ប្រភេទកីឡាមានប្រជាប្រិយភាពចំនួន៧ប្រភេទ ត្រូវបានសាលាខេត្តកណ្តាល ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឯកភាពគ្នា ដាក់ឲ្យប្រកួត ដើម្បីអបអរ នៅសង្ក្រានឆ្នាំថ្មីខេត្តកណ្តាល នៅមាត់ទន្លេ នាក្រុងតាខ្មៅ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ខាងមុខនេះ។

ប្រភេទកីឡាទាំង៧ ដែលគ្រោងដាក់ឲ្យប្រកួត នៅសង្ក្រានឆ្នាំថ្មីខេត្តកណ្តាលនេះ មានកីឡាប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ អត្តពលកម្ម ចំបាប់បុរាណ អុកចត្រង្គ និងទាញព្រ័ត្រ ហើយនេះជាលើកទី២ ដែលសាលាខេត្តកណ្តាល បានរៀបចំក្នុងទ្រង់ទ្រាយធំ អបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំ ព្រោះកាលពីឆ្នាំមុន ក៏ខេត្តមួយនេះ បានធ្វើសង្ក្រាន និងមានការប្រកួតកីឡា សិល្បៈកម្សាន្ត និងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ នៅឯភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល ផងដែរ។

ទាក់ទងទៅនឹងការដាក់ឲ្យមានការប្រកួតកីឡា នៅសង្រ្កានឆ្នាំថ្មីខេត្តកណ្តាលនេះ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានប្រព័ន្ធផ្សព្វផ្សាយថា៖ «សាលាខេត្តកណ្តាល និងមន្ទីរអប់រំ យុវជន និងកីឡា បានត្រៀមកីឡាចំនួន៧ប្រភេទ សម្រាប់ការប្រកួតចំនួន៣ថ្ងៃ ព្រមទាំងមានកម្មវិធីសិល្បៈកម្សាន្តល្បែងប្រពៃណីជូនបងប្អូនទស្សនាកម្សាន្ត ដើម្បីអបអសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ»។

ទោះបីជាយ៉ាងណា លោក ពៅ វណ្ណា មិនបានប្រាប់លម្អិតពីចំនួនអត្តពលិក ដែលដាក់ឲ្យប្រកួត និងពេលវេលាប្រកួតឲ្យបានជាក់លាក់ នៅលើប្រភេទកីឡា បាល់ទាត់ បាល់ទះ អត្តពលកម្ម ចំបាប់បុរាណ អុកចត្រង្គ និងទាញព្រ័ត្រនោះទេ ប៉ុន្តែចំពោះប្រដាល់គុនខ្មែរ គឺមានការប្រកួត១ថ្ងៃ ដែលធ្វើនៅថ្ងៃចន្ទ ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច និងមានការប្រកួតសរុបចំនួន៦គូ។

នៅក្នុងការប្រកួតចំនួន៦គូនោះ ក៏មានការប្រកួតគូអន្តរជាតិមិត្តភាពចំនួន២គូផងដែរ ហើយតាមកម្មវិធីរបស់គណៈកម្មការរៀបចំ គឺគូទី១ កីឡាករ សាន សី ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាមជាមួយ ផាន់ សុផាត គូទី២ ខាំ វណ្ណៈ ត្រូវប៉ះ លី តឿន ក្នុងទម្ងន់៦០គីឡូក្រាម គូទី៣ ឡុង ណងសៅ ត្រូវជួប រឿន សុខលី ក្នុងទម្ងន់៥៤គីឡូក្រាម ហើយគូទី៤កីឡាករកម្ពុជា សុខ សុវណ្ណ ត្រូវជួបថៃ Phich YinThorng ក្នុងទម្ងន់៦០គីឡូក្រាម ខណៈ យ៉ុន ដារ័ត្ន ត្រូវស្វាគមន៍ថៃ Oich Thing ក្នុងទម្ងន់៦៣,៥គីឡូក្រាម ហើយគូទី៦ចុងក្រោយ សាន សំអុន ត្រូវជួប ល័ក្ខ លាត ក្នុងទម្ងន់៥៧គីឡូក្រាម៕