(កូឡាឡាំពួរ)៖ កីឡាករក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានរួមចំណែកជួយក្លឹប PKNS ឡើងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ ម៉ាឡេស៊ី Malaysia FA Cup 2019 ក្រោយរកបាន ១គ្រាប់ក្នុងជ័យជម្នះ ៣-២ លើក្រុម Melaka ក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញ។

ការប្រកួតដ៏សំខាន់នេះ PKNS បានបំប៉ោងសំណាញ់ក្រុមភ្ញៀវ ១គ្រាប់នៅតង់ទី១ ដោយកីឡាករ K.Gurusamy។ ចូលតង់ទី២ PKNS នៅតែរក្សាទម្រង់លេងបានយ៉ាងល្អរហូតកីឡាករឆ្នើម ចាន់ វឌ្ឍនាកា មានឱកាសស៊ុតគ្រាប់ទី២ នៅនាទី៦៥ មុនមិត្តរួមក្រុមកីឡាករ Kpah Sherman ធ្វើសម្រេចគ្រាប់ទី៣ នៅនាទី៦៧ ដែលធ្វើឲ្យពួកគេ ទទួលបានជ័យជម្នះ ៣-២ ក្រោយក្រុម Melaka វាយបកបាន ២គ្រាប់វិញនៅចុងម៉ោង។

ជាមួយនឹងគ្រាប់បាល់ធ្វើឲ្យក្រុម PKNS បន្ដដំណើរទៅវគ្គ ១/៨ ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Malaysia FA Cup 2019 នេះដែរ គឺជាគ្រាប់បាល់ទី២ របស់កីឡាករ ចាន់ វឌ្ឍនាកា ដែលរកបានក្នុងការប្រកួតផ្លូវការបន្ទាប់ពីចូលរួមជាមួយក្លឹប PKNS ដើម្បីប្រកបអាជីពជាថ្មីនៅលីគកំពូលម៉ាឡេស៊ី។ លើសពីនេះ វឌ្ឍនាកា ក៏បានទាត់បាល់បញ្ជូនឲ្យមិត្តរួមក្រុមចំនួន ៧លើកផងដែរ៕