​​​ ខ្សែប្រយុទ្ធមានមាឌធំ Timothy Okereke របស់ក្លិបអង្គរថាយហ្គឺរ បានក្លាយជាកីឡាករដំបូងគេ ដែលបានបង្កើតកំណត់ត្រាថ្មី ក្នុងនាមជាអ្នកអាចរកបាន៤គ្រាប់តែម្នាក់ឯង ក្នុងការប្រកួតត្រឹម១លើក ដើម្បីលុបចូលនូវកំណត់ត្រាចាស់ ចំពោះកីឡាករចំនួន៥នាក់ទៀត ដែលរកបាន៣គ្រាប់(Hat-Trick) សម្រាប់ការប្រកួតលីកកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៩នេះ។

ការរកបាន៤គ្រាប់តែម្នាក់ឯងនេះ គឺនៅពេលដែលក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី ក្នុងលទ្ធផល ៦-០ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៤ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ហើយវាក៏ជាពេលដែលក្រុមអង្គរថាយហ្គឺរ រកបាន៣ពិន្ទុ ដើម្បីមាន៨ពិន្ទុ ជាមួយការឈ្នះ២ ស្មើ២ និងចាញ់១ប្រកួតផងដែរ។

ជាមួយគ្រាប់បាល់ ដែលរកបាននៅនាទី១៣ ទី៤៩ ទី៥៣ និងនាទីទី៦៧នេះ បានធ្វើឲ្យខ្សែប្រយុទ្ធនីហ្សេរីយ៉ា រូបនេះ រកបាន៦គ្រាប់ សម្រាប់ការបង្ហាញខ្លួនចំនួន៤លើក ក្នុងការប្រកួត នៅរដូវកាលថ្មីនេះ ហើយការរកបាន៤គ្រាប់តែម្នាក់ឯងនេះ វាបានលុបចូលកំណត់ត្រានៃការរកបាន៣គ្រាប់ របស់ខ្សែប្រយុទ្ធ Coulbaly Souleymane នៃក្រុមគិរីវង់សុខសែនជ័យ នៅពេលពួកគេបានឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី ៤-១ សម្រាប់ការប្រកួតបើករូវកាល។

បន្ថែមលើនេះ ការរកបាន៤គ្រាប់របស់ Timothy ក៏បានលុបចោលកំណត់ត្រារកបាន Hat-Trick របស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bata និង រ៉ឹង ប៊ុនហៀង នៅពេលអ្នកទាំង២ បានរួមគ្នាជួយក្រុមក្រសួងការពារជាតិ យកឈ្នះក្រុមខេត្តកំពង់ចាម ១១-០ ផងដែរ ហើយវាក៏បានលុបចោលការរកបាន៣គ្រាប់ របស់ខ្សែប្រយុទ្ធជនជាតិជប៉ុន Yadai Ogawa ដែលជាមិត្តរួមក្រុមរបស់គេ ផងដែរ។ ចំណែកខ្សែប្រយុទ្ធនីហ្សេរីយ៉ា Oiboh Julius បានក្លាយជាកីឡាករទី៥ ដែលរកបាន Hat-Trick នៅពេលរូបគេបានជួយឲ្យក្រុមបឹងកេត ឈ្នះក្រុមខេត្តកំពង់ចាម ៧-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Bata នៅតែបន្តឈរនៅលើកំពូលតារាង ក្នុងនាមជាកីឡាករ ដែលរកបានគ្រាប់បាល់ច្រើនជាងគេ បន្ទាប់រូបគេ រកបាន៣គ្រាប់ ជាលើកទី២ នៅពេលក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាល់ជាតិ ៤-២ កាលពីថ្ងៃអាទិត្យ ម្សិលមិញ៕