ការប្រកួតដណ្តើមខ្សែក្រវាត់ «អធិរាជគុនខ្មែរ ISI Palm» ក្នុងប្រភេទទម្ងន់៦០កីឡូក្រាម របស់សង្វៀន PNN ក្រោមការឧបត្ថម្ភផ្តាច់មុខរបស់ក្រុមហ៊ុន ISI Palm នោះ បានឯកភាពគ្នា ប្រើនូវរូបមន្តប្រកួតខុសប្លែកពីសង្វៀនផ្សេងៗ ដែលមិនអាចឲ្យកីឡាករណាម្នាក់ឡើងវ៉ៃធ្វើលំៗ គ្រាន់តែបង្រ្គប់កិច្ច ឬរក្សាកម្លាំង ដើម្បីត្រៀមឡើងទៅប្រកួតនៅវគ្គបន្តនោះទេ។

តាមការប្រកាសនៅក្នុងសន្និសីទកាសែត នៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃពុធ កន្លងមកនេះ បានឲ្យដឹងថា ការប្រកួតដណ្តើមខ្សែក្រវាត់ ដែលមានប្រាក់រង្វាន់ដ៏ច្រើន ហើយនឹងចាប់ប្រកួតពីថ្ងៃទី១៩ ខែឧសភា តទៅនោះ មិនយករូបមន្តប្រកួតជម្រុះវិលជុំក្នុងពូល ឬប្រកួតវិលជុំរវាងកីឡាករបរទេស និងកម្ពុជា ដែលសង្វៀនផ្សេងៗបានធ្វើនោះទេ គឺ PNN បានកំណត់យករូបមន្តប្រកួតចាញ់ធ្លាក់ៗ រហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង។

មានន័យថា នៅក្នុងចំណោមកីឡារកម្ពុជា៨នាក់ និងថៃ៨នាក់ គឺគេកំណត់ឲ្យកីឡាករកម្ពុជា២នាក់ និងថៃ២នាក់ ប្រកួតជម្រុះចាញ់ធ្លាក់ៗ នៅរៀងរាល់ខែ ដើម្បីយកអ្នកឈ្នះ ទៅជួបអ្នកឈ្នះ ដណ្តើមគ្នាខ្សែក្រវាត់ប្រាក់ ហើយក្រោយរកឃើញអ្នកឈ្នះខ្សែក្រវាត់ប្រាក់គ្រប់៤នាក់ហើយ គឺពួកគេ នឹងត្រូវឈានចូលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់មាស អមដោយទឹកប្រាក់១ម៉ឺនដុល្លារតែម្តង។

លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ប្រធានគ្រប់គ្រងកីឡាប្រចាំស្ថានីយ៍ទូរទស្សន៍ PNN បាននិយាយថា៖«ភាពដដែលៗ ជាសត្រូវនៃភាពរីកចម្រើន ក្នុងការអភិវឌ្ឍក្បាច់គុនខ្មែរ ហេតុនេះបើយើងធ្វើដូចស្ថានីយ៍ផ្សេងៗ គឺវាគ្មានអ្វីប្លែកនោះទេ អ៊ីចឹងការកំណត់ប្រើរូបមន្តប្រកួតបែបនេះ គឺវាជាភាពថ្មី និងប្លែកមួយរបស់ PNN ដើម្បីផ្តល់ជូនឲ្យប្រិយមិត្តយើងបានប្លែកអារម្មណ៍»។

លោក សំណព្វ បានបញ្ជាក់ថា៖«យើងចង់រកឲ្យឃើញ នៅគុណភាពពិតប្រាកដរបស់កីឡាករយើង ថាតើអ្នកណា ជាអ្នកខ្លាំងពិតប្រាកដ នៅក្នុងចំណោមអ្នកទាំង៨នេះ ព្រោះរូបមន្តថ្មីនេះ គឺទាំងកីឡាករខ្មែរ និងថៃ មិនអាចវ៉ៃធ្វើលំៗបានទេ។ បើសិនជាគេវ៉ៃលំៗ នឹងធ្លាក់ចេញពីការប្រកួតក្នុងវគ្គជម្រុះណាមួយជាមិនខាន ដូច្នេះពួកគេ ត្រូវខំប្រឹងវ៉ៃឲ្យអស់ពីសមត្ថភាព គឺបើអ្នកណាខ្សោយ និងធ្លាក់ តែបើខ្លាំង នឹងឈ្នះលើកទី១ រហូតដល់លើកទី៤ គឺអ្នកណោះ នឹងបានខ្សែក្រវាត់មាស និងប្រាក់រង្វាន់៤០លានរៀល ជាមិនខាន»។

គួរបញ្ជាក់ថា កីឡាករជើងខ្លាំង និងមានសមត្ថភាពរបស់កម្ពុជា៨នាក់រួមមាន ឃីម ឌីម៉ា, ឡៅ ចិត្រ្តា, តាញ់ មករា, សុខ សាវិន, លន បញ្ញា, កូយ ឡាយ, ឡុង ជិន, និង សារឿន ច័ន្ទ គឺជាបេក្ខភាព ដែលត្រូវដាក់ឲ្យប្រកួតដណ្តើមយកខ្សែក្រវាត់មាស និងប្រាក់រង្វាន់១ម៉ឺនដុល្លារជាមួយអ្នកប្រដាល់ថៃ៨នាក់ផ្សេងទៀត។ ជាមួយគ្នានេះ លោក សុខ វិចិត្រ នាយកផ្នែកពាណិជ្ជកម្មរបស់ ISI Steel ដែលជាក្រុមហ៊ុនសម្ព័ន្ធមិត្តរបស់ ISI Palm ក៏បានបង្ហាញពីទស្សនៈវែងឆ្ងាយ ក្នុងការជួយលើកកម្ពស់តម្លៃខ្លួនរបស់កីឡាករកម្ពុជាផងដែរ ទើបលោកហ៊ានដាក់ប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារ ខណៈសង្វៀនផ្សេងៗ មានប្រាក់រង្វាន់លេខ១ច្រើនបំផុតត្រឹម៦ពាន់ដុល្លារនោះ។

លោកបានបញ្ជាក់ថា៖«ការផ្តល់រង្វាន់មួយធំ ដែលអាចនិយាយបានថា មិនធ្លាប់មាននៅតាមស្ថានីយ៍ផ្សេង ឬស្ពន់ស័រផ្សេងនោះ គឺដោយសារយើងចង់បង្ហាញឲ្យស្ពន់ស័រផ្សេងទៀតឃើញថា យើងពិតជាបានចូលរួមលើកស្ទួយវិស័យកីឡាមែន ដែលមិនសម្រាប់តែបានផលប្រយោជន៍បានពីការផ្សាយពាណិជ្ជកម្មមួយមុខនោះទេ ប៉ុន្តែយើងពិតជាចូលរួម ដើម្បីលៃលកយ៉ាងណា ឲ្យតម្លៃខ្លួនកីឡាករយើង បានឡើងខ្ពស់ទៅថ្ងៃអនាគត ហេតុនេះយើងត្រូវតែចាប់ផ្តើម នៅពេលនេះ ព្រោះបើយើងមិនចាប់ផ្តើម តើបានអ្នកណាចាប់ផ្តើម? »៕