កីឡាករ Rodtang Jitmuangnon ​បាន​តាំងចិត្ត​យ៉ាង​មុតមាំ និង​ផ្ដួល​ជើង​ខ្លាំង​កម្ពុជា សុខ ធី ឲ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ​ក្នុង​ជំនួប​លើស​ង្វៀន ONE Championship នៃ​កម្មវិធី WARRIORS OF LIGHT នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ល្ងាច​នេះ។ តែ​ទន្ទឹម​ជាមួយគ្នា Rodtang ​ក៏​រំពឹង​ថា សុខ ធី នឹង​បញ្ចេញ​អស់​ក្បាច់ ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ជក់ចិត្ត​ផង​ដែរ។​

Rodtang​ បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា នៅ​ប្រទេស​ថៃ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ខ្លួន​បាន​ស្គាល់​ច្បាស់ សុខ ធី ហើយក៏​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​អ្នកលេង​គុន​ខ្មែរ​នេះ​ដែរ។ ដូច្នេះ​គេ​សង្ឃឹមថា សុខ ធី នឹង​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​មាន​ឲ្យ​អស់ ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​នេះក្លាយ​ជា​ជំនួប​ដ៏​ជក់ចិត្ត​លើស​ង្វៀន ONE ដ្បិត​រូបគេ​មាន​មហិច្ឆតា​ចង់​ផ្ដួល សុខ ធី ក៏ដោយ។​​

សូម​បញ្ជាក់​ថា សុខ ធី នឹង​ត្រូវ​ប៉ះ​កីឡាករ​លំដាប់​កំពូល​របស់​ថៃ Rodtang ​នៅ​គូ​ទី​៩ ប្រចាំ​ព្រឹត្តិការណ៍ ONE Championship៖ WARRIORS OF LIGHT ដែល​ជា​គូ​ពិសេស ហើយក៏​មាន​អ្នកគាំទ្រ​ខ្មែរ និង​ថៃ​ជាច្រើន​កំពុង​ទន្ទឹង​រង់​ចាំ​ទស្សនា​ផង​ដែរ ដ្បិត​អ្នកគាំទ្រ​ចង់​ឲ្យ​ពួកគេ​ជួប​គ្នា​ជា​យូរ​មក​ហើយ។ ដូច្នេះ​សូម​កុំ​ភ្លេច​ចូលរួម​លើកទឹកចិត្ត​កីឡាករ​កម្ពុជា សុខ ធី ហៅ កា​កា ឲ្យ​បាន​ច្រើន​កុះករ ហើយ​ក្រុម​ការងារ​ទូរទស្សន៍ BTV-News ក៏​នឹង​បន្ត​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ថ្មីៗជុំវិញ​ការ​បង្ហាញ​ខ្លួន​លើក​ទី​៣ លើស​ង្វៀន ONE របស់​កីឡាករ សុខ ធី បន្ថែម​ទៀត​ផង​ដែរ៕