នៅទីបំផុត តំបន់កំពូលតារាង នៃការប្រកួតពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 (KW Cambodia League) ត្រូវបានធ្លាក់ទៅលើក្រុម Real Phnom Penh ជាអ្នកគ្រប់គ្រងវិញម្តង បន្ទាប់ពីក្រុមធ្លាប់ឈរនៅលេខ១ Khmer United A មិនអាចដណ្តើមយក៣ពិន្ទុពីក្រុម ISI Group United នោះ។

ការជួបគ្នារវាងក្រុម Khmer United A និងក្រុម ISI Group United នៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ វាបានក្លាយជាការប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង ព្រោះក្រុមទាំង២នេះ សុទ្ធតែមិនទាន់ស្គាល់ការចាញ់ គឺបានឈ្នះ៥ប្រកួតដូចគ្នា។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនោះ Khmer United A និង ISI Group United បានត្រឹមស្មើគ្នា ១-១ ហើយគ្រាប់បាល់ទាំង២នេះ សុទ្ធតែទទួលបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រដូចគ្នា គឺក្រុម ISI បានទទួលបាល់ពិន័យមុន នៅនាទីទី៣២ ហើយ Khmer United A ទទួលបានការស៊ុតបាល់ពិន័យ នៅនាទីទី៤៥។

ការចែកគ្នាម្នាក់១ពិន្ទុរវាងក្រុមខ្លាំងទាំង២នេះ បានបើកផ្លូវឲ្យក្រុម Real Phnom Penh ឡើងទៅឈរនៅលេខ១វិញ ជាបណ្តោះអាសន្ន ព្រោះនៅសប្តាហ៍ទី៦នេះ Real PP បានលត់ក្រុម Sen Sok Empire FT រហូតដល់ ១២-០ ដើម្បីមាន១៨ពិន្ទុពេញ។ ឯក្រុម Khmer United ធ្លាក់មកឈរនៅលេខ២វិញ ហើយក្រុម ISI បន្តឈរនៅលេខ៣ ដដែល ដោយមាន១៦ពិន្ទុស្មើគ្នា។

ចំណែកក្រុមម្ចាស់ជើងឯក ឆ្នាំ២០១៨ Avatar FC បានយកឈ្នះក្រុមម្ចាស់ជើងឯក ឆ្នាំ២០១៧ Bayon Wanderers ៣-១ ដើម្បីបន្តឈរនៅលេខ៤ មាន១៥ពិន្ទុ។ រីឯលទ្ធផលការប្រកួតផ្សេងទៀត ក្រុម Sniper FC បានឈ្នះក្រុម ATK ៦-១ ស្របពេល Khmer United U22 បានលត់ក្រុមគ្រួសារកីឡាករតាំងគោក ៥-០ ហើយក្រុមទន្សោង បានបំបាក់ក្រុម Home Sport ១១-១ ប៉ុន្តែក្រុមបាសាក់ បានចាញ់ក្រុម Mambo Phnom Penh ៣-២ ខណៈ Khmer United B បានលត់ក្រុម Anvaya FC ៩-០៕