អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ដែលវ៉ៃកីឡាករម្ចាស់ផ្ទះ Rudy Agustian ឲ្យចុះចាញ់នៅទឹកទី២កាលថ្ងៃសុក្រសប្ដាហ៍មុនលើសង្វៀន ONE: FOR HONOR នារដ្ឋធានី ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី នោះមិនចាត់ទុកខ្សែភាពយន្តប្រើក្បាច់គុនទាត់ធាក់ជាជម្រើសដំបូងនោះឡើយ ប៉ុន្តែ បែរចូលចិត្តទស្សនារឿងប្រលោមលោកបែបវិទ្យាសាស្ត្រ «Jurassic World » ទៅវិញ។

គ្រូបង្វឹកនៅក្លិប «សិល្បៈ» រូបនេះបញ្ជាក់ថា ៖«រឿងដែលខ្ញុំតាមដាន និង ចូលចិត្តបំផុត គឺ Jurassic World ហើយខ្ញុំមើលដល់ភាគចុងក្រោយ Jurassic World: Fallen Kingdom ឯណោះពេលចេញជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០១៨។ ឈុតដែលខ្ញុំពេញចិត្តជាងគេ គឺ រាល់ពេលឈុតឆាក ដាយណូស័រ បើកការវាយប្រហារមកលើមនុស្ស ដែលធ្វើឲ្យរន្ធត់ខ្លាំងណាស់ ព្រឺព្រួច ហើយ ខ្ញុំរឹតតែចង់តាមដាន»។

ភាពយន្ត Jurassic World ចេញបាន ៥ វគ្គហើយមកដល់ពេលនេះ វគ្គទី១ Jurassic Park ចាប់បញ្ចាំងកាលថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ១៩៩៣, វគ្គទី២ The Lost World: Jurassic Park ចាប់បញ្ចាំង ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៩៧, វគ្គទី៣ Jurassic Park III ចាប់បញ្ចាំង ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១, វគ្គទី៤ Jurassic World ចាប់បញ្ចាំងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៥, និង វគ្គទី៥ Jurassic World: Fallen Kingdom ចាប់បញ្ចាំងនៅថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨។

ចំណែក វគ្គទី៦ ដែលមានឈ្មោះថា Jurassic World 3 នឹងចាប់បញ្ចាំងនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខ។ លោក J.A Bayona ជាផលិតករដឹកនាំវគ្គទី៥រឿង Jurassic World: Fallen Kingdom និង ផលិតដោយក្រុម ហ៊ុន Universal Pictures ហើយ វគ្គបន្ទាប់ទី៦ Jurassic World 3 ដែលគ្រោងចេញបញ្ចាំងនៅ ២ ឆ្នាំខាងមុខនឹងដឹកនាំដោយផលិតករ Colin Trevorrow។

ការដែលចិត្តរឿងបែបវិទ្យាសាស្ត្រនេះ ត្រូវបានអ្នកលេងយុទ្ធគុនខមសង្កត់ធ្ងន់ថា ៖«ខ្ញុំត្រូវការអារម្មណ៍ខុសប្លែកខ្លះៗ ដែលធ្វើឲ្យវាស្រស់ស្រាយ ព្រោះខ្ញុំជាអ្នកហាត់ក្បាច់គុនទៅហើយ។ ការទស្សនាបែបនេះទើបធ្វើឲ្យខុសគ្នាពីការហាត់គុន។ ពេលខ្លះក៏ធុញដែរ ហាត់ និងបង្ហាត់ក្បាច់គុនពេញម៉ោងហើយ និង ត្រូវមើលភាពយន្តក្បាច់គុនច្រើនទៀត គឺ ដដែលៗ»។

យ៉ាងណាក្ដី ភាពយន្តបន្ទាប់បន្សំដែល រតនា ចូលចិត្តទស្សនានោះគឺ ជាខ្សែភាពយន្តដែលមានតារាក្បាច់គុនបែបកំប្លែងទិនហ្វី បុរសមុខមាំកុំកុំ និង លីលានជា។ រតនា បន្ថែមថា គេចូលចិត្តតួសម្ដែង ៣ ដួងនេះតាំងពីខ្លួនមានអាយុប្រហែល ១០ ឆ្នាំមកម៉្លេះ។

គួរដឹងដែរថាកូនប្រុសរបស់លោក ចាន់ ប៊ុនធឿន ជាតារាប្រចាំសង្វៀន ONE តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ប្រឡូកលើរេញ ONE បានចំនួន ៨ ដង (បើគិតវ៉ៃក្នុងស្រុកទៀតបាន ៩ដង) ដែលក្នុងនោះ ឈ្នះចំនួន ៥ ដង និង ចាញ់ ៣ ដង។ ក្នុងការប្រកួត២លើកចុងក្រោយ កីឡាករអាយុ ៣៣ ឆ្នាំតំណាងឲ្យកម្ពុជា វ៉ៃកីឡាករឥណ្ឌូណេស៊ីឲ្យចុះចាញ់ទឹកទី២ ដូចគ្នាលើសង្វៀន ONE ពោលឈ្នះ Rudy Agustian កាលសប្ដាហ៍មុន និង ឈ្នះ Abrou Fernandes កាលខែ ធ្នូ ចុងឆ្នាំ ២០១៨។ ម្ចាស់ក្លិប «សិល្បៈ» ឈ្នះ Rudy គឺជាការចងចាំមួយដ៏ល្អ និង ជាថ្នូរនឹងការសងសឹកឲ្យមិត្តរួមជាតិ ខុន ស៊ីចាន់ ដែលបានចាញ់កីឡាករឥណ្ឌូណេស៊ី រូបនេះនៅសិង្ហបុរី កាលខែ កុម្ភៈ៕

អត្ថបទ៖ ស៊ីធី