កីឡាករមានបទពិសោធន៍នៅសង្វៀនគុនចម្រុះថ្នាក់ជាតិ និង អន្តរជាតិ ONE Championship ខុន ស៊ីចាន់ បានបង្ហើបអំពីមហិច្ឆតារបស់ខ្លួនទៅថ្ងៃអនាគត ថាចង់បើកក្លិបបង្ហាត់គុនចម្រុះមួយដោយខ្លួនឯងនៅឯស្រុកកំណើតក្នុងករណីដែលសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ស្ថាប័នពាក់ព័ន្ធមានការរៀបព្រឹត្តិការណ៍គុនចម្រុះជាប្រចាំនៅក្នុងស្រុក។ ខុន ស៊ីចាន់ ដែលចាប់ផ្ដើមឡើងសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៣ បានគូសបញ្ជាក់បែបនេះ៖ «ខ្ញុំស្រលាញ់ខាងក្បាច់គុនតាំងពីដើមមក… យើងចោលវាមិនកើត។ ហើយបើមានគេប្រកួតគុនចម្រុះក្នុងស្រុកដូចគុនខ្មែរផុលផុស ខ្ញុំមានបំណងបើកក្លិបគុនចម្រុះខ្លួនឯងមួយមើលលទ្ធភាពជាក់ស្ដែង»។

ម្ចាស់ខ្សែក្រវាត់ Khmer Warriors Challenge វគ្គទី១នៅឆ្នាំ ២០១៣ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមបានរៀបរាប់ទៀតថា គោលដៅរបស់គេចង់បើកក្លិបខ្លួនឯងតែម្ដង ប៉ុន្តែបើសិនបើអាចកៀរគរកដៃគូបានដើម្បីបង្កើតក្លិបរឹតតែប្រសើរ និង រៀបចំកាន់តែល្អជាក់ជាមិនខាន។ បែបណាក៏ដោយនេះគ្រាន់ជាគិតទុកទៅថ្ងៃមុខប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន បុរសវ័យ ៣១ ឆ្នាំរូបនេះនៅចង់ឡើងប្រកួតបន្តទៀត ព្រោះនៅជាប់កិច្ចសន្យាជាមួយ ONE នៅឡើយ។ អតីតកូនសិស្សរបស់លោក ឡោ វុទ្ធី កំពុងហ្វឹកហាត់នៅទីកំណើតរបស់ខ្លួនឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស៊ីចាន់ មិនត្រឹមហ្វឹកហាត់ខ្លួនឯងទេ ប៉ុន្តែថែមទាំងបង្វឹកក្មេងៗនៅស្រុកកំណើតដែលស្រលាញ់គុនខ្មែរមួយចំនួនទៀតផង។

ពេលមុនឡើងទៅប្រកួតនៅសង្វៀន ONE ស៊ីចាន់ នឹងឡើងមកហាត់ជាមួយ គ្រូបង្វឹក Alan Mccune នៃក្លិប Phnom Penh MMA ។ បច្ចុប្បន្ន អ្នកលេងគុនចម្រុះដដែលរង់ចាំគ្រូបង្វឹក Alan ជាសះស្បើយពីជំងឺទឹកចូលសួតសិន ទើបចាប់ផ្ដើមហ្វឹកហាត់គុនចម្រុះឡើងវិញដើម្បីត្រៀមចេញទៅប្រកួត។ ស៊ីចាន់ សង្កត់ធ្ងន់ថា៖ «ជំងឺរបស់គ្រូខ្ញុំ Alan គាត់ជិតជាហើយ។ ពេលគាត់ [Alan] ជាសះស្បើយ ១០០% ខ្ញុំនឹងឡើងមកហាត់ជាមួយគាត់នៅភ្នំពេញ ដើម្បីខ្លួនឲ្យកាន់តែល្អឡើង និង ត្រៀមប្រកួតនៅក្រៅប្រទេសបន្តទៀត»។

អ្នកលេងគុនខ្មែរ និង គុនចម្រុះមកពីស្រុកអន្លង់វែង នឹងខំប្រឹងឲ្យកាន់តែល្អជាងមុន បន្ទាប់ពីធ្វេសប្រហែសចាញ់ Rudy Agustian ត្រឹមទឹកទី១ ដោយក្បាច់ឃ្លេ នាប្រកួតចុងក្រោយនៅសង្វៀន ONE Championship កាលខែ កុម្ភៈ នៅប្រទេសសិង្ហបុរី។

ខុន ស៊ីចាន់ បានផ្ដើមអាជីពហ្វឹកហាត់ប្រដាល់គុនខ្មែរនៅ កងពលធំអន្តរាគមន៍ខេត្តព្រះវិហារ ដែលគ្រូបង្វឹក លោក ឡោ វុទ្ធី ត្រូវជាបងប្រុសរបស់អតីតកីឡាករគុនខ្មែរល្បីឈ្មោះ ឡោ សំណាង។ ក្រោយមកទៀត រូបគេបានចូលខ្លួនប្រមូលផ្ដុំហ្វឹកហាត់ក្បាច់គុនចម្រុះប្រកួតជើងឯក Khmer Warriors Challenge ពេលរៀបចំឡើងដោយ ស៊ីធីអិន និង MyTV នៅឆ្នាំ ២០១៣។ គ្រានោះជាពេលដែលរូបគេបានរៀនក្បាច់គុនជាច្រើនរួមមាន គុនចម្រុះ យូដូ តេក្វាន់ដូ ចំបាប់ និង គុនខ្មែរជាដើម។

ស៊ីចាន់ ឈ្នះខ្សែក្រវាត់ Khmer Warriors Challenge ជាលើកដំបូងក្នុងព្រឹត្តិការណ៍មិនធ្លាប់មាន និងជាឆ្នាំដំបូងក្នុងព្រឹត្តិការណ៍គុនចម្រុះនៅកម្ពុជាដែលរៀបចំផ្ដួចផ្ដើមដោយសពលោក ម៉ា សេរី។ កីឡាករពោរពេញដោយបទពិសោធន៍មកពីក្លិប Phnom Penh MMA រូបនេះ ឡើងប្រកួតចម្រុះចំនួន ៦ ដងក្នុងនោះ ឈ្នះ ៣ ដង និង ចាញ់ ៣ ដង៕

អត្ថបទ៖ ស៊ីធី