កីឡាការិនីគុនខ្មែរពីររូប សំ ថារ័ត្ន និង វី ស្រីខួច បានបង្ហើបអំពីចំណុចព្រួយបារម្ភរបស់ កីឡាការិនីនៅ ស្រីពៅ តទល់នឹងកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេស ឥណ្ឌូណេស៊ី។

កីឡាការិនីល្បុក្កតោ សំ ថារ័ត្ន មើលឃើញថា៖ «ខ្ញុំខ្លាចក្បាច់ចូលចាប់ និង ឃ្លេ របស់ Priscilla ព្រោះស្រីពៅ បានរៀនក្បាច់ឃ្លេត្រឹមរយៈពេលខ្លី ត្រឹមប្រហែល ១ ខែ មុនទៅវ៉ៃជាមួយ Rika។ ខ្ញុំគិតថាអ្នកទាំងពីរវ៉ៃឈរច្រើនជាងវ៉ៃឱប ហើយបើឈរវ៉ៃអាចចាវគ្នា»។ សំ ថារ័ត្ន គូសបញ្ជាក់ទៀតថា ស្រីពៅ នឹងប្រើកម្លាំងរុញចេញ និង វ៉ៃការពារបើសិនករណីកីឡាការិនីវ័យ ៣០ ឆ្នាំរបស់ ឥណ្ឌូណេស៊ី ចូលចាប់ផ្ដួល។ បែបណាក្ដី កីឡាការិនី សំ ថារ័ត្ន ជឿជាក់ ស្រីពៅ នឹងព្យាយាមធ្វើឲ្យបានល្អ និង ទទួលជ័យជម្នះក្នុងការប្រកួតលើកទី២ នៅសង្វៀន ONE Championship ព្រោះស្រីពៅ តស៊ូខ្លាំងហើយមានកម្លាំងដៃខ្លាំងបើហ្វឹកហាត់ដល់។

កីឡាការិនីប្រដាល់ជម្រើសជាតិ វី ស្រីខួច ដែលមានអាយុ ២៥ ឆ្នាំ បានបញ្ចេញទស្សនៈថា៖ «ខ្ញុំបារម្ភ ស្រីពៅ ខ្លាចចាញ់កម្លាំង ស៊ុហ្វគេ។ Priscilla Hertati Lumban Gaol មានកម្លាំងស៊ុហ្វ និងកម្លាំងបុកខ្លាំង។ ប៉ុន្តែរឿងដែលខាងយើងអាចមានប្រៀប គឺ មានតែវ៉ៃដោះ គេចឲ្យរហ័ស ដូចកាលប៉ះ Riga ព្រោះ ស្រីពៅ ក៏មិនសូវខ្លាំងស្នៀតឃ្លេ និង កាច់ដែរ។ មួយរយៈរវល់ទៅវ៉ៃជម្រើសជាតិផ្នែកសកលនៅថៃទៀត ដែលធ្វើឲ្យការហ្វឹកហាត់ស្នៀតឃ្លេបានតិច មុនចេញទៅប្រកួត»។ ស្រីខួច ដែលធ្លាប់ឡើងសង្វៀន ONE Championship ទល់នឹង May Ooi រូបបារម្ភមួយទៀតគឺក្បាច់ឃ្លេ និង ចាប់ផ្ដួលរបស់ Priscilla ព្រោះគេធ្លាប់ធ្វើបានជោគជ័យនាពេលកន្លងមក។

ក្នុងកំណត់ត្រាលើសង្វៀន ONE Championship កីឡាការិនី Priscilla Hertati Lumban Gaol មានវ័យ ៣០ ឆ្នាំ និងតារាប្រចាំនៅសង្វៀនធំក្នុងលោកមួយនេះតាំងពីឆ្នាំ ២០១៧ មក។ Priscilla លើសង្វៀនល្បីនេះបានចំនួន ៩ ដង ក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៤ដង។ រីឯការប្រកួតចុងក្រោយ Priscilla ចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Puja Tomar ដែលបញ្ចប់ដោយទឹកភ្នែកក្រោយអាជ្ញាកណ្ដាលប្រកាសលទ្ធផលចាញ់។ ដ្បិតមិនទាន់មានបទពិសោធន៍ជោកជាំលើសង្វៀន ONE តែ នៅ ស្រីពៅ ជាប់ជាកីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា កាលចុងឆ្នាំ ២០១៨។ ទើបតែឡើងសង្វៀន ONE បានម្ដងគត់ គេធ្វើឲ្យអ្នកគាំទ្ររីករាយ និង ទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការឈ្នះ កីឡាការិនីថៃ Rika Ishige កាលពីពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩នៅប្រទេសថៃ៕

អត្ថបទ៖ ស៊ីធី