ខ្សែប្រយុទ្ធ កែវ សុខផេង បានក្លាយជាកីឡាករទី១ ដែលបានបំបែកកំណត់ត្រា ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូនទីបានច្រើនជាង ជាបណ្តោះអាសន្ន នៅក្នុងការប្រកួតលីកកំពូលកម្ពុជា បន្ទាប់ពីរូបគេរកបាន៧គ្រាប់តែម្នាក់ឯង ពេលក្រុមវិសាខា ឈ្នះក្រុមខេត្តកំពង់ចាម ១៤-០ ប៉ុន្តែ សុខផេង ហាក់នៅមិនទាន់ស្កប់ចិត្តជាមួយជ័យជម្នះដ៏ធំមួយនេះទេ។

កែវ សុខផេង បាននិយាយថា៖ «ការរកបាន៧គ្រាប់ លើកនេះ ខ្ញុំសប្បាយចិត្ត ប៉ុន្តែគោលដៅរបស់ខ្ញុំ គឺខ្ញុំចង់បានគ្រាប់បាល់ច្រើនជាងនេះ ព្រោះសម្រាប់ខ្ញុំ គ្រប់ការប្រកួត ការឆ្ពោះទៅរកការឈ្នះបានស្បែកជើងមាសនេះ គឺខ្ញុំប្រជែងផង និងលេងជាក្រុមផង»។ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា រូបនេះ បានបន្ថែមថា៖«ការប្រជែងរកស្បែកជើងមាស នៅក្នុងរដូវកាលនេះ វាសំខាន់សម្រាប់ខ្ញុំ តែធ្វើម៉េចលទ្ធផលជួនកាលយើងទាត់ចូលច្រើន ហើយជួនកាលយើងទាត់ចូលតិច ប៉ុន្តែគោលដៅធំ គឺខ្ញុំនៅតែចង់បានស្បែកជើងមាស»។

សម្រាប់ការប្រកួត នៅកីឡដ្ឋានវិសាខា កាលពីថ្ងៃសៅរ៍ កន្លងមកនេះ កែវ សុខផេង រកបាន៥គ្រាប់ នៅក្នុងតង់ទី១ គឺនៅនាទីទី៣ ទី១២ ទី២៣ ទី៣០ និងនាទីបន្ថែម ៤៥+១ ហើយនៅតង់ទី២ រូបគេរកបាន២គ្រាប់ទៀត នៅនាទីទី៦៩ និងនាទីទី៧១ ហើយលទ្ធផលនេះវាបានបង្ហាញថា កែវ សុខផេង បានក្លាយជាកីឡាករដំបូងគេ ដែលរកបាន៧គ្រាប់តែម្នាក់ឯង ដោយបានលុបចោលកំណត់ត្រានៃការរកបាន៦គ្រាប់តែម្នាក់ឯងរបស់ខ្សែប្រយុទ្ធ Privat កាលពីរដូវកាល ឆ្នាំ២០១៨។

ជាមួយនឹងការរកបាន៧គ្រាប់តែម្នាក់ឯងនេះ វាក៏បានជួយឲ្យក្រុមវិសាខា បំបែកកំណត់ត្រា ក្នុងនាមជាក្រុមរកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងត្រឹម១ប្រកួត នៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ជាបណ្តុះអាសន្នផងដែរ ព្រោះការឈ្នះ ១៤-០ លើក្រុមខេត្តកំពង់ចាមនេះ វាច្រើនជាងការឈ្នះ ១១-០ ដូចគ្នា របស់ក្រុមអង្គរថាយហ្គឺរ និងក្រុមក្រសួងការពារជាតិ ដែលបានឈ្នះក្រុមខេត្តកំពង់ចាម កន្លងមកនេះ៕