ក្រុមអាស៊ីអឺរ៉ុប បានវាយបកទៅលើក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ (ទ័ព) យ៉ាងពុះកញ្ជ្រោលបំផុត ប៉ុន្តែពួកគេ នៅតែមិនទទួលបានលទ្ធផល ដែលខ្លួនចង់បាន នៅក្នុងការប្រកួតកាត់សេចក្តីជើងទី២ វគ្គ១៦ក្រុមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ចំណែក ខេត្តរតនគិរី បានក្លាយជាក្រុមមកពីខេត្តតែមួយគត់ ដែលអាចស៊ុតបញ្ជូលទី តាមស្មើក្រុមលេងនៅលីកកំពូលកម្ពុជា គឺ សូលទីឡូអង្គរ មុនពេលពួកគេធ្លាក់ចេញពីព្រឹត្តិការណ៍នេះ។

បើទោះបីជាការប្រកួតនៅកីឡដ្ឋានស្តាតចាស់ កាលពីយប់ម្សិលមិញនោះ រ៉ឺង ប៊ុនហៀង បានស៊ុតបញ្ជូលទីជួយក្រុមទ័ព មាននាំមុខ ១-០ តាំងពីនាទីទី៣៥ បន្ថែមទៅលើការឈ្នះ ៣-១ ក្នុងការប្រកួតជើងទី១ ប៉ុន្តែក្រុមលោក សុក វាសនា បានព្យាយាមវាយសម្រុកមកលើក្រុមទ័ព យ៉ាងខ្លាំង ហើយពួកគេរកបាន២គ្រាប់ ដើម្បីនាំមុខ ២-១ វិញនៅនាទីទីបន្ថែម៩០+៥។

លទ្ធផលនេះបានធ្វើឲ្យក្រុមទ័ព មានការភ័យព្រួយយ៉ាងខ្លាំង និងព្យាយាមចុះមកបិទស្ទើរតែទាំងអស់ ព្រោះបើសិនជាអាស៊ីអឺរ៉ុប រកបានតែ១គ្រាប់ គឺក្រុមទាំង២ នឹងមានគ្រាប់បាល់ស្មើគ្នា ៤-៤ សម្រាប់ការប្រកួតទាំង២ជើង ដែលនឹងត្រូវបន្ថែមនាទី១៥នាទី២ដង ដើម្បីសម្រេចរកក្រុមឈ្នះ ត្រូវឡើងទៅវគ្គបន្ត។ ប៉ុន្តែនៅក្នុងពេលសេសសល់ត្រឹម២នាទី ក្រុមទ័ព បែរជាអាចវាយបករកបាន២គ្រាប់វិញ ដែលរកបានដោយ រ៉ឹង ប៊ុនហៀង ទាំង២គ្រាប់(គ្រាប់ចុងក្រោយស៊ុតបាល់ពិន័យ) ហើយជ័យជម្នះបានជួយឲ្យ ក្រុមទ័ព ឡើងទៅកាន់វគ្គ៨ក្រុម ជាស្ថាពរ។

ចំណែកក្រុមម្ចាស់ផ្ទះ ខេត្តរតនៈគិរី បានបង្ហាញការលេងអស់ពីចិត្ត ក្នុងរកគ្រាប់បាល់ប្រដេញគ្នាជាមួយក្រុមសូលទីឡូអង្គរ ទៅវិញទៅមក ដោយក្នុងនោះកីឡាករ សម្បត្តិ បញ្ញា រកបាន២គ្រាប់តែម្នាក់ឯង ហើយ គង់ ឆវ័ន្ត ជាអ្នករកបានគ្រាប់បាល់ចុងក្រោយ នៅនាទីទី៩០ បន្ថែមទៅលើគ្រាប់បាល់របស់ ចាន់ វិផល និង ចាន់ សំណាង ដើម្បីបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើ ៥-៥ ជាមួយ សូលទីឡូអង្គរ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះ ក្រុមសូលទីឡូអង្គរ បានដាក់កីឡាករវ័យក្មេង ស្ថិតក្នុងជម្រើសទី២ ចូលលេងភាគច្រើន ព្រោះការឈ្នះក្រុមខេត្តរតនគិរី រហូតដល់ ១០-១ កាលជើងទី១ គឺវាគ្រប់គ្រាន់ សម្រាប់ពួកគេ ឡើងទៅវគ្គ៨ក្រុមទៅហើយ ហេតុនេះជាយុទ្ធសាស្រ្ត ក្រុមនេះ ត្រូវតែទុកជម្រើសដំបូង ឬកីឡាករល្អៗ សម្រាប់ត្រៀមការប្រកួតលីកកំពូលកម្ពុជា នៅចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ បានរកឃើញក្រុមចំនួន៦ហើយ ដែលបានឆ្លងផុតវគ្គ១៦ក្រុម ដើម្បីឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្នុងនោះមានក្រុមបឹងកេត ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង ក្រុមអង្គរថាយហ្គឺរ ព្រមទាំងក្រុមទ័ព និងសូលទីឡូអង្គរ ដែលទើបានបញ្ចប់ការប្រកួតជើងទី២ វគ្គ១៦ក្រុម ជាមួយលទ្ធផលឈ្នះ កាលពីម្សិលមិញនោះ៕