គ្រូបង្វឹក សាន សៅយ៉ាន់ កំពុងដឹកនាំកូនសិស្ស សុខ ធី ហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅក្លឹប Cambodian Top Team ដើម្បីត្រៀមជួបជើងខ្លាំងកីឡាករម្ចាស់ផ្ទះថៃ Rodtang Jitmuangnon នៅសង្វៀន ONE: WARRIORS OF LIGHT នាថ្ងៃទី១០ ខែ ឧសភា ខាងមុខនៅក្រុងបាងកក ប្រទេសថៃ។

គ្រូបង្វឹកមកពីក្លឹបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យរូបនេះបានបញ្ជាក់អំពីការត្រៀមខ្លួនបែបនេះ៖ «ខ្ញុំបានត្រៀមស្នៀតខ្លះជូន កូនសិស្ស ហើយ យើងបានពិភាក្សាជាមួយគ្រូបង្វឹកនៅក្នុងក្លឹបជាមួយគ្នាផងដែរ។ យើងមិនអាចចូលវ៉ៃប្ដូរទឹកទី១ទេ បើហ៊ានប្ដូរ ឬ ហក់ខ្លាំងច្បាស់ជាមិនដល់ចប់ទឹកទី៣ឡើយ ព្រោះគេល្អមួយកំប្លេ បុក ទាត់ ម៉ាត់ ធាក់ និងវ៉ៃ។ ខ្ញុំមិនអាចឲ្យកូនសិស្សបុកប្ដូរបានទេ ប៉ុន្តែយើងត្រូវវ៉ៃទប់ វ៉ៃត្រង់ ធាក់ការពារ …វ៉ៃដកឃ្លាៗដោយភាពរហ័សរហួនរបស់យើង»។

គ្រូបង្វឹកវ័យ ៤០ ឆ្នាំរូបនេះបញ្ជាក់ថា កីឡាករទាំងពីរ បើសិនជាអ្នកណាវ៉ៃចូលគឺលំបាកដូចគ្នា ហើយការប្រកួតនេះលទ្ធផលរំពឹងទុកគឺ ៥០% ដូចគ្នា។ គ្រូបង្វឹក សុខធី ដដែលនេះជឿជាក់ថា ទោះលទ្ធផលល្អ ឬ មិនល្អ ប៉ុន្តែការប្រកួតនេះដាច់ខាតល្អមើលខ្លាំងណាស់។ ប៉ុន្តែអ្វីដែលលំបាកបន្តិច គឺ កាកា ដំឡើងគីឡូទៅវ៉ៃ ៦១,៤ គីឡូក្រាម ដែលកន្លងទៅកូនសិស្សរបស់លោកប្រកួតក្នុងគីឡូ ៥៧ ឬ ៥៨ គីឡូក្រាមប៉ុណ្ណោះ។ បើសិនជាគិតទៅ វាហាក់ចាញ់ប្រៀបបន្តិច ព្រោះ កាកា គីឡូតូចត្រូវទៅវ៉ៃ គីឡូគេធំ។

ទន្ទឹមគ្នានោះ កីឡាករវ័យ ២២ ឆ្នាំ សុខ ធី បានប្រាប់បង្ហើបទស្សនៈផ្ទាល់ខ្លួនថា៖ «ខ្ញុំបានត្រៀមរួចរាល់ហើយ ហើយខ្ញុំមើលឃើញថា Rodtang ល្អជាង Leardsila។ Rodtang មានក្បាច់ដើរចូលវ៉ៃ និង ចូលទាត់ ខុសពី Leardsila ដែលវ៉ៃដកថយៗ។ យ៉ាងណាក្ដី ខ្ញុំនឹងខំប្រឹងឲ្យពីសមត្ថភាព និង វ៉ៃតំណាងឲ្យកម្ពុជា»។

កាកា ឡើងប្រកួតលើសង្វៀនកម្រិតអន្តរជាតិ ONE Championship បានចំនួន ២ ដង។ ការប្រកួតលើកទី១ កាកា ចាញ់ជើងខ្លាំងកីឡាករថៃ Leardsila ដោយពិន្ទុ កាលពាក់កណ្ដាលឆ្នាំ ២០១៨។ ប៉ុន្តែ ម្ចាស់ជើងឯកគុនខ្មែរគូបូតាប្រចាំសង្វៀនប៉ុស្តិ៍បាយ័ន នៅតែចាញ់ពិន្ទុ លើកីឡាករថៃ Leardsilaដដែល ក្នុងជំនួបសងសឹកកាលចុងឆ្នាំ ២០១៨។ នេះជាការប្រកួតលើកទី៣ សម្រាប់រូបគេនៅថ្ងៃទី ១០ ឧសភា ខាងមុខ និង ជាកីឡាករខ្មែរតែម្នាក់គត់នៅក្នុងសង្វៀន ONE: WARRIOR OF LIGHT។ ការប្រកួតរាល់ដងនៅសង្វៀន ONE ត្រូវបានកាកា ទម្លាយថាទទួលបានថ្លៃឈ្នួលចំនួន ៥ ពាន់ដុល្លារអាមេរិក៕

អត្ថបទ៖ ស៊ីធី