ជើងខ្លាំងដើមកំណើតខេត្តបន្ទាយមានជ័យ សុខ ធី ហៅ កាកា ត្រូវប្រឈមនឹងជើងខ្លាំងជួរមុខរបស់ថៃ Rottang Jitmuangnon នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះនៅសង្វៀន One ក្នុងទីក្រុងបាងកក ប្រទេសថៃ។ យ៉ាងណា កីឡាករថៃម្នាក់នេះអាចសម្លឹងឃើញគោលដៅសំខាន់មួយទៀត បន្ទាប់ពីវ៉ៃជាមួយ សុខ ធី។
ពិចារណាលើកត្តាខ្លះៗខាងក្រោម
Rottang ជួប សុខ ធី លើកនេះអាចជាការស្វែងរកការបើកផ្លូវឆ្ពោះទៅសងសឹកកីឡាករជប៉ុន Tenshin Nasukawa។ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ Rottang បានប្រកួតជាមួយ Nasukawa នៅទឹកដីជប៉ុនដែលពេលនោះប្រើពេល៥ទឹក អ្នកទាំងពីរស្មើគ្នា។ ដើម្បីស្វែងរកអ្នកឈ្នះ ការប្រកួតត្រូវបន្ថែម១ទឹកទៀត ហើយចៅក្រមប្រកាសឲ្យកីឡាករជប៉ុនឈ្នះពិន្ទុ Rottang បន្ទាប់ពីចប់ទឹកទី៦។
លទ្ធផលចាញ់ពិន្ទុនោះបានធ្វើឲ្យ Rottang ខកចិត្តយ៉ាងខ្លាំង។ ពេលនោះរូបគេបានលើកឡើងថា ចង់សងសឹក Nasukawa ឲ្យខាងតែបាន ព្រោះរូបគេមិនចិត្តនឹងលទ្ធផលដែលឲ្យរូបគេចាញ់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រថៃមួយចំនួនថែមទាំងនាំគ្នារិះគន់ថា ឲ្យជ័យជម្នះទៅកីឡាករជប៉ុននោះជាការប្លន់យកទាំងស្រុង។
ដំណឹងក្រៅផ្លូវការមួយថា កីឡាករជប៉ុន បានចូលហ្វឹកហាត់នៅក្លឹប Evolve MMA របស់ប្រទេសសិង្ហបុរី។ ក្លឹបនេះល្បីទូទាំងអាស៊ីដែលជាកម្មសិទ្ធិរបស់លោក Chatri Sityodtong នាយកប្រតិបត្តិ (CEO)របស់ ONE Championship។ ការចូលហាត់នៅក្លឹបកំពូល Evolve ជាសញ្ញាថា រូបគេប្រាកដជាចូលវ៉ៃសេរីនៅសង្វៀន ONE មិនខានឡើយ។ អ្នកតាមដានកីឡាប្រហែលជាស្គាល់ Nasukawa ច្បាស់ហើយដែលរូបគេធ្លាប់វ៉ៃជាមួយកំពូលអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក Floyd Mayweather កាលពីឆ្នាំ២០១៨។
ប្រសិនបើជើងខ្លាំងមុខដែក Rottang ទទួលបានជ័យជម្នះលើកីឡាករកម្ពុជា សុខ ធី រូបគេអាចមានមុខឆ្ពោះទៅការប្រកួតសំខាន់ដណ្ដើមខ្សែក្រវាត់ ជាពិសេសសងសឹកកីឡាករជប៉ុន Nasukawa ដែលមានប្រវត្តិមិនដែលចាញ់ក្នុងវ៉ៃសេរី។
ផ្ទុយទៅវិញ ប្រសិនបើ សុខ ធី ទទួលបានជ័យជម្នះ កីឡាករកម្ពុជារូបនេះអាចនឹងមានផ្លូវឆ្ពោះទៅប្រកួតគូសំខាន់ គូឯក ឬគូខ្សែក្រវាត់ក៏ថាបាន ពីព្រោះរូបគេធ្លាប់វ៉ៃនៅ ONE ពីរដល់រួចមកហើយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នករៀបចំកម្មវិធី៕
វីដេអូ៖ Rottang ចាញ់ពិន្ទុ Nasukaw
ប្រភពពី: Sabay