រាជធានីភ្នំពេញ ៖ អ្នកប្រដាល់និយាយរដឺន លី ភា មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង នឹងត្រូវឡើងសងសឹកខ្លាចាស់ ទួនប៉េ (ថៃ) វិញបានទេនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់របស់សង្វៀន CNC ក្នុងថ្ងៃអាទិត្យនេះ ខណៈទាំងប្រកួតមិត្តភាព និងវិលជុំសន្សំពិន្ទុធ្លាប់ឈឺចិត្តរួចមកហើយ។
លី ភា ២ប្រកួតចុងក្រោយរបស់គេមុនចូលឆ្នាំថ្មីនេះល្អមែនទែន ពោលគឺផ្ដួលថៃឲ្យសន្លប់រហូតឆក់បានឱកាសឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះនៃពានរង្វាន់ ISI PALM ទម្ងន់ ៦០គីឡូក្រាម។ ជើងខ្លាំងមកពីខេត្តបាត់ដំបងរូបនេះ មានការរីកចម្រើនល្អគួរសម ជាពិសេសកម្លាំងមិនសូវអស់ដូចមុនឡើយ ចំណែកស្នៀតកែងក៏មានប្រសិទ្ធភាពពេលនៅកៀកទៀតផង។ ចំណែកទឹកចិត្តប្រយុទ្ធក៏មានភាពជឿជាក់ និងមោះមុតផងដែរ។
ប្រសិនបើ លីភា នៅតែប្រើវិធីសាស្ត្រវ៉ៃដដែលនោះអាចនឹងពិបាកយកឈ្នះ ទួនប៉េ ប៉ុន្តែបើ គេ ប្រើភាពវ័យឆ្លាតដូច២ប្រកួតមុននោះអាចនឹងមានឱកាសបានឡើងទៅវគ្គផ្ដាច់ព្រ័ត្របន្តទៀត។ បញ្ជាក់ដែរថា កម្មវិធីប្រកួតដណ្ដើមពានរង្វាន់សង្វៀន CNC ទម្ងន់៦០គីឡូក្រាម បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនាថ្ងៃអាទិត្យ ទី២១ មេសា ២០១៩ នេះ ដោយមានកីឡាករកម្ពុជា២រូបត្រូវប្រកួត លី ភា ប៉ះ ទួនប៉េ រីឯ សូត្រ ប៊ុតធី ប៉ះ Vithak Yayuth។ អ្នកឈ្នះ២រូបនឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕
អ្នកប្រដាល់និយាយរដឺន លី ភា នឹងសងសឹកជើងខ្លាំងថៃ ទួនប៉េ សង្វៀន CNC ក្នុងថ្ងៃអាទិត្យនេះ
អត្ថបទទាក់ទង