សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដោយមានការជ្រោមជ្រែងពីលោក ថោង ខុន ជាប្រធាន និងលោក Tang Gordon ជាអនុប្រធានទី១ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)នោះ បានឈានដល់ការបញ្ជូនអត្តពលិកវ័យក្មេង១៩ឆ្នាំ វៃ ភ័ត្ត្រា ទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលជាង៨ខែ ដើម្បីត្រៀមការប្រកួតប្រជែងស្វែងរកមេដាយស៊ីហ្គេម នៅប្រទេសហ្វីលីពីន ដែលធ្វើពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករ វៃ ភ័ត្ត្រា បានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃអង្គារ ជាមួយលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោក Wang Meng ដែលជាអ្នកសម្របសម្រួល និងជាទីប្រឹក្សាផ្ទាល់របស់លោក Tang Gordon ហើយ វៃ ភ័ត្ត្រា ត្រូវហ្វឹកហាត់ជាមួយអ្នកកីឡាកាយសម្ព័ន្ធខ្លាំង នៅខេត្តគងទុង នៃប្រទេសចិន។

លោក ណយ ផាណា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា អស់រយៈពេល២ឆ្នាំមកហើយ ដែលយើងបានទំនាក់ទំណងទៅខេត្តគងទុង តាមរយៈលោក Wang Meng ដែលជាអ្នកសម្របសម្រួល ហើយ វៃ ភ័ត្ត្រា នឹងត្រូវហ្វឹកហាត់ជាមួយនឹងបណ្តុំអ្នកកីឡាខ្លាំង នៅខេត្តគងទុង។

លោក ផាណា បានបន្តថា៖ «ខ្ញុំជឿថា ការហាត់នៅទីនោះ នឹងធ្វើឲ្យ វៃ ភ័ត្ត្រា កើនទៅលើបច្ចេកទេស ព្រោះនៅទីនោះ គ្មានការរំខាន គឺដឹងតែពីដឹក និងហាត់ ក្រោមការបង្ហាត់បង្ហាញពីគ្រូជំនាញខ្លាំងៗនៅទីនោះ»។ នៅក្រោយការបញ្ចប់ការហ្វឹកហាត់ នៅខេត្តគងទុង វៃ ភ័ត្ត្រា អាចនឹងបន្តដំណើរទៅប្រកួតស៊ីហ្គេម នៅហ្វីលីពីន តែម្តង។

នៅពេលពីសួរទំនុកចិត្ត ក្នុងការប្រជែងរកមេដាយ ស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះ លោក ណយ ផាណា បានឆ្លើយតបថា៖«ទោះបីជាការប្រជែងរកមេដាយ យើងមានការពិបាក ប៉ុន្តែក្តីរំពឹងរបស់យើង គឺចង់ឆ្លងផុតការប្រកួតជម្រុះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម លើកនេះ ហើយខ្ញុំជឿថា ការចេញទៅហ្វឹកហាត់រយៈពេលជាង៨ខែនេះ វៃ ភ័ត្រ្តា នឹងមានការកើនទៅលើបច្ចេកទេស»៕