(ភ្នំពេញ)៖ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានដឹកនាំតារាសម្ដែង និងតារាចម្រៀង ៥រូប រួមមាន លោក ភឹម តារាវិបុល, លោក សេង នរៈមង្គល, តារាចម្រៀង លោក គូម៉ា តារាចម្រៀងខេម និងអតីតារាសម្ដែង លោក តុលា ចេញទៅប្រកួតជាមួយក្រុមតារាថៃដូចគ្នានៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួត នឹងដំណើរ ការនៅល្ងាចថ្ងៃទី៩ មេសា នេះ ដោយការប្រកួតលក់សំបុត្រ ដែលទទួលបាន គឺនឹងប្រើជួយដល់មន្ទីរពេទ្យ និង មណ្ឌលកុមារកំព្រា ៥០ភាគរយនៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។

លោក អ៊ិន សុភិន និយាយថា មូលហេតុដែលនាំឲ្យមានការប្រកួតជាលក្ខណៈឆ្លងប្រទេស ហើយធ្វើឡើងនៅ ប្រទេសថៃនេះឡើង គឺដោយសារតែក្រុមបាល់ទាត់របស់ថៃ បានស្នើមកកាន់ក្រុមបឹងកេតអលស្ដារ ហើយក្រុម បឹងកេតអលស្ដារ ក៏បានសហការជាមួយក្រុមតារាមហាហង្ស ដើម្បីអោយមានតារាៗ ដែលមាថ្វីជើងល្អៗចូលរួម ក្នុងបំណងមិត្តភាព និងដើម្បីស្វែងរកមូលនិធិ ជួយដល់សង្គមក្នុងប្រទេសទាំងពីរ។

លោកបន្តថា ក្រោយប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៏ក្រុមអលស្តារបស់ប្រទេសថៃនឹងមកប្រកួត នៅប្រទេសកម្ពុជាវិញម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់កំណត់ពេលវេលា។ ក្រុមតារាពីក្រុម មហាហង្សមានចំនួន៦រូប និងក្រុមបឹងកេត៦រូប ដោយតារាៗដែលលោកសម្រេចជ្រើសឲ្យទៅប្រកួត នៅក្នុង ប្រទេសថៃនោះ គឺសុទ្ធតែជាកីឡាករប្រចាំក្រុម ដែលមានថ្វីជើងល្អ ដូចជាលោក ខេម, លោក គូម៉ា, លោក ភឹម តារាវិបុល, លោក សេង មង្គល និងលោក ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃខ្លាំង ក្នុងការប្រកួត កន្លងមក។

សូមបញ្ជាក់ថា ក្រុមរបស់លោក នឹងត្រឡប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោយក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ និង ថៃ ក៏មានការប្រគំតន្ត្រី និងរាំលេងជុំគ្នាផងដែរ៕

By: khmertalking