កីឡាករ​ សុខ​ រិទ្ធ​ បញ្ជាក់​ពី​សមត្ថភាព​ដៃគូ​របស់​ខ្លួន​ ដែល​ត្រូវ​ប៉ះ​គ្នា​ថ្ងៃ​អាទិត្យ​នេះ​ថា​ ពូកែ​កណ្ដាប់​ដៃ​ ប៉ុន្តែ​មិន​អី​ទេ​ព្រោះ​ចូលចិត្ត​អ្នក​លេង​ដៃ​បែប​នេះ​ដែរ។

អ្នក​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ PNN​ សប្ដាហ៍​នេះ​គឺ​ត្រៀម​ខ្លួន​បាន​២​សប្ដាហ៍​ដែរ។​ និយាយ​ពី​ហ្វឹកហាត់​នេះ​គឺ​ហាត់​ធម្មតា​ដូច​រាល់ដង​ ហើយ​និង​បាន​ការ​ជួយ​កាន់​ស៊ីប​ពី​ សុខ​ ធី​ ផង​ដែរ។​ ឥលូវ​នេះ​កំពុង​ធ្វើ​គីឡូ​ឲ្យ​ចុះ​ ព្រោះ​នៅ​លើស​បន្តិចបន្តួច។​

បើ​និយាយ​ពី​កីឡាករ​ថៃ​ Prakaifah​ ដែល​ជា​ដៃគូ​វិញ​ សុខ​ រិទ្ធ​ មើល​ឃើញ​គេ​ជា​អ្នក​ប្រដាល់​ល្អ​មួយ​រូប​ កណ្ដាប់​ដៃ​ធ្ងន់​ ចំណែក​ស្នៀត​ជង្គង់​ កែង​ ទាត់​មិន​សូវ​ជា​ប៉ុន្មាន​នោះ​ឡើយ​ ប៉ុន្តែ​យ៉ាង​ណា​ខ្លួន​ក៏​មិន​មើល​ងាយ​ ឬ​ប្រមាថ​នោះ​ដែរ។​ បើ​ទោះ​ជា​ដៃគូ​ល្អ​យ៉ាង​ក៏​ដោយ​ សុខ​ រិទ្ធ​ នឹង​ប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​ ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​ ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​រូប​នេះ ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ដែល​តែងតែ​ស្រឡាញ់​ និង​ចូលចិត្ត​មើល​ការ​ប្រកួត​របស់​ខ្លួន។​

រំលឹក​ដែរ​ថា​ សុខ​ រិទ្ធ​ នឹង​ត្រូវ​ឡើង​ប្រកួត​មិត្តភាព​ជា​មួយ​កីឡាករ​ថៃ​ Prakaifah​ លើ​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​ នៅ​សង្វៀន​ PNN​ នា​ថ្ងៃ​អាទិត្យ​ ទី៣​ ខែ​សីហា​ ឆ្នាំ​២០១៩​នេះ។​ ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ​ក៏​ជា​ការ​ប្រកួត​ទី១សម្រាប់​រូប​គេ​ផង​ដែរ ​បន្ទាប់​ពី​ឈប់​ប្រកួត​អស់​រយៈពេល​ជាង​១ឆ្នាំ​កន្លង​មក ​ដោយ​សារ​តែ​រង​ភាព​អយុត្តិធម៌​អំឡុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២ជា​មួយ​ ហ៊ឹម​ សេរី​ ដែល​ជា​កូនសិស្សលោកគ្រូ​ មាស សុខគ្រី មក​ម្ល៉េះ៕​