ក្រុមចំណូលថ្មី ខេត្តកំពង់ចាម អាចនឹងទទួលបានភាពជូរចត់ជាថ្មីម្តងទៀត សម្រាប់ការធ្វើដំណើរមកប្រកួតលើកកំពូលកម្ពុជា ឆ្នាំ២០១៩ នៅភ្នំពេញ ថ្ងៃសៅរ៍នេះ ចំណែកក្រុមសាលាបាល់ទាត់ជាតិ នឹងត្រូវធ្វើការប្រកួតជាមួយក្រុម ដែលមានគោលការណ៍មិនប្រើកីឡាករបរទេសដូចគ្នា គឺអគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍នេះដែរ។

នៅក្នុងការប្រកួតលើកទី៣នេះ ក្រុមខេត្តកំពង់ចាម នឹងត្រូវប្រឈាមជាមួយក្រុមម្ចាស់ផ្ទះ មានទម្រង់លេងល្អ ក្រសួងការពារជាតិ(ទ័ព) នៅកីឡដ្ឋានស្តាតចាស់ នាល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះ ហើយក្រុមសាលាបាល់ទាត់ជាតិ ត្រូវជួបក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា នៅរសៀលម៉ោង ៣:៣០។ បើទោះបីជា ក្រុមខេត្តកំពុងចាម បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ១-០ ក្នុងការប្រកួតបើកឆាករបស់ខ្លួន ប៉ុន្តែការចាញ់ក្រុមអង្គរថាយហ្គឺរ រហូតដល់ ១១-០ ក្នុងការប្រកួតលើកទី២ ក្នុងទឹកដីខ្លួនឯង កាលពីសប្តាហ៍មុន បានបង្ហាញឲ្យឃើញថា ខេត្តកំពង់ចាម មិនអាចគេចផុតពីការចាញ់ក្រុមទ័ព នោះទេ។

បន្ថែមលើនេះ ការមាន៤ពិន្ទុស្មើគ្នាជាមួយក្រុមឈរនៅលេខ២ អង្គរថាយហ្គឺរ និងក្រុមឈរនៅលេខ៤ វិសាខា គឺច្បាស់ណាស់ថា លោក ភា សុភ័ត្ត្រា គ្រូបង្វឹកក្រុមទ័ព នឹងយកការប្រកួតជាមួយក្រុមខេត្តកំពង់ចាម លើកនេះ ដើម្បីបង្កើនការមានប្រៀបរបស់ក្រុមលោក តាមរយៈការរកគ្រាប់បាល់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ហើយជាមួយមហិច្ឆតានេះ ខេត្តកំពង់ចាម អាចនឹងទទួលបានភាពជូរចត់ សម្រាប់ការឡើងមកលេងនៅភ្នំពេញលើកនេះ។

ជាមួយគ្នានេះ ក្លិបក្រសួងការពារជា បានធ្វើការប្រកាសឲ្យអ្នកគាំទ្ររបស់ខ្លួន មកជួបជុំគ្នា នៅស្តាតចាស់ នាល្ងាចម៉ោង ៥:៣០ ថ្ងៃសុក្រនេះ ដោយបានលើកឡើងថា៖«យើងខ្ញុំសូមគោរពអញ្ជើញ បងប្អូនអ៊ុំពូមីងទាំងអស់ ដែលស្រឡាញ់ និងតែងតែគាំទ្រក្លិបក្រសួងការពារជាតិ ចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នា ដើម្បីរៀបចំបង្កើតក្រុមអ្នកគាំទ្រដ៏ស្ម័គ្រស្មោះរបស់ក្លិបដ៏អស្ចារ្យមួយក្រុម»។ ដោយឡែកការជួបគ្នារវាងក្រុមអគ្គិសនីកម្ពុជា និងក្រុមសាលាបាល់ទាត់ជាតិបាទី អាចនិយាយបានថា វាជាការប្រកួតដ៏ស័ក្តិសមមួយ ព្រោះមានតែក្រុម២នេះទេ ដែលមានគោលការណ៍មិនប្រើកីឡាករបរទេសដូចគ្នា ខណៈក្រុមចំនួន១២ទៀត សុទ្ធតែបានទិញយកកីឡាករបរទេសមកជួយក្រុម។

សម្រាប់ការប្រកួត លើកទី២ កាលពីសប្តាហ៍មុននេះ អគ្គិសនីកម្ពុជា បានបង្កើតឲ្យមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈពួកគេបានប្រើសមាជិក នៅលើទីលានត្រឹម១០នាក់ យកឈ្នះក្រុមខ្លាំង បឹងកេត ១-០ នៅចុងម៉ោងនោះ ប៉ុន្តែក្រុមអគ្គិនសីកម្ពុជា ក៏មិនប្រាកដថា អាចយកឈ្នះក្រុមសាលាបាល់ទាត់ជាតិ បាននោះដែរ។ បើទោះបីជា ក្រុមសាលាបាល់ទាត់ជាតិ បានការចាញ់ក្រុមគិរីវង់សុខសែនជ័យ ៤-១ និងចាញ់ក្រុមភ្នំពេញក្រោន ២-០ កន្លងមកនេះ ក៏ប៉ុន្តែការចាញ់នោះ ដោយសារពួកគេ ពិបាកបិទកីឡាករបរទេស ប៉ុន្តែសម្រាប់ការប្រើកីឡាករខ្មែរសុទ្ធដូចគ្នា ពេលជួបក្រុមអគ្គិសនីកម្ពុជា លើកនេះ គឺការប្រកួតអាចនឹងមានភាពស្វិតស្វាញខ្លាំង ហើយឱកាសរកជ័យជម្នះ មានដូចគ្នា៕