គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជូនកីឡាការិនីចំបាប់ចំនួន៥នាក់ និងកីឡាករកាយសម្ព័ន្ធ១នាក់ ឲ្យចេញទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីត្រៀមប្រមាញ់រកមេដាយ នៅក្នុងការប្រកួតស៊ីហ្គេម នៅហ្វីលីពីន នាចុងឆ្នាំ២០១៩ និងការពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកម៉ោង៦:៣០ ថ្ងៃអង្គារនេះថា៖ «តាមផែនការត្រៀមស៊ីហ្គេម ២០១៩ និងជាការបណ្តុះបណ្តាលជំនាញថ្នាលរបស់យើង ឆ្ពោះទៅស៊ីហ្គេម ២០២៣ គឺនេះជាជំហ៊ានដំបូង ដែលយើងទទួលបានជំនួយទាំងស្រុងពីលោក Tang Gordon ដែលជាអនុប្រធានទី១ NOCC ក្នុងការបញ្ជូនកីឡាការិនីចំបាប់៥រូប និងកីឡាករកាយសម្ព័ន្ធ១រូប ទៅហ្វឹកហាត់រយៈពេល៦ខែ នៅទីក្រុងក្វាងចូវ»។

បើតាមគម្រោងគម្រោង គឺអត្តពលិកចំបាប់ និងកាយសម្ព័ន្ធទាំង៦នាក់ នឹងធ្វើការហ្វឹកហាត់នៅប្រទេសចិន រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ហើយបន្ទាប់មកពួកគេ អាចនឹងចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន តែម្តង ខណៈការហ្វឹកហាត់៦ខែនេះ ត្រូវបានលោក វ៉ាត់ ចំរើន ចាត់ទុកថា ជាអាទិភាពទី១ ក្នុងការស្វែងរកមេដាយ នៅក្នុងការប្រកួតស៊ីហ្គេម។

លោក ចំរើន បានបន្ថែមថា៖«នេះជាការខិតខំប្រឹងប្រែង១របស់ NOCC ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ហើយក៏បានការណែនាំរបស់លោក Tang Gordon ដែលតែងតែគិតគូទៅដល់ការហ្វឹកហាត់ជាចម្បង ព្រោះការហ្វឹកហាត់ ជាអាទិភាពទី១ ក្នុងការស្វែងរកជោគជ័យ នៅក្នុងការប្រកួតកីឡា ហើយយើងទៅនេះ ដើម្បីសាកសួរសុខទុកដល់ថ្នាក់ដឹកនាំ និងផ្តាំផ្ញើខាងគ្រូបង្វឹកនៅចិន ដើម្បីឲ្យគាត់ជួយថែរក្សា ជួយមើលអត្តពលិករបស់យើង និងជួយជំរុញពួកគេឲ្យដល់គោលដៅនៃកម្រិតបច្ចេកទេស ឆ្ពោះទៅរកមេដាយ នៅក្នុងតំបន់»៕