ឡុង សុភី ​ដែល​គេ​​​ស្គាល់​​ច្បាស់​រយៈ​ក្បាច់​ជង្គង់​ និង​ក្បាច់​​កែង​​ដ៏​មាន​ប្រសិទ្ធភាព​នោះ​​ជា​កីឡាករ​ដំបូង​​​គេ​​​តំណាង​​កម្ពុជា​ឡើង​ប្រកួត​នៅ​​​សង្វៀន​ ONE: CHAMPIONS AND WORRORS ​ ​កាល​ខែ ​​កញ្ញា​ ឆ្នាំ​ ២០១៣​ នៅ​ក្រុង​ ហ្សាកាតា​ ​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាករ​គុន​ខ្មែរ​​ដែល​ធ្លាប់​ប្រកួត​នៅ​ Thai Fight ​បាន​ម្ដង​រូប​នេះ​បាន​ថ្លែង​ថា ៖«​​​​ខ្ញុំ​បាន​មើល​ការ​រៀប​ចំ​របស់​ ONE អស្ចារ្យ​ណាស់​ និង​ការ​ស្វាគមន៍​មុន​ឡើង​រេញ​​​ដ៏​រំភើប​​ ​ហើយ​កាល​នោះ​មាន​តែ​ខ្ញុំ​ទេ​ដែល​ប្រកួត​​ដំបូង​គេ​ក្នុង​នាម​កីឡាករ​កម្ពុជា។ ​ប៉ុន្តែ​​​គ្រា​នោះ​​​ខ្ញុំ​អត់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើ​ក្បាច់​ដែល​យើង​​ធ្លាប់​វ៉ៃ​​គុន​ខ្មែរ​ ទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី Max Metino សោះ​។

​​​​ខ្ញុំ​ប្រើ​ជំហរ​ MMA ​ដែល​គេ​ចាប់​ខ្ញុំ​ឃ្លេ​​បាន​ហើយ​អាជ្ញា​កណ្ដាល​រាប់​បញ្ឈប់​ខ្ញុំ​តែ​ម្ដង​ ទាំង​ខ្ញុំ​មិន​ទាន់​បាន​គោះ​ដៃ​​ចុះ​ចាញ់​សោះ។ ​ពេល​នោះ​ខ្ញុំ​ក៏​​ អត់​សូវ​យល់​ដែរ​នៅ​​គាត់​បញ្ឈប់​ត្រឹម​ទឹក​​ទី​២»។ បើ​រំលឹក​​​ពេល​នោះ​ ​នៅ​ទឹក​ទី១​ ​ឡុង សុភី​​​​​​ត្រូវ​បាន​​កីឡាករ​គុន​ចម្រុះ​​​ឥណ្ឌូណេស៊ី​ Max Metino ​​​ប្រើ​​បុក​ចូល​​ឱប​​ដោយ​សារ​រូប​គេ​​ពូកែ​ខាង​​គុន​ចម្រុះ។​

Max Metino ​បាន​ព្យាយាម​ចូល​​កៀក​ និង​បោក​ ចាប់​ឃ្លេ​២​ដង​ ប៉ុន្តែ​​ សុភី ​​​រើ​រួច​ឃ្លេ និង​ ​ប្រឹង​​​វ៉ៃ​​ពី​លើ​វិញ ​​ហើយ ​ត្រូវ​ជាប់​ឃ្លេ​ម្ដង​ទៀត​​រហូត​ដល់​ចប់​ទឹក​ទី១។ ​ចូល​ដល់​ទឹក​ទី២​ ​សុភី ​ព្យាយាម​​កុំ​ឲ្យ Max ​ចូល​កៀក​ តែ​មិន​​អាច​ទប់​បាន​រហូត​ដល់​កីឡាករ​ម្ចាស់​ផ្ទះ​ចូល​ចាប់​ឃ្លេ​បាន​ដដែល។ ​Max ​ចូល​កៀក​ និង​ នៅ​ពី​​លើ​​ដោយ​​ប្រើ​កំភួន​ដៃ​អុក​ ​​​​សុភី ​រហូត ​ខណៈ​​ដែល​​ដៃ​ និង​ ​ជើង​ម្ខាង​​គាប​​ឃ្លេ​​​ទាល់​តែ​អាជ្ញា​កណ្ដាល​បញ្ចប់​ការ​ប្រកួត​ត្រឹម​ចុង​ទឹក​ទី២​​តែ​ម្ដង។​