អ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា ដែលគេស្គាល់ថាជាម្ចាស់ក្លិបប្រដាល់សិល្បៈ មានទីតាំងស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ បានបង្ហើបថា ទីតាំងបច្ចុប្បន្ននេះនឹងផុតកិច្ចសន្យាជួលនាខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះក្រោយស្នាក់នៅនិងបង្វឹកកូនសិស្ស បានរយៈពេល ៣ ឆ្នាំ ហើយ ជួបផលលំបាកមួយចំនួនក្នុងការប្ដូរទីតាំងក្លិបរបស់ក្លិប។

អ្នកលេងគុនខ្មែរវ័យ ៣៣ ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ទីតាំងក្បែរគុកទួលស្លែង បច្ចុប្បន្ន នេះខ្ញុំជួលគេ ហើយត្រូវផុតកុងត្រាត្រឹមខែ កញ្ញានេះ ព្រោះម្ចាស់គាត់ប្រាប់ថាត្រូវលក់ឲ្យអ្នកផ្សេង។ ខ្ញុំមិនទាន់រកបានទីតាំងថ្មីនៅឡើយ។ ទីតាំងនេះល្អណាស់ ហើយ តម្លៃសមរម្យ ដែលខ្ញុំអាចរស់បានទោះមិនចំណេញ។ ទីតាំងនេះអំណោយផល ខ្ញុំអាចចូលរួមបង្ហាត់គុនខ្មែរដល់កីឡាករវ័យក្មេងដែលចង់ឡើងសង្វៀនប្រកួត និង ជនបរទេសដែលគាត់ចង់ចេះ និង ហាត់សម្រាប់សុខភាពផង។»

គ្រូបង្វឹកក្លិបប្រដាល់សិល្បៈរៀបរាប់អំពីផលលំបាកខ្លះៗថា បើសិនប្ដូរទាំងតាំង នោះអាចបាត់បង់កីឡាករមួយចំនួនដែលហាត់ដើម្បីសុខភាព បើសិនរកកន្លែងជួលកន្លែងផ្សេងឆ្ងាយពីទីលំនៅរបស់ពួកគេ។ បច្ចុប្បន្ននេះមានជនបរទេស ចូលរួមហ្វឹកហាត់ប្រមាណ ៣០ នាក់ដើម្បីចង់ចេះគុនខ្មែរ និង ដើម្បីសុខភាព ដែលក្នុងនោះមានបរទេស ២ នាក់ហ្វឹកហាត់ក្នុងគោលបំណងចង់ឡើងរេញប្រកួត។ ចំណែកកូនសិស្សជាជនជាតិខ្មែរវិញ មានប្រមាណ ៣០ នាក់ដែរ ដែលត្រូវបង្ហាត់ ៣ វេន ពោលម៉ោងព្រឹក រសៀល និង ល្ងាច។

អ្នកប្រយុទ្ធក្បាច់គុនយុទ្ធក្រមខម បានបញ្ជាក់ទៀតថា៖ ឥឡូវខ្ញុំមានមិត្តភ័ក្ដិគេចង់បបួលចូលហ៊ុនគ្នាដើម្បីរកទីតាំងថ្មីដែរ ប៉ុន្តែខ្ញុំកំពុងពិចារណាសិន… មិនទាន់សម្រេចចិត្តនោះទេ។ ទីតាំងថ្មី ខ្ញុំចង់ជួលម្ដុំ ទួលទំពូង ព្រោះ ខ្ញុំគិតថាល្អអាចទាក់ទាញជនបរទេសបានច្រើនដូចកន្លែងរាល់ថ្ងៃអីចឹង មិនឆ្ងាយពីក្រុង។​ គួររំលឹកថា ចាន់ រតនា ជាកីឡាករតំណាងឲ្យកម្ពុជា ១ រូបដែលតែងតែឡើងសង្វៀន ប្រកួតគុនចម្រុះ ឬ MMA ជាប្រចាំនៅសង្វៀន One Championship ៕