លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាពទៅនឹងក្រសួងអប់រំ យុវជន និងកីឡា ថាស្ថាប័នមួយនេះ មិនបានកិបកេងប្រាក់រង្វាន់ ១០០លានរៀល ពីម្ចាស់មេដាយមាសពិភពលោកកីឡាកាយវប្បកម្ម សំបូរ សុភណ្ឌ ដូចការចោទប្រកាន់កន្លងមកនោះទេ។

ជាមួយចំណារឯកភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ ទីស្តីការគណៈរដ្ឋមន្រ្តី របស់រាជរដ្ឋាពិបាលកម្ពុជា បានចេញនូវសេចក្តីប្រកាសជាផ្លូវការមួយថា៖«សេចក្តីដូចមានចែង ក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្រ្តី សូមជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យជ្រាបថា ករណីរបាយការណ៍ស្តីពីការផ្តល់ប្រាក់រង្វាន់ជូនជយលាភីនៃការចូលរួមប្រកួតលក្ខណៈអន្តរជាតិប្រចាំឆ្នាំ និងការផ្តល់ប្រាក់ររង្វាន់ជយលាភីកីឡាកាយវប្បកម្មជើងឯកពិភពលោក រាជរដ្ឋាភិបាលយល់ឃើញថា ការអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គ្រប់គ្រាន់ហើយ»។

យោងតាមការសម្រេចនេះ គឺបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រទៅដល់ការផ្តល់ប្រាក់រង្វាន់ត្រឹម២០លានរៀល ទៅឲ្យម្ចាស់មេដាយមាសពិភពលោក សំបូរ សុភណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺមិនមែន១២០លានរៀល ទៅតាមការចោទប្រកាន់ឬចង់បានរបស់សាមីខ្លួននោះទេ។

គួររំឭកថា កាលពីជាង១ខែមុននេះ កីឡាករ សំបូរ សុភណ្ឌ ដែលឈ្នះបានមេដាយមាស នៅក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី ១០ ឆ្នាំ ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) នៅថៃ កាលពីខែធ្នូ ឆ្នាំ២០១៨ បានសុំអង្វរឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ និងដោះស្រាយ ទៅនឹងក្រសួងអប់រំ យុវជន និងកីឡា ដែលបានកាត់ប្រាក់រង្វាន់របស់ខ្លួនពី១២០លានរៀល ដោយសល់ត្រឹម២០លានរៀល។

បញ្ហានេះ សំបូរ សុភ័ណ្ឌ បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបាទមានបញ្ហា ដែលទាក់ទងជាមួយនឹងប្រាក់រង្វាន់លើកទឹកចិត្ត ដោយក្រសួងអប់រំ បានទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តពី 120.000.000រៀល នៅសល់ត្រឹមតែ 20.000.000រៀល ដោយមិនបានបញ្ជាក់ពីមូលហេតុ និងមិនបានប្រាប់អ្នកកីឡា មុនថ្ងៃប្រកួតនោះទេ។ លុះដល់ពេលខ្ញុំបាទប្រកួតរួច ទទួលបានមេដាយហើយ ទើបក្រសួង បានប្រកាសថា ទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តទៅវិញ។ ខ្ញុំសូមឲ្យសម្តេចជួយដោះស្រាយបញ្ហានេះឲ្យខ្ញុំបាទផង ពីព្រោះខ្ញុំមិនដឹងថា ត្រូវដោះស្រាយបញ្ហានេះដោយវិធីណាទេ»។

បញ្ហាដ៏រស៊ើបនេះ គឺមហាជនភាគច្រើន បានចោទទម្លាក់ទៅលើមន្រ្តីទទួលបានបន្ទុកផ្តល់ប្រាក់រង្វាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ថា បានស៊ីដាច់លុយប្រាក់រង្វាន់របស់ សំបូរ សុភណ្ឌ ១០០លានរៀល។ ខាងក្រសួងអបរំ ក៏បានបើកសន្និសីទកាសែត បកស្រាយពីការយល់ច្រឡំនេះដែរ និងបានបញ្ជាក់ថា ខ្លួនបានធ្វើទៅតាមច្បាប់នៃការផ្តល់ប្រាក់រង្វាន់ តែនៅតែមិនអាចបន្សាបការរិះគន់ដដែល ហេតុនេះទើបទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីប្រកាសនេះមួយទៀត ដើម្បីគាំទ្រ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ក្រសួងអប់រំ យុវជន និងកីឡា ថាការផ្តល់ប្រាក់២០លានរៀលទៅឲ្យ សំបូរ សុភណ្ឌ ពិតជាត្រឹមត្រូវទៅតាមគោលការណ៍នៃការផ្តល់ប្រាក់រង្វាន់ទៅឲ្យម្ចាស់ជយលាភីហើយ៕