អ្នកជំនាញគុនចម្រុះលោក Alan Mccune និងជាគ្រូបង្វឹកនៅក្លឹប្រដាល់ Phnom Penh MMA បានថ្លែងថា កីឡាករ ចាន់ រតនា អាចដណ្ដើមខ្សែក្រវាត់ក្នុងកម្រិតគីឡូ Flyweight Champions និង អាចក្លាយជាម្ចាស់ខ្សែក្រវាត់ដំបូងគេសម្រាប់កម្ពុជាទៀតផងលើសង្វៀនកម្រិតពិភពលោក ONE Championship ។ ការថែ្លងបែបនេះបន្ទាប់ពីលោក Alan Mccune បានទស្សនាការផ្សាយបន្តផ្ទាល់ពេល ចាន់ រតនាឈ្នះ ជើងខ្លាំងកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian នាល្ងាចថ្ងៃទី ៣ ខែ ឧសភា ម្សិលមិញ លើសង្វៀនONE :FOR HONOR។

គ្រូបង្វឹកសញ្ជាតិស្កុតឡែនដែលបង្វឹកគុនចម្រុះតាំងពីឆ្នាំ ១៩៩៦ មកនោះគូសបញ្ជាក់ទៀតថា៖ «ចាន់ រតនា បានបង្ហាញថាគេជាកីឡាករល្អបំផុតក្នុងពិភពគុនចម្រុះរបស់កម្ពុជានាយប់ម្សិលមិញ។ មួយទៀត គេពិតជាឆ្លាតណាស់ដែលអាចដោះខ្លួន និង ដោះក្បាច់ឃ្លេរបស់ Rudy នៅទឹកទី១ ពេល កីឡាករឥណ្ឌូណេស៊ី ព្យាយាមផ្ដួលរូបគេម្ដងជាពីរដងនៅទឹកដំបូង។ ហើយ រតនា បានបង្ហាញក្បាច់អស្ចារ្យណាស់នៅទឹកទី២ ដោយការទាត់កាត់ និង ក្បាច់ប្រដាល់គុនខ្មែរ។

គ្រូបង្វឹកដែលរស់នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៧ ឆ្នាំមកនេះបន្តថា ម្ចាស់ក្លឹប «សិល្បៈ» បានសងសឹកឲ្យកូនសិស្សរបស់ខ្លួន ខុន ស៊ីចាន់ បន្ទាប់ពី ចាញ់ Rudy ក្នុងទឹកទី១ កាលចុងខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនៅសិង្ហបុរី និង បង្ហាញអំពីមោទនភាពចំពោះអ្នកគាំទ្រនៅកម្ពុជាទាំងមូល។ ជាមួយគ្នានោះលោកបានកោតសរសើរថាគ្រូបង្វឹករបស់ ចាន់ រតនា លោក Lorenzo បានបង្វឹក រតនា យ៉ាងល្អមុនការប្រកួតចាប់ផ្ដើម ជាពិសេសក្បាច់គេចចេញពីការជាប់ឃ្លេ។

បន្ទាប់ពីការទទួលជ័យជម្នះ ចាន់ រតនា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា៖ «Rudy Agustian មានកម្លាំងខ្លាំងក្នុងការចូលចាប់ឃ្លេ ប៉ុន្តែខ្ញុំបានហាត់ខ្លាំងក្នុងក្បាច់ដោះឃ្លេនេះបាននៅទឹកទី១។ ពេលចូលទឹកទី២ ខ្ញុំព្យាមវ៉ៃមិនឲ្យ Rudy ចូលចាប់ទេ ហើយទឹក២នេះ ភរិយាខ្ញុំថា Rudy អស់ហើយបុកទៅ ទើបខ្ញុំដើរចូលវ៉ៃយកឈ្នះតែម្ដង។ ហើយបើដល់ទឹកទី៣ គាត់ក៏គ្មានស៊ុហ្វដែរ ព្រោះគាត់ធ្លាក់កម្លាំងតាំងពីទឹកទី២។ បើមិនឈ្នះទឹក២ ក៏ខ្ញុំនៅឈ្នះទឹកទី៣ដែរ»។

ទន្ទឹមគ្នានោះគ្រូបង្វឹកដែលគ្រប់គ្រងក្រុមហ៊ុនសន្តិសុខអន្តរជាតិរូបនេះ បញ្ចេញទស្សនៈថា នៅ ស្រីពៅ ចាញ់ ក៏ពិតមែនប៉ុន្តែ កីឡាការិនី កម្ពុជាធ្វើបានល្អដោយអាចរើចេញពីក្តារេញ។ លោកបញ្ជាក់ថា៖ «Priscilla មើលទៅគឺខ្លាចញញើតនឹងក្បាច់ប្រយុទ្ធរបស់ ស្រីពៅ ដូច្នេះគេត្រូវតែចូលវ៉ៃឲ្យកៀក។ យ៉ាងណាក្ដី ស្រីពៅ បានខំប្រឹងយ៉ាងខ្លាំងក្លា និង អាចក្លាយជាកីឡាការិនីកំពូលគុនចម្រុះរបស់កម្ពុជានៅថ្ងៃអនាគត»។

នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ឧសភា ចាន់ រតនា វ៉ៃ កីឡាករសញ្ជាតិឥណ្ឌូណេស៊ីឲ្យចុះចាញ់ ត្រឹមទឹកទី២។ ចំណែក នៅ ស្រីពៅ ចាញ់ពិន្ទុកីឡាការិនីសញ្ជាតិឥណ្ឌូណេស៊ីមានបទពិសោធន៍ច្រើនវ័យ៣០ឆ្នាំ Priscilla Hertati Lumban Gaol។ រីឯកីឡាករថៃ Sam-A ដែលមានស្រុកកំណើតនៅបុរីរ៉ុំា និង និយាយខ្មែរបានច្រើននោះរបូតខ្សែក្រវាត់ ONE SUPER SERIES FLYWEIGHT WORLD CHAMPION ដោយចាញ់ពិន្ទុកីឡាករមកពីចក្រភពអង់គ្លេស Jonathan Haggerty៕