អ្នកលេងគុនចម្រុះ ចាន់ រតនា ត្រូវបានអ្នកជំនាញ និង កីឡាករជាច្រើននាក់ចាត់ទុកជាកីឡាករគុនចម្រុះកំពូលម្នាក់របស់កម្ពុជាតាមរយៈការផ្ដួលកីឡាករឥណ្ឌូណេស៊ី Rudy Agustian ឲ្យចុះចាញ់នៅទឹកទី២នាពេលថ្មីៗនេះនៅសង្វៀន ONE: FOR HONOR នាប្រទេសឥណ្ឌូណេស៊ី? គេជាកីឡាករល្បីឈ្មោះប្រចាំនៅសង្វៀន ONE តំណាងឲ្យកម្ពុជាតាំងពីឆ្នាំ ២០១៤ មក។ តើការប្រើប្រាស់សម្លៀកបំពាក់ប្រចាំថ្ងៃ ប្រេនៗ កម្រិតណាទៅសម្រាប់កីឡាករកំពូលប្រចាំប្រទេសមួយនេះ?

ឆ្លើយតបទៅនឹងសំណួរការប្រើប្រាស់សម្លៀកបំពាក់ ឬ សម្ភារកីឡាប្រចាំថ្ងៃ កីឡាករ និង ជាគ្រូបង្វឹកវ័យ ៣៣ ឆ្នាំរូបនេះបង្ហើបថា៖ «ខ្ញុំអត់មានប្រកាន់ប្រេនណាមួយក្នុងការស្លៀកពាក់ទេបង ខ្ញុំស្លៀកពាក់ធម្មតា ព្រោះមិនមានក្រុមហ៊ុនណាគេឧបត្ថម្ភសម្លៀកស្លៀកដល់ខ្ញុំផ្ដាច់មុខប្រចាំថ្ងៃផងប្រចាំថ្ងៃផង។ ប៉ុន្តែ រាល់ថ្ងៃខ្ញុំមានបងម្នាក់ម្ចាស់ហាងឈ្មោះ ណារិទ្ធ លក់សម្ភារ TrecTeam នៅម្ដុំចតុមុខ។ គាត់ឧបត្ថម្ភ សម្ភារហ្វឹកហាត់ ដូចជាសម្លៀកបំពាក់ ឧបករណ៍មួយចំនួន និង Protein ជាប្រចាំដល់រូបខ្ញុំ ដោយជួយផ្គត់ផ្គង់រយៈពេល ៣ ឆ្នាំមកហើយ។ ខ្ញុំអត់មានចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ ប៉ុន្តែពេលណាអស់ ខ្ញុំប្រាប់គាត់ផ្ទាល់មាត់ គាត់នឹងផ្ដល់ជូនដល់ខ្ញុំ»។

កីឡាករដែលឡើងប្រកួតលើសង្វៀន ONE Championship បានចំនួន ៨ ដងរូបនេះបញ្ជាក់ទៀតថា ការឧបត្ថម្ភ ប្រូតេអីន (Protein) ពិតជាសំខាន់ខ្លាំងណាស់ក្នុងអាជីពជាកីឡាករ។ ប្រេតេអីន ជួយរក្សាកម្លាំងថាមពល និង ធ្វើឲ្យរាងកាយរឹងមាំជាដើម។ ក្រៅពីនោះ ចាន់ រតនា ក៏ស្ថិតក្នុងចំណោមកីឡាករ MMA ផ្សេងទៀតដែលទទួលបានសម្លៀកបំពាក់ពេលចេញទៅប្រកួតម្ដងៗ ដោយ រចនា និង ឧបត្ថម្ភដោយលោក រេមីហ៊ូ។ ជាក់ស្ដែងស្ថិតក្នុងសម្លៀកបំពាក់ខោ-អាវធំក្នុងសន្និសីទកាសែតមុនទៅប្រកួតនៅប្រទេស ឥណ្ឌូណេស៊ីកាលដើមខែ ឧសភា នេះ គឺទទួលការឧបត្ថម្ភពីលោក រេមីហ៊ូ។

ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» ជាកីឡាករកម្ពុជាមួយរូបដែលជោគជ័យនៅសង្វៀន ONE Championship ក្នុងចំណោមអ្នកលេងគុនចម្រុះទាំងឡាយតាំងពីឆ្នាំ ២០១៤ មក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកូនប្រុសរបស់លោក ចាន់ ប៊ុនធឿន ឈ្នះពីរលើកជាប់គ្នានៅសង្វៀនពិភពលោក ONE នេះ ដែលទទួលបានការគាំទ្រកាត់តែខ្លាំងឡើងទូទាំងប្រទេស។ កីឡាករអាយុ ៣៣ ឆ្នាំ ឈ្នះកីឡាករឥណ្ឌូណេស៊ីពីររូប Abrou Fernandes កាលខែ ធ្នូ ចុងឆ្នាំ ២០១៨ និង ឈ្នះ Rudy Agustian កាលថ្ងៃទី ៣ ខែ ឧសភា នៅឥណ្ឌូណេស៊ី។

ក្រោយទទួលជ័យជម្នះនៅឥណ្ឌូណេស៊ី អ្នកលេងគុនចម្រុះនៅកម្ពុជារូបនេះប្រាថ្នាចង់ជួបកីឡាករគុនចម្រុះជនជាតិចិន Ma Hao Bin ដែលរូបគេធ្លាប់ចាញ់ពិន្ទុកាលឆ្នាំ ២០១៦ ទាំងមិនអស់ចិត្ត បើសិនអ្នករៀបចំការប្រកួតនៅ ONE មិនទាន់រកគូប្រកួតឲ្យបាន។ ប៉ុន្តែបើសិនមានការផ្គូផ្គងនាពេលខាងមុខ អ្នកលេងគុនខ្មែររូបនេះថាមិនខ្លាចរអាអ្នកណាឡើយ ពោលឲ្យតែត្រូវគីឡូ ៦១,៥ ដូចគ្នា៕