បើគេនិយាយអំពីគុនចម្រុះ នោះគេត្រូវនឹកឃើញដល់លោក Alan Mccune ដែលបានបង្ហាត់កូនសិស្សជិត ១០០ នាក់នៅព្រះរាជាណាចក្រកម្ពុជានៅពេលស្ថានីយទូរទស្សន៍ល្បីក្នុងស្រុក ស៊ីធីអិន និង MyTV រៀបចំការប្រកួតជើងឯកគុនចម្រុះហៅថា Khmer Warrior Challenges តាំងពីឆ្នាំ ២០១៣ មក។ គ្រានោះការប្រកួតជើងឯកបានកើតឡើងក្រោម ការផ្ដួចផ្ដើមរបស់សពលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡាស្ថានីយទូរទស្សន៍ ស៊ីធីអិន និង បានអញ្ជើញគ្រូបង្វឹកសញ្ជាតិស្កុតឡែន Alan ទៅបង្ហាត់ជុំគ្នាដើម្បីប្រកួតជើងឯក។

កាលនោះមានកូនសិស្សមានឈ្មោះបោះសំឡេងជាច្រើនធ្លាប់ហ្វឹកហាត់ជាមួយលោកដូចជា ចាន់ សំអាត, រិន សារ័ត្ន, មាស ម៉ើ និង ខុន ស៊ីចាន់ ជាដើម។ លោក Alan ដែលបង្វឹក MMA តាំងពីឆ្នាំ ១៩៩៦ បានថ្លែងថា៖«ឆ្នាំ ២០១៣ ជាឱកាសដំបូងដែលខ្ញុំបានបង្វឹកក្បាច់គុន MMA ដល់កូនសិស្សនៅកម្ពុជាក្នុងវិធី Khmer Warrior Challenges ដែលរៀបចំដោយ ស៊ីធីអិន និង MyTV ដែលមានរយៈពេល ៣ រដូវកាល។ MMA ខុសពីគុនខ្មែរ ដោយសារតែមានក្បាច់ច្រើន ត្រូវការពេលយូរ និង ត្រូវការហាត់បច្ចេកទេសជាប្រចាំ។ ហើយខ្ញុំក៏រីករាយ ដែលបានរួមចំណែកចូលរួមធ្វើឲ្យ MMA កម្ពុជាមានមុខមានមាត់ និង សប្បាយចិត្តធ្វើការនៅស្រុកខ្មែររយៈពេល ៧ ឆ្នាំមកនេះ»។

មិនត្រឹមតែបង្ហាត់គុនចម្រុះនៅក្លឹប Phnom Penh MMA លោកជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនសន្តិសុខអន្តរជាតិ (International Security Company) ប្រចាំនៅភ្នំពេញ សៀមរាប និង បាត់ដំបង ដែលមានបុគ្គលិកប្រមាណ ១០០០ នាក់។ គ្រូបង្វឹកវ័យ ៥១ រូបនេះសង្កត់ធ្ងន់ថា៖ «កីឡាករ MMA ត្រូវតែស្វែងរកគ្រូបង្វឹកត្រឹមត្រូវ និងយល់ដឹងអំពីក្បាច់គុននេះ មិនមែនចេះតែយកលុយទិញបានទេ។ ខ្ញុំយល់ថា កីឡាករត្រូវប្រកួតដើម្បីលុយ ប៉ុន្តែគេត្រូវហ្វឹកហាត់ឲ្យខ្លាំង និង ត្រឹមត្រូវដើម្បីទទួលជ័យជម្នះអមដោយប្រាក់រង្វាន់»។

ទោះរវល់នឹងការងារក្រុមហ៊ុនយ៉ាងក្ដីលោកមិនបោះបង់ការសាបព្រួសក្បាច់គុន MMA ដល់កូនសិស្សឡើយ ពោលនៅតែឆ្លៀតពេលខ្លះដើម្បីបង្ហាត់នៅក្លឹប Phnom Penh MMA។ កូនសិស្សដែលហ្វឹកហាត់ជាប់លាប់ជាមួយលោក គឺ ខុន ស៊ីចាន់។ ក្រោយផ្អាកឡើងសង្វៀនមួយរយៈ កីឡាករជើងឯក Khmer Warrior Challenges រូបនេះបានលេចមុខលើសង្វៀនវិញជាពិសេសបានបង្ហាញមុខលើរេញលំដាប់ពិភពលោក ONE Championship ពេលជួប Rudy Agustianកាលខែ កុម្ភៈនៅប្រទេសសិង្ហបុរី។

គួរដឹងថា លោក Alan Mccune មករស់នៅកម្ពុជារយៈ ៧ ឆ្នាំមកហើយ និងបានរៀបការជាមួយភរិយាជនជាតិខ្មែរទៀតផង។ នៅកម្ពុជា លោកបង្ហាត់គុនចម្រុះដំបូងនៅឆ្នាំ ២០១៣ ពេលស្ថានីយទូរទស្សន៍ល្បីក្នុងស្រុក ស៊ីធីអិន និង MyTV រៀបចំជើងឯកគុនចម្រុះលើកដំបូងមានឈ្មោះថា Khmer Warrior Challenges។ ចាប់តាំងពីឆ្នាំ ១៩៩៦ មក លោកមិនត្រឹមតែបង្ហាត់ គុនចម្រុះប៉ុណ្ណោះទេថែមទាំង បង្ហាត់ជីជិតស៊ូ , Kickboxing, Jeet Kune Do , និង Philipino Kali ទៀតផង៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី