ក្រុមបាល់ទាត់គ្មានទីពឹងរបស់កម្ពុជា បានបរាជ័យយ៉ាងជូរចត់ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ Wales (វែលស៍) ក្នុងការប្រកួតបញ្ចប់តាមពូល នៃពានរង្វាន់បាល់ទាត់ពិភពលោកជនគ្មានទីពឹង ឆ្នាំ២០១៩ (Homeless World Cup 2019) ដែលកំពុងដំណើរការនៅចក្រភពអង់គ្លេស។
សម្រាប់ការប្រកួតជម្រុះលើកទី៥ចុងក្រោយ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមកម្ពុជា ដែលគ្រប់គ្រងដោយអង្គការបាល់ទាត់រីករាយកម្ពុជាអូស្រ្តាលី (HFCA) មិនអាចធ្វើអ្វីទៅលើក្រុមធ្លាប់ឈ្នះជើងឯកច្រើនសម័យកាល វែលស៍ បាននោះទេ គឺពួកគេបានចាញ់រហូតដល់ ៧-១។
លទ្ធផលនេះបានធ្វើឲ្យការប្រកួតទាំង៥លើករបស់កម្ពុជា បានបញ្ចប់ជាមួយលទ្ធផលឈ្នះ២ និងចាញ់៣ប្រកួត ដោយក្នុងនោះ ក្រុមកម្ពុជា បានឈ្នះក្រុមអូស្រ្តាលី ៤-០ នៅថ្ងៃបើកឆាក កាលពីថ្ងៃសៅរ៍ ប៉ុន្តែពួកគេបានចាញ់ក្រុមស្វីស ៧-៤ និងចាញ់ក្រុមម៉ិចស៊ីកូ ៦-០ កាលពីថ្ងៃអាទិត្យ។
ចំណែក២ប្រកួត ដែលត្រូវបានធ្វើឡើង កាលពីព្រឹក និងយប់ថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមកម្ពុជា បានយកឈ្នះក្រុមដាណឺម៉ាក់ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ បន្ទាប់ពីក្រុមទាំង២ បានស្មើគ្នា ៣-៣ ក្នុងការប្រកួតពេញម៉ោង ប៉ុន្តែចុងក្រោយ កម្ពុជា បានចាញ់ក្រុមវែលស៍ ៧-១។
ជាមួយការឈ្នះ២ និងចាញ់៣ប្រកួត ក្នុងការប្រកួតជម្រុះតាមពូលនេះ គឺក្រុមបាល់ទាត់កម្ពុជា នឹងមានការបែងចែកគូប្រកួតម្ដងទៀត ដែលនឹងត្រូវធ្វើនៅថ្ងៃអង្គារនេះ ដើម្បីធ្វើការប្រកួតជាបន្តទៀត ខណៈព្រឹត្តិការណ៍នេះ គេកំណត់ឲ្យលេងជាលល្ខណៈហ្វុតសាលក្នុងប្រអប់ ដោយក្រុមម្ខាងៗ មានកីឡាករ៤នាក់ដូចគ្នា ហើយពេលវេលនៃការប្រកួតមួយលើកៗ មាន១៤នាទី ដោយចែកជា២តង់ គឺ១តង់ មាន៧នាទី៕
ក្រុមកម្ពុជា ចាញ់ម្ចាស់ផ្ទះ Wales ចាស់ដៃ ក្នុងវគ្គជម្រុះបញ្ចប់ពូលនៃពានរង្វាន់ Homeless World Cup
អត្ថបទទាក់ទង