​​សំ ថារ័ត្ន ​​ជា​កីឡា​ការិនី​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​​​ទាំងអស់​​​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​​​​ហ្វឹកហាត់​ជា​មួយ​​ស្ដេច​ប្រដាល់​លំដាប់​ពិភព​លោក​ Manny Pacquiao​ ​កាល​ខែ​មករា​​ ឆ្នាំ​២០១៩​​​កន្លង​ទៅ​នៅ​រដ្ឋ​ Los Angeles ​សហរដ្ឋ​អាមេរិក​ ​ពោល​​​​​​ពេល​ជួប​នៅ​គេហដ្ឋាន​របស់​ស្ដេច​ប្រដាល់​រូប​នេះ​នៅ​​ទី​នោះ​តែ​ម្តង។ កីឡា​ការិនី​វ័យ​២៨​ ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ៖ «អារម្មណ៍​ពេល​ហ្នឹង​ ដូច​ឆ្កួត​អីចឹង​ ​ដូច​គិត​ថា​ថត​កុន​បន្តិច​ ​​​ដូច​យល់សប្ដិ​បន្តិច​​ម៉េច​​ទេ។ កាល​ហ្នឹង​ខ្ញុំ​ទៅ​​​ជា​មួយ​មិត្តភ័ក្ដិ​ដើម្បី​ផ្សព្វផ្សាយ​​ល្បុក្កតោ​ខ្មែរ​ នៅ​ Los Angeles ​​ហើយ​មិត្ត​​ខ្ញុំ​ឈ្មោះ​ រ៉ូប៊ឺត​ ​​មាន​ទំនាក់​ទំនង​ជា​មួយ​​ក្រុម​ការងារ​ Manny Pacquiao​»។

កីឡា​ការិនី​​ដែល​​ចូល​រួម​​​សម្ដែង​រឿង«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ​របស់​​កំពូល​តារា​ហូលីវូដ​ Angelina Jolie រូប​នេះ​រៀប​រាប់​ទៀត​ថា ​មិត្ត​របស់​ខ្លួន​​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​​ក្រុម​ការងារ​ Pac Man ទើប​ធ្វើ​ឲ្យ​រូបគេ​បាន​ចូល​ទៅ​កៀក​ ​​ស្គាល់​ផ្ទះ​​​ ស្នាក់​នៅ​ផ្ទះ​សេ្ដច​ប្រដាល់​​ដដែល​នេះ​បាន​​ប្រហែល​មួយ​​ម៉ោង​​ និង ​បាន​ហ្វឹកហាត់​ជា​មួយ​ Pac Man ទៀត​ផង​ទោះ​រយៈ​ពេល​ខ្លី​ក្ដី។

រូប៊ឺត​ បាន​ប្រាប់​​ក្រុម​ការងារ​ ​ស្ដេច​ប្រដាល់​ហ្វីលីពីន​ ថា​ មាន​ក្មេង​ស្រី​ម្នាក់​ហាត់​ក្បាច់​គុន​​ម្នាក់​មក​ពី​​កម្ពុជា​​​​​ចង់​ជួប​​ ហើយ​​ស្ដេច​ប្រដាល់​រូប​នេះ​​ក៏​​យល់​ព្រម​នា​គ្រា​នោះ។ ​កីឡា​ការិនី​​ដែល​ធ្លាប់​ប្រឡូក​នៅ​សង្វៀន​ ONE ​បញ្ជាក់​បែប​នេះ ៖«​ខ្ញុំ​បាន​ហ្វឹកហាត់​កម្ដៅ​សាច់​​ដុំ​ ហាត់​យក​កម្លាំង​ស៊ុហ្វ​ និង​ហាត់​​រត់​ជា​មួយ​គាត់ ​Pac Man ​​រួម​ទាំង​ហាត់​កាច់​ពោះ​នៅ​ពេល​ព្រឹក។ គាត់​អ្នក​ល្បី​អីចឹង​ មាន​​ក្រុម​ការពារ​សន្តិសុខ​គាត់​តឹងរ៉ឹង​ណាស់​ តែ​​គាត់​​ផ្ដល់​កិត្តិយស​​ឲ្យ​ខ្ញុំ​ណាស់​ដែរ​​ ហើយ​ក្រុម​គាត់​បាន​​ដេញ​ខ្ញុំ​ឲ្យ​ទៅ​រត់​ក្បែរ​គាត់​ ​ទោះ​គេ​កៀស​អ្នក​ផ្សេង​ចេញ​ក៏​ដោយ។ អ្វី​ដែល​ខ្ញុំ​ចង​ចាំ​បំផុត​ គឺ​គាត់​​បង្ហាត់​ខ្ញុំ​ឲ្យ​វ៉ៃ​ខ្យល់​យ៉ាង​លឿន​សាហាវ​ណាស់​ រួម​ទាំង​ការ​វ៉ៃ​ស្រមោល​ ​ហើយ​​ការ​កាច់​​ពោះ​វិញ​​ឲ្យ​ខ្ញុំ​កាច់​​​ពោះ​ឡើង​​លើស​កំណត់…​ចង់​ក្អួត»។

ដ្បិត​មិន​​បាន​សន្ទនា​ច្រើន​ជា​មួយ​​ស្ដេច​ប្រដាល់​ហ្វីលីពីន​ កីឡា​ការិនី​​​រហស្សនាម​ថា​ «Little Frog»​ បាន​​ណែ​នាំ​ខ្លួន​​​ដែរ​​ថា​ ៖«ខ្ញុំ​ជា​អ្នក​ហាត់​ក្បាច់​គុន​ល្បុក្កតោ​​ខ្មែរ​ ហើយ​មក​ទីនេះ​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់​គុន​នៅ​អាមេរិក។ គាត់ [Pac Man] ​ឆ្លើយ​ថា​ អូ Cambodia Good»។​ ​​ទោះ​មិន​បាន​ឆ្លើយ​ឆ្លង​ច្រើន​ដោយ​សារ​​មាន​អ្នក​​ការពារ​​សុវត្ថិភាព​​​​ច្រើន និង​មនុស្ស​កកកុញ​ផង​​​នោះ​​ ប៉ុន្តែ​ សំ ថារ័ត្ន ​បង្ហើប​ថា​​បាន​ប៉ុណ្ណឹង​ក៏​អស់​ចិត្ត​ដែរ។

អ្វី​ដែល​​​​គួរ​​ឲ្យ​ភ្ញាក់​ផ្អើល​​មួយ​ទៀត​នោះ​​ពេល​កាច់​ពោះ​រក​កល់​ចង់​ក្អួត​អម​​​ដោយ​ទឹក​​មុខ​​​របស់​​ សំ ថារ័ត្ន​ អស់​កម្លាំង​ផង​​ ​តែ​​ Pac Man ​​ក្រឡេក​ភ្នែក​មក​ប្រាប់​ថា ​«Don’t give up; keep going» ​ដែល​ប្រែ​ថា​​ភាសា​ខ្មែរ​ថា​ «​កុំ​បោះបង់ ​សូម​បន្ត​ធ្វើ​វា»។ កូន​សិស្ស​របស់​​​​​លោក​គ្រូ​តា​ សាន គឺមស៊ាន​ ​បាន​​សរសើរ​ចំពោះ​ទង្វើ​​​យក​ចិត្ត​ទុក​ពី​សំណាក់​ស្ដេច​ប្រដាល់​មក​លើ​រូប​ខ្លួន​ ​ព្រោះ​ថា​បើ​ប្រៀប​កម្រិត​គឺ​ ដូច​មេឃ​និង​ដី។ កម្រិត​ស្ដេច​ប្រដាល់​ Pac Man ​កប់​ពពក​ ប៉ុន្តែ​​​​នៅ​តែ​​ផ្ដល់​កិត្តិយស​​ជួយ​​ណែនាំ​​​ការ​បង្ហាត់​​ទោះ​រយៈ​ពេល​​ខ្លី ​សួរ​នាំ​ខ្លួន​ក្នុង​ចំណោម​ហ្វូង​មនុស្ស​​ជា​ច្រើន​ និង​ទទួល​បាន​​ការ​ចុះហត្ថលេខា​លើ​ហ្គង់​​​ទៀតផ។

ស្ដេច​ប្រដាល់​​​​​ពិភព​លោក​ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន ​ Manny Pacquiao ​បាន​មក​ទស្សនកិច្ច​ផ្លូវ​ការ​​កាល​ចុង​ឆ្នាំ​ ២០១៦​ នៅ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​​​ពេល​អម​ទស្សនកិច្ច​ផ្លូវ​​រដ្ឋ​ជា​មួយ​ប្រធានា​ធិបតី​​ហ្វីលីពីន​ លោក​ Rodrigo Duterte ​ កាល​​​ពាក់​កណ្ដាល​ខែ​ ធ្នូ​ ​ឆ្នាំ​ ២០១៦។ ក្នុង​នាម​​ស្ថាប័ន​កំពូល​ ​​ឯកឧត្ដម ថោង ខុន ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ទទួល​ Pac Man យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ហើយ​ ​ស្ដេច​ប្រដាល់​នៅ​អាស៊ី​រូប​នេះ​សន្យា​មក​ទស្សនកិច្ច​នៅ​កម្ពុជា​​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ និង​ជា​អ្នក​បង្ហាត់​បង្ហាញ​​ក្បាច់​ប្រដាល់​ដល់​កីឡាករ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៧។ ប៉ុន្តែ​ ​គម្រោង​ការ​​​នេះ​ត្រូវ​ស្ងប់​​ស្ងាត់​ទៅ​វិញ​​រហូត​ដល់​ពេល​​នេះ​ដោយ​សារ​តែ​ភាព​មមាញឹក៕
Credit: Sabay