អ្នកលេងក្បាច់គុនចម្រុះមានឈ្មោះបោះសំឡេងនៅកម្ពុជា ចាន់ រតនា បានកត់ចំណាំចំណុចពិសេសមួយចំនួនអំពី គូបដិបក្ខកីឡាករម្ចាស់ផ្ទះ Rudy Agustian ដែលត្រូវជួបគ្នានៅសង្វៀន ONE: FOR HONOR នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេស ឥណ្ឌូណេស៊ី។

ចាន់ រតនា បានថ្លែងអំពីចំណុចពិសេសគូប្រជែងបែបនេះ៖ «ខ្ញុំបានតាមដានវីដេអូ Rudy Agustian ជាច្រើន ហើយយល់ឃើញថា គាត់មានកម្លាំងខ្លាំងណាស់ រួមទាំងវីដេអូ កាច់ផ្ដួល ខុន ស៊ីចាន់ ត្រឹម ១ ទឹកប៉ុណ្ណោះ។ ក្រៅពីកម្លាំង ឬ ស៊ុហ្វ របស់គាត់ខ្លាំង ខ្ញុំមិនញញើតចំពោះបច្ចេកទេសរបស់គាត់ទេ។ ប៉ុន្តែខ្ញុំបានដឹងថា គាត់មានពិសោធន៍វ៉ៃនៅសង្វៀន One Championship ចំនួន ៣ ដងចុងក្រោយមិនដែលចាញ់ទេ។ ហើយប្រកួតចុងក្រោយទល់នឹងកីឡាករកម្ពុជា ខុន ស៊ីចាន់ គេក៏ឈ្នះដែរនៅ សិង្ហបុរី កាលខែ កុម្ភៈ។ ខ្ញុំផ្ដោតលើការការពារកម្លាំងបុករបស់គាត់ជាជាងក្បាច់របស់គាត់។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះកំពុងដុតដៃដុតជើង ហ្វឹកហាត់យ៉ាងខ្លាំងក្លារយៈពេលជាង ១ ខែមកនេះជាប្រចាំ ដើម្បីត្រៀមប្រកួតទល់នឹងជើងខ្លាំងរបស់ ឥណ្ឌូណេស៊ី។ រតនា មិនបាននាំគ្រួសារ ឬ ប្រពន្ធកូនទៅដើរលេងនៅទីណាទេ ជាពិសេសអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ត្រូវសំងំហ្វឹកហាត់ស៊ុហ្វដែរ ពោល ខ្លាចចាញ់កម្លាំង Rudy ដែលភាគច្រើនគេផ្ដួលគូប្រកួតដោយប្រើក្បាច់គាប និង ក្លេរ ខ្លាំងមហាសាល។

ទោះជាបែបណាក្ដី ម្ចាស់ក្លិបប្រដាល់សិល្បៈមិនហ៊ានកំណត់ថាប្រើក្បាច់បែបណាដើម្បីស៊ី Rudy ក្នុងគោលដៅសងសឹកឲ្យមិត្តរួមជាតិ ខុន ស៊ីចាន់ ទេ ប៉ុន្តែ ផ្ដោតលើក្បាច់ណាអាចយកឈ្នះបាន និង មើលតាមកាលៈទេសៈ នៅលើសង្វៀនរួមនឹងបច្ចេកទេសវ៉ៃព្រមគ្នា។ គ្រូបង្វឹកប្រចាំក្លិបសិល្បៈ សង្កត់ធ្ងន់ថា៖ «រឿងសំខាន់ គឺ ចេះការពារដើម្បីកុំឲ្យចូលក្បាច់ក្លេរ និង កម្លាំងគាបខ្លាំងរបស់គេ។»

ទោះជាការប្រកួតលំដាប់អន្តរជាតិកាន់តែខិតជិតមកដល់ អ្នកលេងក្បាច់គុនយុទ្ធក្រមខម និង គុនខ្មែរដដែលនេះមិនបានចេញទៅហ្វឹកហាត់នៅបរទេសដូចជា ថៃ ឬ មីយ៉ាន់ម៉ា នោះឡើយពោលហ្វឹកហាត់នៅក្នុងស្រុកតែប៉ុណ្ណោះ និង ឆ្លៀតឱកាសមើលថែក្លិបប្រដាល់របស់ខ្លួនផង។ ប្រសិនបើមានការប្រកួតលើកក្រោយ និង ពេលវេលាសមរម្យណាមួយនោះ កីឡាករជួរមុខក្បាច់គុនចម្រុះរូបនេះ អាចនឹងទៅបង្កើនសមត្ថភាពក្បាច់គុននៅក្រៅប្រទេសពេលទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិលើកក្រោយៗទៀត។

គួរដឹងថា ចាន់ រតនា មានកំណត់ត្រប្រកួតលើសង្វៀន MMA ចំនួន ៨ ដង ដែលក្នុងនោះ ឈ្នះ ៥ ដង និងចាញ់ ៣ ដង។ ប្រកួតលើកចុងក្រោយនៅសង្វៀន One Championship នៅប្រទេស ហ្វីលីពីន កាលខែ ធ្នូ ឆ្នាំ ២០១៨ រតនា ឈ្នះ Abrou Fernandes ដោយវ៉ៃឲ្យគូប្រជែងចុះចាញ់ត្រឹម ទឹកទី២ ប៉ុណ្ណោះ។ មិនត្រឹមជាកីឡាករប្រចាំសង្វៀនកម្រិតពិភពលោក One Championship អ្នកលេង MMA ប្រចាំក្លិប ប្រដាល់សិល្បៈរូបនេះក៏ មានប្រវត្តិប្រកួតប្រដាល់សេរីនៅកម្ពុជា និង ឡើងសង្វៀនតាមទូរទស្សន៍ច្រើនដងដែរ។

នៅថ្ងៃទី ៣ ឧសភា ខាងមុខនាប្រទេស ឥណ្ឌូណេស៊ី ក្រៅពី ចាន់ រតនា ដែលតំណាងឲ្យកម្ពុជា តតាំងនឹងកីឡាករម្ចាស់ផ្ទះ Rudy Agustian នៅសង្វៀន ONE: FOR HONOR ក៏មានកីឡាការិនីឆ្នើមជម្រើសជាតិ នៅ ស្រីពៅ ជួបកីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ដែរ៕