កីឡាករកម្ពុជា ចាន់ រតនា បានយកឈ្នះលើដៃគូ​ Rudy Agustian ដែលជាម្ចាស់ផ្ទះបានហើយ ក្នុងការប្រកួត​ ONE Championship កាលពី​មុននេះបន្តិច ធ្វើឱ្យប្រជាជនកម្ពុជា មានមោទនភាពខ្លាំងមែនទែន។

អ្នក​គាំទ្រ​នៅ​កម្ពុជា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​​ទុក​​ដាក់​រាល់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ​​ព័ត៌មាន​អនឡាញ​ ទូរទស្សន៍​ និង ​កាសែត​​​មុន​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​​​​​ Rudy Agustian ​និង ​ខ្ចី​ចាស់​ ​ចាន់ រតនា​ ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​កាលពីថ្ងៃទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​កន្លងមក​ ​​នា​រដ្ឋធានី​​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​។

ចាន់ រតនាថា ៖ ខ្ញុំដឹង​ក្បាច់ដៃគូ គេមានកម្លាំងខ្លាំង ទើបទឹក១វាយទប់ ទឹក២ វាយផ្ដាច់ ទើប​ខ្ញុំឈ្នះសម្រាប់បច្ចេកទេសវាយដែលទទួលបានជ័យជម្នះនេះ ហើយខ្ញុំបានព្យាយាមការហ្វឹកហាត់យ៉ាងដិតដល់ផងដែរ។ ជាពិសេស​បច្ចេកទេស​ដោះឃ្លេ និង​មើល​ដៃគូតែម្ដង។

កីឡាករវ័យ​៣៣​ឆ្នាំ​បន្ថែម​ថា លោក​ដឹង​ទឹក​ទី​១ Rudy នឹង​ប្រើ​កម្លាំង​ខ្លាំង ដើម្បី​ផ្ដួលរូបគេ ទើប​បាន​ជា រតនា ​ព្យាយាម​វាយ​ទប់ មិន​ប្រឹង​ខ្លាំង ដើម្បី​អស់​កម្លាំង​នោះ​ទេ។ រង់ចាំ​ទឹក​ទី២ ដែល Rudy រាងអស់​កម្លាំង​បន្តិច​នោះ ទើប​រូបគេ ដែល​ខំ​ប្រមូលកម្លាំងតាំងពីទឹក១មក​នោះ វាយ​ផ្ដាច់ទឹកនេះ ដើម្បី​យក​ជ័យជម្នះ​តែ​ម្ដង។ ជា​លទ្ធផល គឺ​បាន​សម្រេចមែន រហូតទទួលបានជ័យជម្នះយ៉ាងធំធេងដូច្នេះ។