អ្នក​គាំទ្រ​នៅ​កម្ពុជា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​​ទុក​​ដាក់​រាល់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ​​ព័ត៌មាន​អនឡាញ​ ទូរទស្សន៍​ និង ​កាសែត​​​មុន​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​​​​​ Rudy Agustian ​និង ​ខ្ចី​ចាស់​ ​ចាន់ រតនា​ ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ ​​នា​រដ្ឋធានី​​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​។

ទន្ទឹម​គ្នា​នេះ​ ​ជើង​ខ្លាំង​ទាំង​ពីរ​មាន​ចំណុច​​ខ្លះ​ប្រហាក់​ប្រហែល​គ្នា​ដែល​ ដែល​​​អ្នក​តាម​​ដាន​​​មិន​ទាន់​ដឹង​ដូច​ខាង​ក្រោម។ ដ្បិត​មិន​ដែល​ជួប​​គ្នា​ពី​មុន​មក​ ​ប៉ុន្តែ Rudy Agustian ​និង​ ​​ចាន់​ រតនា​ មាន​បទ​ពិសោធ​​លើ​សង្វៀន​ ONE ប្រហាក់​ប្រហែល​គ្នា។​ គូ​ប្រកួត​ទាំង​ពីរ​នេះ​មាន​អាយុ​​​ដំណាល​​គ្នា​​គឺ ​៣៣ ឆ្នាំ។​

Rudy ​មាន​​ឈ្មោះ​ក្រៅ​ថា «The Golden Boy» ជា​តារា​ប្រចាំ​សង្វៀន​​កម្រិត​ពិភព​លោក​​នេះ​​​​​ពី​ឆ្នាំ​ ២០១៦ មក​ ដែល​ឡើង​វ៉ៃ​បាន​ ៦ ​ដង​ក្នុង​នោះ​ឈ្នះ​ ៥ ដង​ និង ចាញ់ ​១ដង។ បរាជ័យ​របស់​ ​Rudy ក្រោយ​ថ្វី​ដៃ​របស់ មិត្ត​រួម​ជាតិ​ Rengga Raphael Richard ​កាល​ចុង​ឆ្នាំ​​ ២០១៦ និង​ជា​ប្រកួត​លើក​ទី២​​របស់​ខ្លួន​លើ​សង្វៀន​ដដែល​នេះ។​ ​​ប្រកួត​ចុង​ក្រោយ​វិញ​ Rudy ​បាន​យក​ឈ្នះ​​កីឡាករ​កម្ពុជា​​ ខុន ស៊ីចាន់ ​ត្រឹម​តែ​ទឹក​ទី១ ប៉ុណ្ណោះ​ដោយ​​ប្រើ​ក្បាច់​បោក​ហើយ​កាច់​ចូល​ឃ្លេ។​ ​

ងាក​មក​កាន់​តារា​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា​វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ ពោល​ឡើង​​ប្រឡូក​​លើ​រេញ​ ONE បាន​ចំនួន ៧ ​ដង (បើ​គិត​វ៉ៃ​ក្នុង​ស្រុក​​ទៀត​បាន​ ៨​ដង) តាំង​ពី​ឆ្នាំ​ ២០១៤ មក ​ហើយ​គេ​ជា​តារា​ប្រចាំ​សង្វៀន​អន្តរជាតិ​នេះ​ដូច​គ្នា។ ​​ក្នុង​​ការ​ប្រកួត​ ៧ ​ដង​លើ​សង្វៀន​ ONE Championship ​រតនា​ ឈ្នះ​ចំនួន​ ​៤ ​ដង​ និង ​ចាញ់​ ៣ ដង។ ​

ក្នុង​​ការ​​ប្រកួត​លើង​ចុង​ក្រោយ​​​​វ៉ៃ​​កីឡាករ​ឥណ្ឌូណេស៊ី​ Abrou Fernandes ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២​ ប៉ុណ្ណោះ ​កាល​ខែ ធ្នូ​ ​​​ចុង​​ឆ្នាំ​ ២០១៨។ ​នេះ​​វា​ដូច​ជា​ការ​ឈ្នះ​ ប្ដូរ​គ្នា ​ព្រោះ​ រតនា​ ឈ្នះ ​កីឡាករ​ឥណ្ឌូណេស៊ី​ ​ខណៈ​​​គូ​ប្រកួត​ Rudy ឈ្នះ​កីឡាករ​ ខុន ស៊ីចាន់ របស់​កម្ពុជា។​