អ្នកប្រដាល់កំពុងឡើងកូដជាថ្មី ម៉ន សាម៉េត មកពីក្លឹបព្រែកឯងកីឡា ត្រេកអរខ្លាំងពេលមានឈ្មោះទៅវ៉ៃនៅប្រទេសមីយ៉ាន់ម៉ាជាគូឯក ប៉ុន្តែ ក៏មានការបារម្ភខ្លះៗសម្រាប់ការប្រកួតឆ្លងប្រទេសមួយនេះ។
ក្នុងពិភពប្រដាល់បច្ចុប្បន្ន សាម៉េត កំពុងឡើងកូដខ្លាំងណាស់ ហើយបានឲ្យដឹងទៀតថា ពិតជាសប្បាយចិត្តនៅពេលបានឱកាសប្រកួតនៅមីយ៉ាន់ម៉ា បែបនេះ ហើយក៏សូមអរគុណលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ដែលបានជួយឲ្យបានទៅប្រកួតទីនោះ ជាគូឯកកម្មវិធីថែមទៀត។ បញ្ជាក់ សាម៉េត ធ្លាប់បានឈ្នះតំណែងជាម្ចាស់ខ្សែក្រវាត់មួយនៅលើសង្វៀនរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។
អ្នកប្រដាល់ទម្ងន់ស្រាលរូបនេះបន្ថែមទៀតថា ចំពោះឧបសគ្គ ឬជាក្ដីបារម្ភរបស់គេនោះ គឺការរុំអំបោះវ៉ៃតាមរបៀបកម្មវិធីរបស់មីយ៉ាន់ម៉ា ហាក់ប្លែកសម្រាប់ខ្លួន ព្រោះកន្លងមកធ្លាប់ពាក់ហ្គង់ធម្មតា ឬពាក់ស្រោមដៃចេញម្រាមដូចជា UFC នោះទេ។ យ៉ាងណាក៏ដោយ ជើងខ្លាំងមកពីព្រែកឯង រូបនេះកំពុងហ្វឹកហាត់ខ្លាំង និងសន្យាព្យាយាមប្រកួតឲ្យបានល្អ។
រំលឹកដែរថា កីឡាករ ម៉ន សាម៉េត នឹងត្រូវចូលរួមប្រកួតកម្មវិធីដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា WLC នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ សាម៉េត នឹងត្រូវប៉ះជាមួយជើងខ្លាំងម្ចាស់ផ្ទះ ហើយជាតំណែងគូឯកប្រចាំកម្មវិធីនោះទៀតផង។ ការចេញទៅប្រកួតនេះគឺដឹកនាំដោយក្លឹបប្រដាល់ Cambodian Tom Team៕
អ្នកប្រដាល់ ម៉ន សាម៉េត បានវ៉ៃជាគូឯកជាមួយ Mite Yine នៅប្រទេសមីយ៉ាន់ម៉ាថ្ងៃទី៥ ខែឧសភា ខាងមុខនេះ
អត្ថបទទាក់ទង