ជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យ សុខ រិទ្ធ ថានៅស្រុកថៃគេតឹងរ៉ឹងណាស់រឿងកីឡាករឡើងប្រកួត បើហ៊ានយកលុយគេហើយធ្វើចាញ់ ពេលប្រកួតដឹងតែខូចអាជីពខ្លួនឯង ហើយជាប់គុកទៀតផង។
សុខ រិទ្ធ និង សុខ ធី
សុខ រិទ្ធ និយាយក្នុង Video Live របស់ផេកឯកជនមួយកាលពីយប់មិញនេះថា នៅឯប្រទេសថៃ គឺគេធ្វើតឹងរ៉ឹងណាស់ចំពោះកីឡាករស៊ីលុយគេ ឬអាចនិយាយថាយកលុយគេហើយធ្វើចាញ់ពេលប្រកួត ច្បាប់ថ្មីរបស់គេប្រសិនបើមន្ត្រីសហព័ន្ធរកឃើញគឺចាប់ដាក់គុកហើយ។
ជើងខ្លាំងទម្ងន់ ៥១គីឡូក្រាមខាងលើនេះបានឲ្យដឹងទៀតថា ចំពោះខ្លួន និងកីឡាករផ្សេងៗទៀតដែលកំពុងហាត់នៅក្លឹបប្រទេសថៃ គឺមិនដែលមានករណីខាងលើនេះទេព្រោះការដែលលក់ខ្លួន លក់ការប្រកួតបែបនេះដូចធ្វើឲ្យខូចអាជីព ឬបញ្ចប់អាជីពខ្លួនឯង។
សុខ រិទ្ធ នៅឯប្រទេសថៃ
សុខ រិទ្ធ ជាអ្នកប្រដាល់ដែលទៅហ្វឹកហាត់នៅឯប្រទេសថៃ តាំងពីតូចៗមកម្ល៉េះ បច្ចុប្បន្ននេះគេក៏ជាសិស្សគុនរបស់លោក សាន់ សៅយ៉ាន់ ក្នុងខេត្តបន្ទាយមានជ័យផងដែរ។ ថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ អ្នកប្រដាល់រូបនេះនឹងត្រូវប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀន PNN៕