ការប្រកួតបាល់ទាត់ ថ្នាក់ខេត្ត ដណ្ដើមពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ បានឈានដល់ការប្រកួតវគ្គជម្រុះ១៦ក្រុមហើយ បន្ទាប់ពីបានបញ្ចប់ការប្រកួតជម្រុះតាមពូល កាលពីពេលថ្មីៗនេះ ចំណែកការចាប់ឆ្នោតវគ្គ១៦ក្រុមនេះ បានធ្វើរួចរាល់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ជាលទ្ធផល នៃការចាប់ឆ្នោតវគ្គ១៦ក្រុម នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិ កាលពីព្រឹកម៉ោង ១០:៣០ ថ្ងៃនេះ គឺក្រុមសៀមរាប ចាប់ឆ្នោតប៉ះក្រុមខេត្តកំពង់ស្ពឺ ឯក្រុមកែប ជួបក្រុមខេត្តបន្ទាយមានជ័យ ខណៈក្រុមខេត្តព្រៃវែង ប្រកួតជាមួយបាត់ដំបង។

ចំណែកក្រុមខេត្តកំពត ជួបក្រុមខេត្តមណ្ឌលគីរី ឯក្រុមខេត្តកំពង់ធំ ប្រកួតជាមួយក្រុមខេត្តព្រះវិហារ។ ក្រុមខេត្តត្បូងឃ្មុំ ជួបក្រុមខេត្តពោធិ៍សាត់ ស្របពេលក្រុមខេត្តកោះកុង ចាប់ឆ្នោតប៉ះក្រុមស្វាយរៀង និងក្រុមខេត្តរតនៈគីរី ប្រកួតជាមួយក្រុមខេត្តតាកែវ ហើយការប្រកួតជម្រុះវគ្គ១៦ក្រុមនេះ នឹងត្រូវធ្វើឡើង៣ថ្ងៃជាប់ៗគ្នាតែម្តង គឺនៅថ្ងៃទី២៣ ទី២៤ និងថ្ងៃទី២៥ ខែមេសា ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតនៅវគ្គ៨ក្រុម ជាបន្តទៀត។

គួររំឭកថា សម្រាប់ការប្រកួតជម្រុះតាមពូល កន្លងមកនេះ គឺមាន២៣ក្រុមចូលរួម ដោយចែកចេញជា៦ពូល ក្នុងនោះពូកA មានក្រុមបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ពូល B មានក្រុមខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កណ្ដាល ពូល C មាន ក្រុមខេត្តស្ទឹងត្រែង រតនៈគិរី ក្រចេះ មណ្ឌលគីរី ពូល Dក្រុមខេត្តកំពត កែប ព្រះសីហនុ កោះកុង ពូល E ក្រុមខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ហើយពូលF មានក្រុមតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង អ៊ីចឹងមានន័យថា មានតែក្រុមចំនួន៧ប៉ុណ្ណោះ ដែលមិនបានឡើងទៅប្រកួតបន្តនៅវគ្គជម្រុះ១៦ក្រុម៕