ខ្សែប្រយុទ្ធ កែវ សុខផេង និងសិស្សប្អូនរបស់គេចំនួន៥នាក់ទៀត ដែលបានសម្រេចចាក់ចេញពីក្លិបភ្នំពេញក្រោន ដើម្បីមករួមរស់ជាមួយក្លិបវិសាខានោះ នឹងត្រូវវិលទៅប្រកួតប្រជែងជាមួយអតីតមិត្តរួមក្លិបរបស់គេ ខណៈវិសាខា និងភ្នំពេញក្រោន ត្រូវប្រជែងគ្នាយក៣ពិន្ទុ ក្នុងលីកកំពូលកម្ពុជា នៅកីឡដ្ឋាន RSN នាល្ងាចថ្ងៃអាទិត្យនោះ។

ខ្សែប្រយុទ្ធ កែវ សុខផេង អាចនឹងពិបាកក្នុងការសម្របខ្លួនទៅនឹងស្ថានភាពមួយនេះ ផងដែរ ព្រោះរូបគេ មិនត្រឹមតែត្រូវប្រឈមជាមួយអតីតមិត្តក្រុមនៅភ្នំពេញក្រោន ប៉ុណ្ណោះទេ ប៉ុន្តែ សុខផេង ក៏ត្រូវប្រឈមមុនជាមួយបងប្រុសបង្កើតរបស់គេ គឺ កែវ សុខង៉ន ដែលត្រូវបានតែងតាំងឲ្យធ្វើជាអ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន នៅរដូវកាលឆ្នាំ២០១០៩នេះផងដែរ។

ចំណែកកីឡាករ ស៊ិន កក្កដា, អ៊ិន សូដាវីត, អ៊ុក សុវណ្ណ, គឹម ឆាយ៉ា និង កែន ច័ន្ទសុភ័ក្រ្ត ដែលបានសម្រេចចាកចេញពីក្រុមភ្នំពេញក្រោន ដើម្បីមករួមរស់ជាមួយក្លិបវិសាខា ទាំងក្តីក្តាំង កាលមុនបើករដូវកាលនោះ ក៏អាចនឹងពិបាកសម្រួលអារម្មណ៍ ក្នុងការជួយក្រុមវិសាខា អស់ពីចិត្ត ដើម្បីដណ្តើមយក៣ពិន្ទុជាមួយក្រុមភ្នំពេញក្រោន លើកនេះផងដែរ ព្រោះអ្នកទាំង៥នេះ គឺជាយុវជន ត្រូវបានបណ្តុះបណ្តាលទាំងការហ្វឹកហាត់បាល់ទាត់ ការរៀនសូត្រ និងការរស់នៅ ដោយភ្នំពេញក្រោន តែម្តង។

យ៉ាងណាក៏ ដោយខ្សែបម្រើប្រយុទ្ធ ស៊ិន កក្កដា ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ផងនោះ បាននិយាយថា៖«ចំពោះខ្ញុំ ការប្រកួតនេះ ពេលជួបក្រុមចាស់ គឺភ្នំពេញក្រោន ខ្ញុំនៅតែបញ្ចេញឲ្យអស់ពីសមត្ថភាព តាមគោលការណ៍របស់ក្លិបវិសាខា សំខាន់ត្រូវគោរពគោលការណ៍ Fair Play»។

ស៊ិន កក្កដា បានបន្ដថា៖« ប៉ុន្តែក្រោយបញ្ចប់ការប្រកួត ពួកខ្ញុំនៅតែស្វាគមន៍ និងរាប់អានគ្នាធម្មតា ហើយខ្ញុំនៅតែគោរព ចំពោះថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន ដូចជាលោកពូ ឬទ្ធី សំណាង ជានិច្ច ហើយការប្រកួតជាមួយក្លិបភ្នំពេញក្រោននេះ ខ្ញុំគិតថា គឺជាការប្រកួតដ៏លំបាកមួយ ដោយសារពួកគាត់រៀបចំបានល្អ ដូចយើងដែរ គឺមិនអាចធ្វេសប្រហែសបានទេ »៕