វី ស្រីខួច ដែលគេស្គាល់តាមរយៈការប្រកួតជាច្រើននៅលើសង្វៀនប្រដាល់សេរី ជាពិសេសការបង្ហាញខ្លួននៅសង្វៀន ONE នាឆ្នាំកន្លងទៅ។ បច្ចុប្បន្ននេះ ស្រីខួច ជាកីឡាការិនីប្រដាល់សកលជម្រើសជាតិដ៏លេចធ្លោម្នាក់ និង ត្រៀមខ្លួនដើម្បីប្រកួតនៅស៊ីហ្គេមចុងឆ្នាំ ២០១៩ នេះនៅហ្វីលីពីនតំណាងឲ្យកម្ពុជា។ មានរឿងរ៉ាវ និង ការតស៊ូជាច្រើនរហូតដល់មានភាពលេចធ្លោក្នុងពិភពកីឡាប្រដាល់នៅកម្ពុជា។

វី ស្រីខួច ជម្នះលើការទិតៀន៖

វី ស្រីខួច ត្រូវបានស្ត្រីជាច្រើនក្នុងសង្គម ឬ អ្នកមានវ័យស្របាលគ្នារិះគន់ថាខ្លួនជាស្រី បែរជាទៅហាត់ក្បាច់គុនទាត់ធាក់ ព្រោះក្បាច់គុនសម្រាប់បុរសៗ។ ស្រីខួច ចូលហាត់ប្រដាល់តាំងពីអាយុ ១៦ ឆ្នាំ ជាមួយបងប្រុស វី សាវុធ នៅក្លិបឥន្ទ្រីកីឡា ដែលបង្វឹកដោយលោកគ្រូ ដួង បូរី នៅមិនឆ្ងាយពីផ្ទះប៉ុន្មាននាក្រុង តាខ្មៅ ខណៈដែល ខ្លួនកំពុងធ្វើការរោងចក្រនៅឡើយដោយសារជីវភាពគ្រួសារខ្សត់ខ្សោយ។ ស្រីខួច ធំដឹងក្ដីក្នុងការដ្ឋានសំណង់ ព្រោះឳពុកម្ដាយធ្វើការសំណង់នៅ ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ អំឡុងឆ្នាំ ២០០០ ដែលនេះជាហេតុធ្វើឲ្យខ្លួនមិនអាចបន្តការសិក្សាបានវែងឆ្ងាយដូចក្មេងស្រីដទៃ។ ដំបូងឡើយ ស្រីខួច ចូលហាត់លេងៗដើម្បីសុខភាពប៉ុន្តែ ទីបំផុតប្រដាល់បានរុញច្រានជីវិតឲ្យល្អប្រសើរ។ ស្រីខួច ក៏មិនសូវសប្បាយចិត្តចំពោះពាក្យរិះគន់ខាងលើដោយថ្លែងថា ៖«ខ្ញុំត្រូវគេនិយាយដាក់ថា ម៉េចបានទៅហាត់ប្រដាល់បើយើងជាស្រី? ប៉ុន្តែខ្ញុំទទួលបានការសរសើរវិញ ពេលខ្ញុំឡើងប្រកួតបានគ្រាន់បើនិង មានឈ្មោះបោះសំឡេងរហូតជាប់ជម្រើសជាតិ។ ខ្ញុំសប្បាយចិត្តមិនស្ដាយក្រោយទេពេលនេះ»។

ទោះជាឳពុកម្ដាយមិនមានខ្សែជាអ្នកប្រដាល់ ប៉ុន្តែ មានបងប្រុសបង្កើត វី សាវុធ ជាអ្នកត្រួសត្រាយផ្លូវ ដែលនាំឲ្យកីឡាការិនីវ័យ២៤ឆ្នាំរូបនេះឈានដល់ចំណុចកំពូល។ ក្នុងចំណោម បងប្អូនបង្កើតចំនួន ៧ នាក់ មាន៤នាក់ហើយដែលបានចូលខ្លួនក្នុងពិភពកីឡាប្រដាល់។ បងប្អូន ៤ នាក់ដែលហាត់ប្រដាល់មាន វី សាវុធ, វី ស្រីខួច, ប្អូនប្រុស វី សុភ័ស, និង វី ស្រីស្រស់។ វី សាវុធ លាឈប់ពីប្រដាល់ទៅប្រកបរបររកស៊ី ដូចនឹងប្អូនប្រុស វី សុភ័សដែរ ប៉ុន្តែ ស្រីខួច និង ស្រីស្រស់ នៅដើរក្នុងវិថីប្រដាល់ដដែល។ ស្រីស្រស់ កីឡាការិនី ថ្នាលជំនាន់ក្រោយ ហើយអាចនឹងធ្វើបានល្អនាថ្ងៃអនាគត។

ឈ្នះពាននៅបាយ័ន និង ខ្សែក្រវាត់៖

ការតស៊ូរបស់ ស្រីខួច មិនរួញរា រហូតដល់ឈ្នះពាននៅស្ថានីយទូរទស្សន៍បាយ័នក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម កាលឆ្នាំ២០១៣ ដែលមានបេក្ខភាពចំនួន៤ នាក់។ ក្នុងការប្រកួតវិលជុំដើម្បីដណ្ដើមពាននេះ បន្ទាប់ពីឈ្នះកីឡាការិនី អេ យ៉ានុត ដោយពិន្ទុ។ ដោយសារតែភាពលេចធ្លោ វី ស្រីខួច ទទួលបានសេចក្ដីពីទុកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅបារាំងដោយអញ្ជើញទៅប្រកួតនៅប្រទេសបារាំងនាឆ្នាំ ២០១៥។ កាលនោះមានកីឡាកររួមដំណើរ ដូចជាសេន ប៊ុនថែន រឿង សោភ័ណ្ឌ, និង វង្ស ណយ។ នេះជាសមិទ្ធផលមួយមិនអាចបំភ្លេចបាន ពេលឈ្នះខ្សែក្រវាត់នៅប្រទេសបារាំង បន្ទាប់ពីឈ្នះកីឡាការិនីម្ចាស់ផ្ទះ។ ពេលត្រឡប់មកស្រុកខ្មែរ វិញ លោក អៀង សារុន ដែល ស្រីខួច តែងតែហៅថា «មេ» ហើយ បម្រើការនៅអង្គភាពកងអង្គរក្សនោះបានប្រគល់ជូនម៉ូតូស្កុពីថ្មីសន្លាង មួយគ្រឿង សម្រាប់ការលើកទឹកចិត្ត និង ការសន្យាកន្លងមក។ ហើយលោក អៀង សារុន ក៏បន្តជួយ ស្រីខួច និង គ្រួសាររហូតដល់បច្ចុប្បន្ននេះ។ នេះជារឿងរ៉ាវដែលមិនអាចបំភ្លេចបានសម្រាប់លទ្ធផលតស៊ូច្រើនឆ្នាំកន្លងមកនេះ។ រហូតដល់បច្ចុប្បន្នក៏នៅទទួលការអាណិតស្រលាញ់ពីមេរបស់ខ្លួនដដែល និង ផ្ដល់ការរាប់អានយ៉ាងស្មោះស្ម័គ្រ។

ការបង្ហាញខ្លួនលើឆាកអន្តរជាតិ ONE៖

ក្នុងស្រុក ស្រីខួច ពិតជាលំបាករកដៃគូប្រកួតណាស់។ យ៉ាងណាក្ដីគេត្រូវបានសង្វៀន ONE អញ្ជើញទៅប្រកួតតាំងពីឆ្នាំ ២០១៥ មកចំនួន ៣ លើក និងទៅប្រកួតនៅប្រទេសថៃចំនួន ១លើក។ នេះការតស៊ូ មិនអាចកាត់ថ្លៃបានដែលអាចទាក់ភ្នែកពីស្ថាប័នរៀបចំការប្រកួតលំដាប់ពិភពលោក។ ដ្បិតមួយរយៈចុងក្រោយនេះ មិនសូវទទួលបានការអញ្ជើញទៅក្រៅប្រទេស ប៉ុន្តែ ប្អូនស្រី វី សាវុធ បានខិតខំយ៉ាងខ្លាំងដើម្បីទាញចំណាប់អារម្មណ៍ឡើងវិញ។ យ៉ាងណាក្ដី គេខិតខំប្រឹងប្រែងដើម្បីប្រកួតនៅស៊ីហ្គេមចុងឆ្នាំនេះតំណាងឲ្យជាតិក្នុងវិញ្ញាសាប្រដាល់សកល។ ស្រីខួច នឹងចេញទៅហ្វឹកហាត់នៅជប៉ុន ចាប់ពីថ្ងៃទី ១ កញ្ញា តទៅ រហូតដល់ការប្រកួតស៊ីហ្គេម ចាប់ផ្ដើមនាខែ វិច្ឆិកា៕ អត្ថបទ៖ ស៊ីធី