ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាធីអែហ្វកម្ពុជា លោក កែវ រ៉េមី បានធ្វើការរិះគន់ខ្លាំងៗ ទៅលើបញ្ហាចោលសំរាម នៅទីធារណៈ ពិសេសនៅកន្លែងតំបន់ទេសចេរណ៍ ហើយបានចាត់ទុកបញ្ហានេះ ជារឿងដ៏គួរឲ្យម៉ាស់ ដែលបានប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។

លោក កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា៖ «បញ្ហាចោលសំរាមនេះ ឃើញថាវាកាន់តែជ្រុល និងកាន់តែហួសហេតុ ព្រោះអ្នកដែលទទួលទានអាហារ ជាកញ្ចប់រួចហើយ បានចោលសំរាមនោះពាសវាលពាសកាល អត់ចេះប្របែរប្រមូល ដាក់ចូលក្នុងធុងសំរាមទេ គឺប្រជាពលរដ្ឋយើងខ្លះ អារឿងស្មារតីរៀបចំទុកដាក់សម្រាមនេះ គឺអត់មានតែម្តង»។

ការរិះគន់ទៅលើបញ្ហាចោលសំរាមនេះ ត្រូវបានលោក កែវ រ៉េមី លើកឡើង នៅពេលលោកបានដឹកនាំថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីតេក្វាន់ដូITF សរុបជាង៣០នាក់ នាំគ្នាដើររើសសំរាម នៅខាងមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេសងខាងព្រះអង្គដងកើ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ។

លោកបានបន្តថា៖ «អ្នកខ្លះបន្ទោសទៅលើការប្រមូលសំរាម (ក្រុមហ៊ុនប្រមូលសំរាម) ក៏ប៉ុន្តែជាក់ស្តែង ពេលមានបុណ្យទាន គឺខ្ញុំឃើញមានការចោលសម្រាមចេញពីរថយន្តតែម្តង ដែលនេះជារឿងដ៏អាម៉ាស់មួយ ហើយក្រៅពីនេះ អ្នកខ្លះបោសសំរាម ឬប្រមូលសំរាម យកទៅទម្លាក់ចោលនៅក្នុងទឹកស្ទឹង ទន្លេ និងទឹកសមុទ្រ ដែលវាជារឿងអាម៉ាស់ ជាពិសេសការចោលសំរាមនៅតំបន់ទេសចរណ៍»។

ប្រធានតេក្វាន់ដូ ITF រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំចង់ឲ្យភ្ញៀវទេសចរណ៍ ដែលមកលេង មើលឃើញថា កម្ពុជា ជាប្រទេសមួយ ដែលស្អាត មិនចាញ់សិង្ហបុរី ព្រោះសិង្ហបុរី បានមករៀនសូត្រពីកម្ពុជា កាលជំនាន់ព្រះបិតា ព្រះករុណា សីហនុ ហើយក្រោយមក គេមានការវិវឌ្ឍទីក្រុងរបស់គេ ក្លាយជាទីក្រុងស្អាត អ៊ីចឹងយើងត្រូវនាំគ្នា ដោយចាប់ផ្តើមពីក្រុមគ្រួសារ ពីខ្លួនយើងទាំងអស់គ្នា គឺនាំគ្នាចេះសម្អាត។ យើងត្រូវចាប់ផ្តើមធ្វើពីពេលនេះទៅ ហើយសហព័ន្ធរបស់យើង មានកូនសិស្ស និងថ្នាក់ដឹកនាំទាំងអស់ បានចូលរួមធ្វើជាគំរូ នៅថ្ងៃនេះ តែយើងនឹងបន្តធ្វើ នៅតាមទីតាំងផ្សេងៗទៀត ព្រោះយើងឃើញមានការចោលសំរាមច្រើន»៕