ការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI PALM នឹងធ្វើការប្រកួតដណ្ដើមខ្សែក្រវាត់មាស ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម អមដោយប្រាក់រង្វាន់ ៤០លានរៀល ចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅនៅសង្វៀនទូរទស្សន៍ភីអិនអិន។

ថ្លែងក្នុងសន្និសីទបើកនៅព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ លោក សុខ វិចត្រ ដែលជានាយកទីផ្សារ ISI Palm បានលើកឡើងថា នេះជាការប្រកួតដើម្បីលើកស្ទួយវិស័យកីឡាក្បាច់គុនបុរាណខ្មែរ ហើយក៏ជាការពង្រឹងសមាសភាពកីឡាករកម្ពុជា ដើម្បីឆ្ពោះព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែរ។

ការដណ្ដើមយកខ្សែក្រវាត់ក្នុងកម្មវិធី «អធិរាជគុនខ្មែរ ISI PALM» មានរូបមន្តថ្មីពិសេសអស្ចារ្យដោយកំពូលកីឡាករប្រដាល់កម្ពុជា ៨រូប តតាំងជាមួយជើងខ្លាំងថៃ ៨នាក់ វគ្គចាញ់ធ្លាក់ដោយគ្មានសន្សំពិន្ទុអ្វីឡើយ ហើយរៀងរាល់ខែ កីឡាករកម្ពុជា ២រូប នឹងតតាំងទល់នឹងកីឡាករថៃ ២រូបដូចគ្នា។ អ្នកឈ្នះនឹងឡើងប្រកួតដណ្ដើមខ្សែក្រវាត់ ប្រាក់ប្រចាំខែ ទល់នឹងអ្នកឈ្នះដូចគ្នាបន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវាត់ទាំង៤ ពួកគេនឹងតតាំងគ្នាក្នុងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាសតែម្តង។

ការប្រកួតនេះនឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ ម៉ោង ១២ថ្ងៃត្រង់ ចាប់ផ្ដើមពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ តទៅនៅសង្វៀនទូរទស្សន៍ភីអិនអិន ដោយបានសម្រិតសម្រាំងកំពូលអ្នកប្រយុទ្ធគុនខ្មែរ ៨រូបរួមមាន ឃីម ឌីម៉ា, ឡៅ ចិត្រា, សុខ សាវិន, លន បញ្ញា, កូយ ឡាយ, ធន់ មករា, ឡុង ជិន នឹង សារឿន ចាន់៕
Credit: Freshnewsasia