កីឡាករ​ ម៉ឺន​ សុភា​ ដែល​ជា​កូន​សិស្ស​របស់​លោក​ ធន់​ សុភា​ ហើយនឹង​ត្រូវ​ឡើង​ប្រកួត​​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យយប់នេះ ចាប់​ពី​ម៉ោង​៧​យប់​តទៅ។​ នេះ​ជា​ការ​ប្រកួត​ទី៣ ហើយសម្រាប់អ្នក​លេង​កណ្ដាប់​ដៃ​រូប​នេះ បន្ទាប់​ពី​ព្យាបាល​របួស​ និង​រៀបការ​ភរិយា​ថ្មីថ្មោង​កន្លង​ទៅ​នេះ។

ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ២០១៧​ ខាង​លើ​នេះ​ អាក់ខាន​ឡើង​សង្វៀន​យូរ​ដែរ​ហើយ​ បន្ទាប់​ពី​រូប​គេវិល​ត្រលប់​មក​ពី​ប្រទេស​បារាំង​ហើយ​មាន​របួស​ស្នង​ជើង​ និង​ដៃ។​​ ក្រោយ​ពេល​សម្រាក​ព្យាបាល​របួស​រួច​មក​ ម៉ឺន​ សុភា​ បាន​បង្ហាញ​មុខ​ជា​ថ្មី​១ប្រកួត​ដែរ​ ប៉ុន្តែ​បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​ថៃ​ រួច​ក៏​សម្រេច​ចិត្ត​សម្រាក​ព្យាបាល​ខ្លួន​ និង​ថែ​ខ្លួន​ប្រាណ​រៀបការ​តែ​ម្ដង​។​ គ្រូ​ប្រដាល់​ល្បីឈ្មោះ​ ធន់​ សុភា​ បញ្ជាក់​ថា​កូន​សិស្ស​របស់​ខ្លួន​ ម៉ឺន​ សុភា​ ទើប​ចាប់​ផ្ដើម​ប្រកួត​វិញ​បែប​នេះ​ សមត្ថភាព​មិន​ទាន់​ល្អ​ដូច​ដើម​វិញ​ឡើយ​ ខណៈ​ការ​ហ្វឹកហាត់​ក៏​មិន​ហ៊ាន​បុក​ខ្លាំង​នោះទេសន្សឹម​ៗ​សិន។​

លោក​ ធន់​ សុភា​ គ្រូ​ប្រចាំ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ១ប្រកួត​មុន​របស់​ ម៉ឺន​ សុភា​ គឺ​នៅ​មិន​ទាន់​ល្អ​ទេ​ នៅ​គាំង​ៗ​ពេល​វ៉ៃ​ចេញ។​ សម្រាប់​ការ​ប្រកួត​ស្អែក​គ្រូ​ប្រដាល់​រូប​នេះ​ សង្ឃឹម​ថា​កូន​សិស្ស​របស់​ខ្លួន​ធ្វើ​បាន​ល្អ។​ បញ្ជាក់: មូលហេតុ​ពិត​ប្រាកដ​ដែល​ ម៉ឺន​ សុភា​ មិន​បាន​ឡើង​សង្វៀន​ប្រកួត​នា​បច្ចុប្បន្ន​ នោះ​គឺ​ដោយ​សារ​មាន​របួស​ ហើយ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​តិច​ ៦-៧​ខែ​ ដែរ​ទើប​អាច​វិល​ចូល​សង្វៀន​ដូច​ធម្មតា​វិញ​ ព្រោះ​មាន​របួស​ច្រើន​កន្លែង។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ធន់​ សុភា​ គ្រូ​របស់​ ម៉ឺន​ សុភា​ បាន​ឲ្យ​ដឹង​ម្សិលមិញ​នេះ​ថា​ ក៏​សូម​អភ័យទោស​ដល់​អ្នក​ស្រឡាញ់​គាំទ្រ​កូន​សិស្ស​របស់​លោក​ ដែល​មិន​បាត់​មុខ​មួយ​រយៈ​នេះ​មិន​ឃើញ​ឡើង​សង្វៀន។​ ដោយ​សារ​តែ​អ្នក​ប្រដាល់​រូប​នេះ​មាន​របួស​ដល់​ទៅ​៣កន្លែង​ឯណោះ​ ទី១​ រយះ​ស្មងជើង​ឆ្វេង​ ទី២​ហើម​គន្លាក់​កដៃ​ស្ដាំ​ និង​ទី៣​ ឈឺ​ក្បាល​ជង្គង់​ស្ដាំ ១ទៀតព្រោះ​ខ្លាច​មាន​បញ្ហា​កាន់​តែ​ខ្លាំង​បើ​នៅ​ទ្រាំ​ឡើង​សង្វៀន​បែប​នេះ។​ បើ​ទោះ​ជា​មិន​បាន​ឡើង​សង្វៀន​មែន​ ប៉ុន្តែ​ ម៉ឺន​ សុភា​ នៅ​តែ​បន្ត​ហ្វឹកហាត់​ និង​បង្ហាត់​សិស្ស​ប្អូន​ដូច​ធម្មតា​ដដែល​ តែ​ក៏​មិន​សូវ​ជា​ខ្លាំង​នោះ​ដែរ។​