​កីឡាករ សុខ ធី បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ជួប​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon ក្នុង​ព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT នាទី​ក្រុង​បាងកក ​ប្រទេស​ថៃ ​នា​ល្ងាច​ថ្ងៃទី​១០ ខែឧសភា​ស្អែក ​ ស្របពេល​លោក ហ៊ុន ចាន់​រាជ ​បាន​ស្នើ​អ្នកគាំទ្រ​ត្រូវ​ជឿជាក់​លើ​សមត្ថភាព ​សុខ ធី មិន​ត្រូវ​វាយតម្លៃ​លក្ខណៈ​មើលងាយ​សមត្ថភាព​អ្នកលេង​គុន​ខ្មែរ​រូប​នេះ​ឡើយ ។

កីឡាករ​រហស្សនាម “​កា​កា​” បាន​បញ្ជាប់​ក្រុមការងារ​ទូរទស្សន៍ BTV-News នៅ​ប្រទេស​ថៃ​ថា ការប្រកួត​ស្អែក​នេះ គឺជា​ជំនួប​ដ៏​អស្ចារ្យ​របស់ខ្លួន ​ដ្បិត​រូបគេ ប៉ង​ជួប Rodtang ជា​យូរ​មកហើយ ។ បន្ថែម​លើ​នេះ សុខ ធី បាន​បង្ហើប​ថា​ នឹង​ប្រើ​យុទ្ធសាស្ដ្រ​ថយ​ទាត់ ​និង​ថយ​ម៉ាត់ ​ដើម្បី​ទល់​ទល់​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ​ព្រោះ សុខ ធី បាន​ទស្សន៍ទាយ​ទុក​ថា ​Rodtang នឹង​សម្រុក​វាយ​មកលើ​ខ្លួន​មុន ។

ទន្ទឹម​ជាមួយគ្នា ប្រធាន​ក្លឹប Cambodian Top Team និង​ជា​អ្នកដឹកនាំ​កីឡាករ​ខ្មែរ ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ONE បាន​បញ្ជាក់ថា ដ្បិត​មើលទៅ​ សុខ ធី រាង​ក្មេងខ្ចី​ជាង Rodtang តែ​អ្នក​រៀបចំ​កម្មវិធី ONE មិនមែន​ចេះតែ​ចាប់​គូប្រកួត​នោះទេ​ ត្រូវ​អ្នកគាំទ្រ​ត្រូវ​ជឿជាក់ ​និង​លើកទឹកចិត្ត សុខ ធី សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ទី​៣​ លើស​ង្វៀន ONE ស្អែក​នេះ ។ ​ការលើកឡើង​បែបនេះ ​គឺ​លោក​ចង់​ឆ្លើយតប​ទៅនឹង​អ្នកគាំទ្រ​មួយចំនួន ​ដែល​លើកឡើងថា សុខ ធី ប៉ះ Rodtang ប្រៀបបាន​យក​ពងមាន់​ជល់​នឹង​ថ្ម ។

គួរ​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​៣ ដែល សុខ ធី ត្រូវបាន​ស្ថាប័ន ONE Championship ​ចាប់​គូប្រកួត ហើយ​ជួប​សុទ្ធតែ​ជើង​ខ្លាំងៗ​លំដាប់​ពិភពលោក​របស់​ថៃ​ តួយ៉ាង​ចូលរួម ​២​លើក​មុន ​កាលពី​ឆ្នាំ​២០១៨ សុខ ​ធី បាន​ជួប​កីឡាករ​ជើងចាស់ Lerd Sila របស់​ថៃ តែ​គួរ​ឲ្យ​ស្ដាយ ​គេ​បាន​បរាជ័យ​ដោយ​ពិន្ទុ​ទាំង ២​លើក ​។ តែ​លើក​នេះ សុខ ធី បាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ​ដើម្បី​ស្ដារ​មុខមាត់​ខ្លួន និង​ដណ្ដើម​កិត្តិយស​ជូន​ជាតិ​វិញ ៕
Credit: BTV Cambodia