មហិច្ឆតាប្រជែងរកការឈ្នះពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 ជាលើកដំបូងរបស់ក្រុមម្ចាស់ជើងឯករង២សម័យកាល Khmer United A វាបាននឹងកំពុងស្ថិតនៅលើផ្លូវមួយ ដែលមិនច្បាស់លាស់ បន្ទាប់ពីក្រុមមួយនេះ បានទៅចាញ់ក្រុមគូសត្រូវចាស់ Avatar FC ៣-១ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ Riel Phnom Penh បានបន្តឈ្នះជាលើកទី៧ ដើម្បីគ្រប់គ្រងតំបន់កំពូលតារាង។

ការបរាជ័យ ៣-១ នៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃអាទិត្យម្សិលមិញនោះ វាបានបញ្ជាក់ឲ្យឃើញថា Khmer United A នៅតែមិនអាចសងសឹងទៅលើក្រុមម្ចាស់ជើងឯក Avatar បានដដែល ដើម្បីជម្រះភាពហ្មងសៅ កាលពីអតីតកាល គឺពេលដែល Avatar បានយកឈ្នះ Khmer United និងមានប្រៀបត្រឹម១ពិន្ទុ ដើម្បីលើកពាននេះ កាលពីឆ្នាំ២០១៨។

បន្ថែមលើនេះ ការចាញ់ Avatar ៣-១ លើកនេះ វាបានធ្វើឲ្យក្រុម Khmer United កាន់តែទទួលរងនៅសម្ពាធ ចំពោះការប្រកួតជាបន្តបន្ទាប់ទៀត ដើម្បីប្រជែងយកពាន ព្រោះពេលនេះ Khmer United មានត្រឹម១៦ពិន្ទុដដែល និងបានធ្លាក់ពីលេខ២ មកឈរនៅលេខ៤វិញ ខណៈ Avatar ឡើងពីលេខ៤ទៅឈរនៅលេខ៣ ដោយមាន១៨ពិន្ទុ។

ផ្ទុយពីនេះក្រុម Riel Phnom Penh លត់ក្រុម ATK ក្នុងលទ្ធផល ១១-០ ដើម្បីបន្តឈរនៅលើកំពូលតារាង ដោយមាន២១ពិន្ទុ ជាមួយការឈ្នះទាំង៧ប្រកួត។ រីឯក្រុម ISI Group United បានបំបាក់ក្រុម Home Sport ១៣-១ ដើម្បីឡើងទៅឈរនៅលេខ២ ដោយមាន១៩ពិន្ទុ។

ចំណែកក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧ Bayon Wanderers និងក្រុមបាសាក់ រកបាន៣ពិន្ទុបន្ថែម ដើម្បីបន្តមាន១៥ពិន្ទុដូចគ្នា ព្រោះការប្រកួតលើកនេះ Bayon បានយកឈ្នះក្រុម Anvaya ៣-០ ហើយក្រុមបាសាក់ បានយកឈ្នះក្រុម Khmer United U22 ក្នុងលទ្ធផល ២-០។

ចំពោះលទ្ធផលការប្រកួតផ្សេងទៀត ក្រុម Mambo PP បានយកឈ្នះក្រុមគ្រួសារកីឡាករតាំងគោក ៣-២ ដើម្បីមាន១១ពិន្ទុ ឯក្រុម Sen Sok Empire FT បានយកឈ្នះក្រុម Sniper ៥-៣ ដើម្បីមាន៦ពិន្ទុ ប៉ុន្តែជំនួបរវាងក្រុម Khmer United B និងក្រុមទន្សោង ដែលរំខានទៅដោយតំណក់ភ្លៀងនោះ ត្រូវបានលើកទៅធ្វើនៅរសៀលម៉ោង៥ ថ្ងៃពុធ ខាងមុខនេះ៕