ម្ចាស់មេដាយមាសតែមួយគត់ក្នុងវិញ្ញាសាប្រដាល់តំណាងឲ្យកម្ពុជាកាលស៊ីហ្គេម ឆ្នាំ ២០១៧ នៅម៉ាឡេស៊ី ឃុន ឌីម៉ា កំពុងព្យាយាមសម្រួចវិជ្ជាគុនយ៉ាងខ្លាំងក្នុងគោលបំណងដណ្ដើមមេដាយមាសជាលើកទី២ របស់ខ្លួនជូនអ្នកគាំទ្រនៅកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះ។ ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន ចុងឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។

ឃុន ឌីម៉ា បានបង្ហើបអំពីការតាំងចិត្តបែបនេះ៖ «គោលដៅរបស់ខ្ញុំគឺដើម្បីស្វែងរកមេដាយមាសសម្រាប់ស៊ីហ្គេម ប៉ុន្តែខ្ញុំមិនហ៊ានអះអាងប្រាកដថាបាន ១០០% នោះឡើយព្រោះ កម្រិតស៊ីហ្គេមគេក៏ខ្លាំងៗដូចគ្នា។ បច្ចុប្បន្ន គីឡូខ្ញុំ៦៣ ហើយខ្ញុំត្រូវឡើងវ៉ៃគីឡូ ៦៤ នៅស៊ីហ្គេមឆ្នាំនេះតាមខ្ញុំដឹង។ យ៉ាងណាក្ដី ខ្ញុំហ្វឹកហាត់ត្រៀមជាប្រចាំ និង ឡើងសង្វៀនប្រកួតនានា ប្រៀបដូចជាការត្រៀមខ្លួនឲ្យបានល្អអីចឹងដែរ។ ទោះឡើងប្រកួតនៅទីណាមុនស៊ីហ្គេម ក៏ជាការត្រៀមខ្លួនរបស់ខ្ញុំដែរ»។

កីឡាករប្រដាល់មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបនេះបន្តថា លើសពីនេះទៅទៀតការចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI Palm ដែលរៀបចំដោយស្ថានីយទូរទស្សន៍ភីអិនអិន នាដើមខែ ឧសភា ខាងមុខនេះ ក៏ជាការត្រៀម និង ជាការរៀបចំខ្លួនដើម្បីធ្វើឲ្យខ្លួនរឹងមាំនៅស៊ីហ្គេមដែរ។ តាមការរំពឹងទុក បើសិនជាឈ្នះវគ្គជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រនោះ កម្មវិធីនេះនឹងត្រូវបញ្ចប់នៅខែ តុលា ឆ្នាំ ២០១៩ មុនការប្រកួតស៊ីហ្គេមចាប់ផ្ដើមរយៈពេល ១ ខែ។

ដើម្បីឲ្យការត្រៀមខ្លួនរឹតតែល្អបន្ថែមទៀត កីឡាករប្រដាល់មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យវ័យ ២៨ ឆ្នាំរូបនេះត្រូវបានកោះហៅឲ្យប្រមូលផ្ដុំនៅក្រុមជម្រើសជាតិនាចុង ខែ មេសា នេះ ឬ ដើមខែ ឧសភា ដែលទទួលការឧបត្ថម្ភពីក្រសួងអប់រំយុវជន និង កីឡា។ កូនប្រុសរបស់លោក ហេង ប៊ុនឃីម នឹងត្រូវហ្វឹកហាត់ជាមួយ គ្រូបង្វឹក អេ ភូថង និង ឡុង សាលវ័ន្ត រហូតដល់មុនចេញទៅប្រកួតនៅស៊ីហ្គេមតែម្ដង។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើក ២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៧ ដែលមាន១១ប្រទេសជាសមាជិកចូលរួមនោះប្រកួតប្រជែងនោះ កម្ពុជាទទួលបាន មេដាយសរុបចំនួន ១៧ គ្រឿង ក្នុងនោះទទួលបានមេដាយ មាស ៣ គ្រឿង ប្រាក់ ២ និង សំរឹទ្ធ ១២ គ្រឿង។ ក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ គ្រានោះ ឃុន ឌីម៉ា ឈ្នះមេដាយមាស ហើយ មឿន សុភា ឈ្នះមេដាយប្រាក់ ខណៈដែល ណាត សៀកនិន(ពេជ្រ ម្ទេសខ្មាំង) និង ឡៅ ចិត្រា ឈ្នះមេដាយសំរឹទ្ធ៕

អត្ថបទ៖ ស៊ីធី