ក្រុមដែលដឹកនាំដោយគ្រូបង្វឹកជនជាតិប្រេស៊ីល លោក Leonrdo ភ្នំពេញក្រោន បានបង្ហាញមហិច្ឆតា ដាច់ខាត ត្រូវរកឲ្យបាន៣ពិន្ទុ សម្រាប់ការជួបក្រុមវិសាខា ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ នៅថ្ងៃអាទិត្យនេះ ប៉ុន្តែគ្រូបង្វឹកក្រុមវិសាខា ក៏ត្រៀមកម្លាំងកាត់ផ្តាច់របៀបលេងរបស់ ភ្នំពេញក្រោន ដើម្បីស្វែងលទ្ធផលល្អ ទៅតាមការចង់បានរបស់ក្លិបលោក ផងដែរ។

លោក កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន បានអះអាងថា ក្រុមរបស់លោក បានត្រៀមខ្លួនរួចរាល់ទាំងឆន្ទៈលេង ការប្រមូលអារម្មណ៍ ការហ្វឹកហាត់ជុំគ្នា និងការរៀបចំទម្រង់លេង ជាលក្ខណៈក្រុម ដើម្បីជួបក្រុមវិសាខា លើកនេះ។ អតីតកីឡាករជម្រើសជាតិកម្ពិជា កែវ សុខង៉ន បាននិយាយថា៖«សម្រាប់ខ្ញុំដាច់ខាតត្រូវការឈ្នះ៣ពិន្ទុជា ព្រោះការទទួលបាន៣ពិន្ទុ វាសំខាន់ណាស់ ក្នុងការប្រជែងជាមួយក្រុមផ្សេងៗទៀត ព្រោះយើងមើលឃើញថា ក្រុមនីមួយៗ សុទ្ធតែរៀបចំក្រុមបានល្អ អ៊ីចឹងការប្រកួតប្រជែង ដ៏មានការតានតឹង»។

យ៉ាងណាក៏ដោយ នៅពេលរំឭកពីការអវត្តមានខ្សែប្រយុទ្ធប្រេស៊ីលពាក់លេខ៩ មានមាឌធំ ខ្ពស់ Darlan Martins ដែលមានរបួសស្មា ហើយបានវិលត្រឡប់ទៅព្យាយាមរបួសនេះ នៅស្រុកកំណើតគេវិញនោះ កែវ សុខង៉ន បានសារភាពថា ការអវត្តមានរបស់ខ្សែប្រយុទ្ធនេះ ធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ក្រុមភ្នំពេញក្រោន។

កែវ សុខង៉ន បានបញ្ជាក់ថា៖«ការអវត្តមានខ្សែប្រយុទ្ធ Darlan Martins ពិតជាមានការប៉ះពាល់ខ្លាំងដល់ក្រុមរបស់យើង ព្រោះបច្ចុប្បន្ននេះ យើងខ្វះខ្សែប្រយុទ្ធ ហើយការបញ្ចប់ទីរបស់យើង ក៏នៅរាងខ្សោយទៀត ហេតុនេះលទ្ធផលប្រកួតជាក់ស្តែង យើងមិនទាន់ដឹងថា យ៉ាងម៉េចនោះទេ ព្រោះក្រុមវិសាខា អាចរៀបចំបានល្អជាងយើងក៏ថាបានដែរ ហើយរឿងចាញ់ ឈ្នះ វាគេចមិនរួចទេ អ៊ីចឹងយើងនឹងប្រឹងប្រែងធ្វើឲ្យអស់លទ្ធភាព»។

ចំណែក លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា ក៏បានចាត់ទុក ភ្នំពេញក្រោន ជាក្រុមខ្លាំងមួយផងដែរ។ លោកបាននិយាយថា៖«យើងត្រូវលេងក្រៅទឹកដី ជាលើកដំបូង ដោយត្រូវជួបក្លិបមួយ ដែលជោគជ័យក្នុងវិស័យបាល់ទាត់ ហើយក៏ជាក្លិបមួយ មានការរៀបចំបានល្អ ក្នុងរដូវកាល ឆ្នាំ២០១៩ ផងដែរ តែយើងក៏មានការផ្លាស់ប្តូរទៅតាមស្ថានភាពជាក់ស្តែងនៃគូប្រកួតរបស់យើងដែរ»។

លោកបន្ថែមថា៖ «ចំពោះរឿងរបូតគ្រាប់បាល់ គឺយើងមិនអាចកំណត់បានថា ដាច់ខាត មិនឲ្យគេទាត់ចូលនោះទេ ព្រោះបាល់ទាត់ បើយើងដាក់គោលដៅនេះមួយ វាអាចប៉ះពាល់ដល់កីឡាករ ព្រោះគាត់អាចប្រឹងប្រែងជ្រុល និងចាប់អារម្មណ៍ការការពារជ្រុល អ៊ីចឹងវាធ្វើឲ្យការប្រយុទ្ធ អាចនឹងធ្លាក់ចុះ ដូច្នេះយើងព្យាយាមនឹងកាត់ផ្ដាច់របៀបលេងរបស់គេ ហើយបើអាចយើងនឹងព្យាយាមធ្វើម៉េចឲ្យទទួលបានលទ្ធផលល្អ គឺជោគជ័យ ដើម្បីឆ្លើយតបតាមគោលដៅក្លិបចង់បាន»៕