សហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឈានដល់ការបញ្ជូនអត្តពលិកជម្រើសជាតិចំនួន២នាក់ឲ្យទៅចូលរួមសម្តែង និងផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ រយៈពេល៣ខែ នៅក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍អន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង ទៅតាមការអញ្ជើញរបស់អង្គការអប់រំវប្បធម៌នៃអង្គការ UNESCO ដោយផ្តោតទៅលើការជួយអភិរក្ស និងលើកកម្ពស់ ដល់ប្រទេស ដែលមានក្បាច់គុនប្រពៃណី ជារបស់ខ្លួន ដែលមានអាយុកាលយូរលង់។

កីឡាករជម្រើសជាតិ មឿន ប៊ុនលី និងកីឡាករ ឌឹប ង៉ែត គឺជាបេក្ខភាព ដែលសហព័ន្ធកីឡាល្បក្កតោកម្ពុជា បានបញ្ជូនឲ្យទៅចូលរួមប្រកួតសម្តែង និងផ្សព្វផ្សាយគុនល្បុក្កតោ នៅប្រទេសកូរ៉េ កាលពីចុងសប្តាហ៍នេះ ប៉ុន្តែវាមិនមែនជាលើកទី១ទេ ដែលកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍អន្តរជាតិនេះ ព្រោះកម្ពុជា ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ២០០៩មកម្ល៉េះ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រាប់ឲ្យដឹងថា៖ «កម្មវិធីនេះរៀបចំដោយ The MBC Arts Co.LTD ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការ UNESCO ក្នុងគោលបំណង លើកតម្លើងក្បាច់គុនបុរាណ ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃវប្បធម៌ និងសិល្បៈក្បាច់គុនរបស់ប្រទេស ដែលចូលរួម ជាពិសេស គឺការធ្វើឲ្យប្រសើរឡើងនៃសន្តិភាពអន្តរជាតិ តាមរយៈសិល្បៈក្បាច់គុន ជាមួយនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

ក្រៅពីការសម្តែង និងផ្សព្វផ្សាយល្បុក្កតោនេះ កីឡាករ មឿន ប៊ុនលី និង ឌឹប ង៉ែត ក៏នឹងចូលរួមប្រកួតប្រជែងរកមេដាយ ជាមួយប្រភេទកីឡាជាអត្តសញ្ញាណជាតិរបស់ប្រទេសមួយចំនួនទៀត តាមរយៈការបង្ហាញពីបច្ចេកទេសនៃការសម្តែងល្បុក្កតោរបស់អ្នកតាំង២ ផងដែរ ហើយបើតាមលោក អ៊ូ តារា បានឲ្យដឹងថា ប្រភេទកីឡាជាអត្តសញ្ញាណ ដែលបានដាក់ឲ្យចូលរួមក្នុងឆ្នាំនេះមាន Taekwondo Taekkyeon Capoeira wushu Silat Arnis និងគុនល្បុក្កតោ ដែលជាប្រភេទកីឡាតំណាងឲ្យប្រទេសកូរ៉េ ប្រេស៊ីល ម៉ាឡេស៊ី ហ្វីលីពីន និងកម្ពុជា៕