អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ ចាន់ រតនា​ បាន​កត់​ចំណាំ​ចំណុច​ពិសេស​មួយ​​ចំនួន​អំពី​ ​គូ​​បដិបក្ខ​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agutian ដែល​ត្រូវ​ជួប​គ្នា​នៅ​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។​

​រតនា ​មិន​បាន​នាំ​គ្រួសារ​ទៅ​ដើរ​លេង​នៅ​ទីណា​ទេ ជា​ពិសេស​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ ក៏​ត្រូវ​សំងំ​ហ្វឹកហាត់​ស៊ុហ្វ​ដែរ​ ​ពោល​​គឺ​​​ខ្លាច​ចាញ់​កម្លាំង​ Rudy ដែល​ភាគ​ច្រើន​គេ​ផ្ដួល​គូ​ប្រកួត​ដោយ​ប្រើ​​ក្បាច់​គាប​ និង​​ឃ្លេ​​ខ្លាំង​មហាសាល។​ ប្រសិន​បើ​មាន​ការ​ប្រកួត​លើក​ក្រោយ​ និង ​ពេល​វេលា​សមរម្យ​ណា​មួយ​នោះ​ ​​​​កីឡាករ​ជួរ​មុខ​​ក្បាច់​គុន​ចម្រុះ​រូប​នេះ​ អាច​នឹង​ទៅ​​បង្កើន​​សមត្ថភាព​ក្បាច់​គុន​នៅ​ក្រៅ​ប្រទេស​ពេល​ទទួល​បាន​​ឱកាស​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​លើក​ក្រោយៗ​ទៀត។

​​​​​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​កំពុង​​ដុតដៃដុតជើង​ ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​រយៈ​ពេល​​ជាង​ ១​ ខែ​មក​នេះ​ជា​ប្រចាំ​ ដើម្បី​ត្រៀម​ប្រកួត​​ទល់​នឹង​ជើង​ខ្លាំង​របស់​ ឥណ្ឌូណេស៊ី។​ ចាន់ រតនា​ ​​លើក​ឡើងពី​ចំណុច​ពិសេស​​គូ​ប្រជែង​​បែប​​​​នេះ ៖«ខ្ញុំ​បាន​​តាម​ដាន​វីដេអូ​ Rudy Agutian ​ជា​ច្រើន ​ហើយ​យល់​ឃើញ​ថា​ គាត់​មាន​កម្លាំង​​ខ្លាំង​ណាស់​ រួម​ទាំង​វីដេអូ​ កាច់​ផ្ដួល​ ខុន ស៊ីចាន់ ​ត្រឹម​ ​​១ ទឹក​ប៉ុណ្ណោះ។ ​ក្រៅ​ពី​កម្លាំង​​ ឬ ​ស៊ុហ្វ​ របស់​គាត់​ខ្លាំង​ ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់​គាត់​ទេ។

នៅ​ថ្ងៃ​ទី​ ៣ ឧសភា ខាង​មុខ​​នា​ប្រទេស​ ឥណ្ឌូណេស៊ី​ ​ក្រៅ​ពី​ ចាន់ រតនា ​ដែល​តំណាង​ឲ្យ​កម្ពុជា​ តតាំង​នឹង​កីឡាករ​ម្ចាស់​ផ្ទះ ​ Rudy Agutian នៅ​សង្វៀន​ ONE: FOR HONOR ​ក៏​មាន​កីឡាការិនី​ឆ្នើម​ជម្រើស​ជាតិ​​ នៅ ស្រីពៅ ​ជួប​កីឡាការិនី​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​ដែរ៕ ​