កីឡាករ Keisuke Honda របស់ជប៉ុនបានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹប A-League Melbourne Victory នៅលីកកំពូលអូស្រ្តាលីក្រោយពីការប្រកួតជាមួយក្រុម Sanfrecce Hiroshima នៅថ្ងៃពុធនេះ។អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាវ័យ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបអូស្ត្រាលីនៅខែសីហាឆ្នាំ ២០១៨ ស្របពេលដែលរូបគាត់បានចុះហត្ថលេខាមកដឹកនាំ ក្រុមជម្រើសជាតិកម្ពុជាខណៈដែលអតីកីឡាករក្រុម AC.Milan រូបនេះ ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន១៧ ប្រកួតក្នុងក្របខ័ណ្ឌ A-League ។

ក្រុម Melbourne Victory នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ AFC Champions League រដូវកាលនេះជាមួយក្រុម Sanfrecce មកពីលីកកំពូលជប៉ុន J.League នៅឧទ្យាន AAMI ក្នុងក្រុង Melbourne ដែល Honda នឹងមានឱកាសបង្ហាញខ្លួនជាលើកចុងក្រោយដើម្បីលាអ្នកគាំទ្រ។ក្រុម Melbourne បានធ្លាក់ចេញពីការប្រកួត ACL ដោយទទួលបានត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះពីការប្រកួតក្នុងពូលទាំង ៥ដង របស់ពួកគេខណៈ Sanfrecce បានឈានចូលដល់វគ្គ១៦ក្រុមចុងក្រោយ ជាមួយជ័យជំនះ បួនដងក្នុងចំណោម ៥ ប្រកួត។

អតីតខ្សែប្រយុទ្ធក្រុមព្រះអាទិត្យជប៉ុន Honda បានប្រាប់បណ្តាញសារពត៌មានមុនការប្រកួតថាៈខ្ញុំមានមោទនភាពដែលបានក្លាយជាកីឡាករបាល់ទាត់ Victory Melbourne ហើយខ្ញុំមានសេចក្តីរីករាយដែលមានឱកាសលេងនៅប្រទេសអូស្ត្រាលី។ ខ្ញុំចាកចេញពីឥឡូវនេះសម្រាប់បញ្ហាប្រឈមបន្ទាប់របស់ខ្ញុំប៉ុន្តែខ្ញុំមិនដែលភ្លេចពេលវេលាជ័យជំនះជាមួយក្លឹបទេ។ Honda បាននិយាយថា “ខ្ញុំសូមជូនពរឱ្យក្លឹបជួបសំណាងល្អនាពេលអនាគត ។

ទោះជាយ៉ាងណាតួនាទីគ្រូបង្វឹកពេញម៉ោងជាមួយក្រុមជម្រើសជាតិកម្ពុជាគឺហាក់នៅតែមិនទាន់ច្បាស់លាស់ក្រោយពី Honda បានលើកឡើងថា ចង់បន្តអាជីពរបស់គាត់យ៉ាងហោចណាស់សម្រាប់១រដូវកាលបន្ទាប់ទៀត។ Honda ដែលបានចូលមកដឹកនាំនិងមានការគាំទ្រពីគ្រូបង្វឹកអាហ្សង់ទីនលោក Felix Dalams បានជួយក្រុមគោព្រៃកម្ពុជាប្រកួតមិត្តភាពកន្លងមក និងរួមទាំងការប្រកួត AFF Suzuki Cup ២០១៨ កាលពីខែធ្នូផងដែរ។