បានរកឃើញគ្រាប់បាល់ទី២របស់គេ នៅនាទីទី៦៦។

ជាមួយការនាំមុខ ៣-១ នេះ ត្រូវបានគេគិតថា អាចនឹងក្លាយជាលទ្ធផលផ្លូវការ សម្រាប់ការប្រកួតរបស់ក្រុមទាំង២ ខណៈការប្រកួត បានឈានដល់ការបន្ថែមនាទីត្រឹម៤នាទីចុងក្រោយនោះ ប៉ុន្តែរឿងដ៏គួរឲ្យខកចិត្តបំផុតនោះ គឺនៅក្នុងរយៈពេល៤នាទីនេះ Tampines Rovers អាចរកបាន២គ្រាប់បន្ថែមទៀត ដែលរកបានដោយកីឡាករពាក់លេខ៦ Delimedjac នៅនាទីទី ៩០+១ និងខ្សែប្រយុទ្ធជប៉ុនពាក់លេខ៩ Ryutaro Megumi នៅនាទីទី៩០+៣។

ការចាញ់ក្រុម Tampines Rovers ៥-១ នៅក្នុងទឹកដីខ្លួនឯង បន្ថែមទៅលើការយកឈ្នះក្រុម Yangon United ២-១ និងការចាញ់ក្រុម Hanoi FC របស់វៀតណាម រហូតដល់ ១០-០ នោះ អាចបង្ហាញបានថា ណាហ្គាវើល ប្រហែលជាគេចមិនអាចឆ្លងផុតពីការប្រកួតជម្រុះក្នុងពូលនេះទេ បើទោះបីជាពួកគេ នៅសល់ការប្រកួតជុំទី២ ដែលស្មើនឹង៣ប្រកួតទៀតក៏ដោយ៕