Priscilla Hertati Lumban Gaol ជាកីឡាការិនីមានប្រៀបខាងម្ចាស់ផ្ទះត្រូវតតាំង អ្នកលេងជើងថ្មីកីឡាការិនិជម្រើសជាតិកម្ពុជា នៅ ស្រីពៅ នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបនេះមានរឿងមួយចំនួនគួរឲ្យកត់សម្គាល់ដែលត្រូវដឹងមុនការប្រកួតចាប់ផ្ដើម។

កីឡាការិនី Priscilla Hertati Lumban Gaol មានវ័យ ៣០ ឆ្នាំ ច្រើនជាង នៅ ស្រីពៅ រហូតដល់ ៦ ឆ្នាំ។ Priscilla ជាកីឡាការិនីប្រចាំសង្វៀន ONE Championship តាំងពីឆ្នាំ ២០១៧ មក និង មានបទពិសោធន៍ច្រើនជាងគូបដិបក្ខតំណាងឲ្យកម្ពុជា។ កីឡាការិនីសញ្ជាតិឥណ្ឌូណេស៊ី រូបនេះប្រកួតលើសង្វៀនកម្រិតពិភពលោក ONE បានចំនួន ៩លើក ក្នុងនោះឈ្នះ ៥លើក និង ចាញ់ ៤ លើក។ ការប្រកួតចុងក្រោយនៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ Priscilla ចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Puja Tomar ទាំងទឹកភ្នែកក្រោយប្រកាសលទ្ធផល។

កាលវ័យ១៧ ឆ្នាំ កីឡាការិនីមកពីក្លឹប Siam Tigershark ធ្លាប់ហ្វឹកហាត់ក្បាច់គុន វូស៊ូ ហើយធ្លាប់អត់ចូលរៀនមួយសប្ដាហ៍ដើម្បីទៅសំងំហ្វឹកហាត់ក្បាច់គុននេះ មុនពេលឪពុកម្ដាយដឹង។ ទោះឪពុកម្ដាយបដិសេធចំពោះការហ្វឹកហាត់ក្បាច់គុនក៏ដោយ តែ Priscilla បានព្យាយាមពន្យល់រហូតដល់អ្នកមានគុណទាំងពីរយល់ព្រម ព្រោះរូបគេស្រលាញ់ការសិក្សាផងនិងក្បាច់គុនផង។ ហើយមិនយូរប៉ុន្មានកីឡាការិនិម្ចាស់ស្រុករូបនេះ ក៏បានចូលហ្វឹកហាត់ប្រដាល់ជាបន្តបន្ទាប់។ កីឡាការិនីដដែលនេះធ្វើឲ្យឳពុកម្ដាយមានមោទនភាពភាពដោយឈ្នះមេដាយសំរឹទ្ធពីការប្រកួតជើងឯកវូស៊ូកម្រិតពិភពលោក ហៅថា Wushu World Championship ដែលតំណាងឲ្យឥណ្ឌូណេស៊ី។

បើក្រឡេកមកកាន់កីឡាការិនីជម្រើសជាតិកម្ពុជាវិញមានបទពិសោធន៍ខ្ចីជាងគូប្រជែងព្រោះទើបឡើងសង្វៀន ONE បានម្ដងប៉ុណ្ណោះកាលឈ្នះកីឡាការិនីថៃ Rika Ishige នាពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនៅប្រទេសថៃ។ យ៉ាងណាក្ដី នៅ ស្រី ឈ្នះការប្រកួត ២ ដងទល់នឹង កីឡាការិនិមីយ៉ាន់ម៉ា Shwe Sin Min ក្នុងគម្លាតរយៈពេល ១ ឆ្នាំ។ ហើយ ស្រីពៅមានឈ្មោះត្រដែត ក្រោយជាប់ឈ្មោះជា កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship របស់ប្រទេសមីយ៉ាន់ម៉ា។

ទោះជាបែបណាក្ដី កីឡាការិនីកម្ពុជាបានហ្វឹកហាត់ក្បាច់ប្រដាល់សេរីតាំងពីឆ្នាំ ២០១៣ និង មានបទពិសោធន៍ក្រាស់មុនចេញទៅប្រកួតលើសង្វៀនក្រៅស្រុក។ ស្រីពៅ ចាប់ផ្ដើមហាត់ប្រដាល់ជាមួយលោកគ្រូ ញ៉ូវ ម៉ាក និង ម៉ាក សាខន នៅក្លឹបតាលីដំរីមានរិទ្ធិ កាល ៦ ឆ្នាំមុន មុនរូបគេទៅហ្វឹកហាត់គុនជម្រុះ ដើមឆ្នាំ ២០១៩ ជាមួយគ្រូហ៊ុន ច័ន្ទរាជ្យ និង ហាត់វ៉ៃសាកលជាមួយគ្រូវ៉ែន សុផល និង គ្រូជនជាតិគុយបា Rolando Castellano ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេចុងឆ្នាំនេះ។

តាមរយៈបទពិសោធន៍ Priscilla មានភាពជោកជាំហើយមានកម្លាំងមហាសាលដែល កីឡាការិនីវ័យ ២៤ ឆ្នាំរបស់កម្ពុជាទទួលស្គាល់។ ប៉ុន្តែ ស្រីពៅ បានបង្ហើបថាមានស្នៀតទប់ទល់រួចហើយពោល វ៉ៃត្រង់ ដកឃ្លា ដោះឃ្លេ និង មិនឲ្យ Priscilla ផ្ដួលបានងាយៗឡើយដើម្បីបង្ការគ្រោះថ្នាក់។ កូនសិស្សរបស់លោក ហ៊ុន ច័ន្ទរាជ្យ នៅតែរក្សាជំហរវ៉ៃប្រយោល និង វ៉ៃដោះខ្លួនការពារមិនអាចឲ្យដៃគូចូលកៀកពេកបានទេ ព្រោះនេះជាចំណុចខ្លាំងរបស់ខ្លួននាការប្រកួតកន្លងទៅមក។

បន្ទាប់ពីដឹងចំណុចភ័យខ្លាចរបស់ គូបដិបក្ខ លោក ហ៊ុន ច័ន្ទរាជ្យ បានបង្វឹក ស្រីពៅ ផ្នែកកម្លាំង ក្បាច់ឃ្លេ-ចាប់ និង ក្បាច់ការពារកុំឲ្យគេផ្ដួលបាន។ គ្រូបង្វឹកនៅក្លឹប Cambodian Top Team មានជំនឿ លើ ស្រីពៅ ថានឹងធ្វើបានល្អ សម្រាប់អ្នកគាំទ្រនៅកម្ពុជា ទោះកីឡាការិនិម្ចាស់ផ្ទះមានពិសោធន៍លើសង្វៀននេះច្រើនជាងរហូតដល់ ៨ ដងក៏ដោយ៕

អត្ថបទ៖ ស៊ីធី