ក្រុមព្រះខ័នរាជស្វាយរៀង នៅតែធ្វើបានល្អ ក្នុងការរក្សាកំណត់ត្រាមិនធ្លាប់ចាញ់របស់ខ្លួន ដើម្បីបន្តឈរ នៅលើកំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ហើយក្រុមក្រសួងការពារជាតិ វិសាខា ណាហ្គាវើល និងក្រុមអគ្គិសនីកម្ពុជា ក៏រកបាន៣ពិន្ទុបន្ថែមផងដែរ ប៉ុន្តែបឹងកេត បានត្រឹមចែក១ពិន្ទុជាមួយក្រុមអង្គរថាយហ្គឺរ។

សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៣ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០ ហើយការរកបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមតែ១គត់ ដែលបានឈ្នះទាំង៣ប្រកួត និងបន្តឈរនៅកំពូលតារាង ដោយមាន៩ពិន្ទុពេញ។

ជាមួយនឹងលទ្ធផលដ៏ល្អនេះដែរ លោក Conor Nestor គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបាន គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ជ្រើសជាគ្រូបង្វឹកល្អប្រចាំខែមីនា បន្ទាប់ពីលោកបានដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឲ្យឈ្នះក្រុមប៉ូលិស ២-០ និងបន្តឈ្នះក្រុមសូលទីឡូអង្គរ ១-០ នោះ។

ជាមួយនឹងការជ្រើសរើសឲ្យក្លាយជាគ្រូល្អប្រចាំខែមីនានេះ លោក Conor Nestor បានប្រាប់ CNCC ថា៖ «ខ្ញុំពិតជារីករាយមែនទែនចំពោះការផ្ដល់នូវកិត្តិយសនេះ ទោះយ៉ាងណាក៏ដោយ ខ្ញុំយល់ថា មិនមែនតែគ្រូបង្វឹកម្នាក់ឯងទេដែលជួយឲ្យឈ្នះការប្រកួត តែកីឡាករទេដែលជាអ្នកបញ្ចេញស្នាដៃ។ ដូច្នេះ សមិទ្ធផលនេះ គឺជារបស់ពួកគេ មិនមែនសម្រាប់ខ្ញុំទេ»។

ចំណែកក្រុមក្រសួងការពារជាតិ បានរកឃើញជ័យជម្នះធំ តាមរយៈការលត់ក្រុមខេត្តកំពង់ចាម រហូតដល់ ១១-០ ហើយលទ្ធផលដ៏ល្អនេះ បានជួយឲ្យពួកគេ ហក់ឡើងពីលេខ៣ មកឈរនៅលេខ២។ រីឯក្រុមវិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៣-១ តាមរយៈការប្រកួតយ៉ាងស្វិតស្វាញបំផុត ដើម្បីឡើងទៅឈរនៅលេខ៣ មាន៧ពិន្ទុ ស្មើក្រុមក្រសួងការពារជាតិ។

ជាមួយគ្នានេះ លោក មាស ចាន់ណា បានដឹកនាំក្រុមម្ចាស់ជើងឯក ណាហ្គាវើល ផ្តួលក្រុមប៉ូលិស របស់លោក ប្រាក់ សុវណ្ណារ៉ា រហូតដល់ ៦-០ ដើម្បីឡើងមកឈរនៅលេខ៤ មាន៦ពិន្ទុ ហើយក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី ២-០ ដើម្បីមាន៦ពិន្ទុ។

ដោយឡែកក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមសូលទីឡូអង្គរ ២-១ ដើម្បីទទួលបាន៣ពិន្ទុ ជាលើកដំបូង ប៉ុន្តែក្រុមបឹងកេត បានត្រឹមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ហើយការប្រកួតគូនេះ មានអ្នកទស្សនាផ្ទាល់ច្រើនជាងគេ គឺជិត៤០០០នាក់៕