គ្រូបង្វឹកសញ្ជាតិស្កុតឡែន Alan Mccune ដែលគេស្គាល់ថាជាគ្រូបង្វឹកគុនចម្រុះរបស់ ខុន ស៊ីចាន់ នោះបានចូលបម្រើការងារជាអង្គរក្សតាំងពីឆ្នាំ ១៩៩៣ នៅប្រទេសស្កុតឡែន និង បន្តមកការពារតារាល្បីៗមួយចំនួនពេលមកទស្សនកិច្ចនៅកម្ពុជាមួយរយៈចុងក្រោយនេះ។

គ្រូបង្វឹកគុនចម្រុះនៅក្លិប Phnom Penh MMA រូបនេះបញ្ជាក់ថា៖ «ខ្ញុំចាប់ផ្ដើមធ្វើការងារជាអង្គរក្សនៅឆ្នាំ ១៩៩៣ នៅ ស្កុតឡែន។ ខ្ញុំការពារតារាល្បីៗមួយចំនួនដូចជា Rod Stewart, Bono U2, Bob Geldof, George Clooney, Beyonce និង Lisa Marie Presley ជាដើម។ ខ្ញុំបានធ្វើការក្នុងខ្សែភាពមួយចំនួនទៀតផង។ កាលនោះខ្ញុំបានធ្វើការជាសន្តិសុខបើកឡានរបស់តារាប៊ូលីវូតឥណ្ឌា Shahid Kapoor ក្នុងខ្សែភាពយន្ត Mausam ពេលថតនៅស្កុតឡែន»។ គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះបានផ្លាស់មកធ្វើការនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០១៣ ហើយលោកបានធ្វើការការពារតារាចម្រៀងខ្មែរដូចជា ម៉ម ឡូរ៉ា និង Nikki Nikki។

លើសពីនេះទៅទៀត ពេល តារាចម្រៀងល្បីជនជាតិអង់គ្លេស Jessie J មកច្រៀងនៅស្រុកខ្មែរ លោក និង ក្រុមអង្គរក្សរបស់លោកក៏មានមុខរូបលោកជាអង្គរក្សការពារដិតដល់ដែរដែលមានអ្នកគាំទ្រទៅទស្សនាចំនួន ៣ ពាន់នាក់នៅកោះពេជ្រ។ លោកការពារតារាល្បីៗមួនទៀតជាអាទិ តារាភាពយន្តថៃ Jirayu Tangsrisuk , អតីតតារាបាល់ទាត់ល្បីៗ Ryan Giggs មកទស្សនកិច្ចក្នុងនាមទូតសុច្ឆន្ទៈរបស់កម្មវិធី Tiger Street Football, Ruud van Nistelrooy ពេលមកបង្ហាញពាន UEFA Champions League, និង តារាចម្រៀង Charlie Puth។

ការចេះក្បាច់គុនដូចជា ជីជិតស៊ូ , Kickboxing, Jeet Kune Do, និង Philipino Kali បានធ្វើឲ្យរូបលោកក្លាយជាអង្គរក្សមានមុខមាត់មួយរូបទាំងនៅស្កុតឡែន និង នៅកម្ពុជា។ ម្យ៉ាងទៀត លោកក៏បានបង្ហាត់ក្បាច់គុនទាំងនេះតាំងពីឆ្នាំ ១៩៩៦ មក។

គ្រូបង្វឹកដែលមករស់នៅកម្ពុជារយៈពេល ៧ ឆ្នាំ និងបង្ហាត់គុនចម្រុះដល់កូនសិស្សជិត១០០នាក់រូបនេះបញ្ជាក់ថា ៖«ការការពារតារាល្បី ឬ អ្នកមានឈ្មោះសំឡេង ពិតជាសំខាន់ណាស់ វាមិនធ្ងន់ធ្ងរ ប៉ុន្តែត្រូវម៉ឺងម៉ាត់ ជាពិសេសត្រូវរៀបចំឲ្យមានរបៀបរៀបរយ ទាំងអ្នកគាំទ្រ ឬ មនុស្សនៅជុំវិញខ្លួន»។

បច្ចុប្បន្ននេះលោកមានតំណែងជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនការពារសន្តិសុខអន្តរជាតិ (ISS) ប្រចាំនៅកម្ពុជានិង បានឆ្លៀតពេលទៅបង្ហាត់ក្បាច់គុនចម្រុះ (MMA) ដល់កីឡាករកម្ពុជាមួយចំនួននៅក្លិប Phnom Penh MMA។ ក្រុមហ៊ុនរបស់លោកមានអង្គរក្សការពារសុទ្ធតែបរទេសប្រមាណ ១០០០ នាក់ ពោលមានខ្មែរ-អាមេរិក តែ១ រូបគត់។ សព្វថ្ងៃនេះ ISS មានស្នាក់ការនៅភ្នំពេញ មានសាខានៅសៀមរាប បាត់ដំបង និង ក្រចេះ ហើយគ្រោងនឹងពង្រីកទៅខេត្តកំពតនាពេលឆាប់ៗខាងមុខ។ ISS ជាក្រុមហ៊ុនការពារសន្តិសុខអន្តរជាតិដំបូងនៅកម្ពុជាដែលមានបុគ្គលិកបម្រើការងារ ស្ថានទូត អឺផាតមិន និង នៅតាមបណ្ដារោងចក្រសហគ្រាសជាដើម៕
អត្ថបទ៖ ស៊ីធី