​​ កីឡាករ​​​គុន​ខ្មែរ​ជើង​ចាស់​ ស​ សី​ បាន​​​​​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ឲ្យ​​​កីឡាករ​​​គុន​​ចម្រុះ​ (MMA) ​នៅ​កម្ពុជា​ ​​ខិត​ខំ​ហ្វឹកហាត់​​ព្រោះ​ថា​ បច្ចុប្បន្ន​​តម្លៃ​ខ្លួន​ល្អ​ប្រសើរ​​ពេល​ចេញ​ទៅ​ប្រកួត​លើ​ឆាក​​​​អន្តរជាតិ។ ​ការ​ផ្ញើ​សារ​​​ដ៏​មាន​​សារសំខាន់​នេះ​ ​​​ដោយ​សារ​​បុរស​វ័យ​ ​៣៧ ​​ឆ្នាំ​ខាង​លើ​ហាក់​​ចាក​ឆ្ងាយ​ពី​សង្វៀន​​ព្រោះ​​វ័យ​កាន់​តែ​ជ្រេ​ កម្លាំង​ធ្លាក់​ចុះ​ និង​ ​​​​គ្រួ​សារ​ផ្ទាល់​​ប្រាប់​ថា​ឈប់​វ៉ៃ​ទៅ​​កុំ​ឲ្យ​ខ្មាស​ក្មេងៗ។

កូន​សិស្ស​​​របស់​លោក​ ​អេ ភូថង​ ​ផ្ដល់​ពាក្យ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​​ថា: ទោះ​សង្វៀន​ ONE Championship ​យើង​មិន​បាន​​ឡើង​​វ៉ៃ​រាល់​សប្ដាហ៍​ ឬ ១ ខែ​ម្ដង​ ប៉ុន្តែក៏​បាន​តម្លៃ​ខ្លួន​គួរ​សម​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន។ ដូច្នេះ​អ្នក​ខ្លាំងៗ ដូច​ ឡៅ ចិត្រា ឬ គង់ សំបូរ​ ​ជា​ដើម​​ក៏​ទទួល​បាន​ការ​ចាប់​គូ​ដែរ​ថ្មីៗ​នេះ។​ សីទទួល​ចំណាត់​ថ្នាក់​លេខ​​៤​​ក្នុង​កម្មវិធី​​ប្រដាល់​ខ្សែ​ក្រវាត់​នៅ​​សង្វៀន​ស៊ីធីអិន​​កាល​ ​១០​ ឆ្នាំ​មុន​​បាន​​​​រំលឹក​អំពី​ផល​លំបាក​ហ្វឹកហាត់​ គុន​ចម្រុះ​ថា​ ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​ហាត់​គុន​ខ្មែរ​​ ដោយ​សារ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​​ប្រើ​ក្បាច់​គាប​ ឃ្លេ​បំបាក់​ ​ក្បាច់​ដោះ​ ​​​និង​បោក​ជា​ដើម​។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សោត​​ ​​កូន​សិស្ស​​របស់​លោក​ ឈិត សារឹម​​ ក៏​ទទូច​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ខំ​ប្រឹង​ហ្វឹកហាត់​ដូច​គ្នា​ ​ជា​ពិសេស​​សង្វៀន​ ONE Championship ​ដែល​ទទួល​​បាន​តម្លៃ​ខ្លួន​​ក្រាស់ក្រែល​​អាច​ជ្រោង​ជីវភាព​គ្រួសារ​​នោះ​តែង​តែ​ត្រូវ​​ការ​កីឡាករ​ទៅ​ប្រកួត​​ជា​ប្រចាំ​​ក្នុង​ប្រភេទ​ Kickboxing (វ៉ៃ​សេរី​តែ​បិទ​កែង) ​​ស្រប​ពេល ​​សង្វៀន​ក្នុង​ស្រុក​​​ក៏​កើន​តម្លៃ​ខ្លួន​ច្រើន​គួរ​សម​ដែរ។​

ស្ថិត​ក្នុង​វ័យ​ ​៣៧ ឆ្នាំ​ ​ស សី ​ចូល​ហ្វឹកហាត់​ជា​មួយ​គ្រូ​ ណុល នៅ​ស្រុក​មុខ​កំពូល​តាំង​ពី​​រៀន​ថ្នាក់​ទី​ ៥ ​មក​ម៉្លេះ​ មុន​ បន្ត​ហ្វឹកហាត់​ជា​មួយ​គ្រូ សឹង សារិទ្ធ នៅ​ក្លឹប​​ទ័ព​ជើង​ទឹក,​ គ្រូ​ ​អេ ភូថង នៅ​ក្លឹប​អេភូថង​ និង គ្រូ​ ឈិត សារឹម នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ។​​ ​​​​មុន​ប្រកួត​ក្បាច់​គុន​ចម្រុះ​នៅ​ឆ្នាំ​ ២០១៦​​ ស សី​ ​ចូល​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ (MMA) ​នៅ​អំឡុង​ឆ្នាំ​ ២០១៥ ជា​មួយ​គ្រូ​ហ៊ុន ច័ន្ទរាជ្យ និង គ្រូ​បរទេស​ម្នាក់​ទៀត។ ​

មិនតែប៉ុណ្ណោះរូបគេបានឡើង​​ប្រកួត​លើ​សង្វៀន​​ក្បាច់​គុន​ចម្រុះ​បាន​ចំនួន​ ៨ ​ដង​ដែល​ក្នុង​នោះ​ ឈ្នះ​ ៤ ​ដង និង ចាញ់ ​ចំនួន​ ៣ ដង​ គិត​ចាប់​​តាំង​​ឆ្នាំ​ ២០១៦​ មក។ ​​​ស សី ​ប្រកួត​​ចុង​ក្រោយ​ចាញ់​កីឡាករ​ចិន​ Xie Bin នៅ​សង្វៀន​ ONE: REIGN OF KINGS កាល​ខែ កក្កដា​ឆ្នាំ​ ២០១៨​ ​នៅ​ក្រុង​ម៉ានីល​ ប្រទេស​ ហ្វីលីពីន៕ ​​